ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរន្ត​ទីផ្សារ​អចលនទ្រព្យ ជា​ពិសេស​ខុន​ដូ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៤​នេះ​អាច​នឹង​កម្រើក​ឡើង ខណៈ​ដែល​ស្ថានភាព​នៅ​ថៃ និង​វៀតណាម ហាក់​មាន​ចលនា​កម្រើក​ឡើង​ដែរ​នេះ គឺជា​បច្ច័យ​មួយ​ដែល​នឹង​អាច​រុញ​ចរន្ត​ទីផ្សារ​នៅ​កម្ពុជា​អោយ​កម្រើក​ឡើង​ផង​ដែរ ។ នៅ​កម្ពុជា កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ​ស្ថិតិ​ហាក់​មិន​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា…

ចរន្ត​ទីផ្សារ​អចលនទ្រព្យ ជា​ពិសេស​ខុន​ដូ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៤​នេះ​អាច​នឹង​កម្រើក​ឡើង ខណៈ​ដែល​ស្ថានភាព​នៅ​ថៃ និង​វៀតណាម ហាក់​មាន​ចលនា​កម្រើក​ឡើង​ដែរ​នេះ គឺជា​បច្ច័យ​មួយ​ដែល​នឹង​អាច​រុញ​ចរន្ត​ទីផ្សារ​នៅ​កម្ពុជា​អោយ​កម្រើក​ឡើង​ផង​ដែរ ។ នៅ​កម្ពុជា កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ​ស្ថិតិ​ហាក់​មិន​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា មាន​គម្រោង​ខុន​ដូ​ថ្មី​ដែល​នឹង​ដាក់​ចូល​ទីផ្សារ​មាន​ប្រមាណ​ជា​៨០០០​យូ​នី​ត នៅ​ក្នុង​សញ្ញា​នៃ​កំណើន​ប្រមាណ​ជា​ជិត​១៣​ភាគរយ ។

របាយការណ៍​ទស្សនវិស័យ​ម៉ាក្រូសេដ្ឋកិច្ច និង​ធនាគារ​ឆ្នាំ​២០២៣ និង​ទស្សនវិស័យ​ឆ្នាំ​២០២៤ ដែល​ចេញផ្សាយ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​បាន​កត់​សម្គាល់ថា ទីផ្សារ​អចលនទ្រព្យ​នឹង​រីក​ចម្រើន​នៅ​ឆ្នាំ​នេះ ទោះបី​ខុន​ដូ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅ​តែ​ខ្សោយ​ក៏​ដោយ​ចុះ ។ របាយការណ៍​នេះ​ផ្តល់​នូវ​ការ​វិភាគ​នូវ​និន្នាការ​ដែល​ជះ​ឥទ្ធិពល​លើ​វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ​ពេញ​មួយ ឆ្នាំ​២០២៣ ដោយ​ផ្អែក​លើ​ទិន្នន័យ​ឥណទាន ។

តាម​សេចក្តីរាយការណ៍​នៅ​លើ​ទំព័រ​សារព័ត៌​មាននៅ​ក្នុងស្រុក​ក៏​បាន​បង្ហើប​ថា វិស័យ​សំណង់ ក្នុង​ឆ្នាំ​២០២៣ បាន​កើនឡើង​ក្នុង​ល្បឿន​យឺត តែ​នៅ​តែ​កើនឡើង ។ វិស័យ​សំណង​ត្រូវ​បាន​សារព័ត៌មាន​ធ្វើ​សេចក្តីរាយការណ៍​ថា កើន​ជាង ១,១​ភាគរយ បើ​ធៀប​នឹង​០,៥ ភាគរយ កាលពី​ឆ្នាំ​មុន ។ រីឯ​ការ​នាំ​ចូល​សម្ភារៈ​សំណង់​បាន​កើនឡើង​៤,៧ ភាគរយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​កំណើន​វិជ្ជមាន​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​កាលនោះ ការ​នាំ​ចូល​បាន​ថយ​ចុះ​ប្រមាណ​ជា​២៥,៦ ភាគរយ ។ នេះ គឺជា​ស្ថានភាព​ត្រួស​ៗ​នៅ​កម្ពុជា ប៉ុន្តែ​នៅ​ជិតខាង​កម្ពុជា​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​ដូច​ជា ថៃ និង​វៀតណាម ក៏​មាន​ស្ថានភាព​វិជ្ជមាន​ផង​ដែរ ។

យោង​ទៅ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន the Nation បាន​ឲ្យ​ដឹង​ថា ជនបរទេស​បាន​ចំណាយ​ប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​ជះ​ចូល​ទីផ្សារ​ខុន​ដូ​នៅ​ថៃ ហើយ​ការ​ចំណាយ​នេះ គឺ​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​ដល់​ទៅ​២៣,៥​ភាគរយ ។ មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ​របស់​ធនាគារ​លំនៅ​ដ្ឋា​ន​រដ្ឋាភិបាល​ថៃ បាន​រាយការណ៍​ថា ខុន​ដូ​សរុប​ចំនួន​១៤.៤៤៩ យូ​នី​ត​ដែល​មាន​តម្លៃ​សរុប​ជាង ២​ពាន់​លាន​ដុល្លារ ត្រូវ​បាន​ក្រុមហ៊ុន​អភិ​វ​ឌ្ឈ​ន៍​ផ្ទេរ​ទៅ​ឱ្យ​ជនបរទេស​ក្នុង​ឆ្នាំ​២0២៣ ។

ជនបរទេស​ដែល​បាន​ទិញ​ខុន​ដូ​នៅ​ថៃ​ច្រើន​ជាងគេ ក្នុង​ឆ្នាំ​២០២៣ គឺ​ចិន​ចំនួន ៦.៦១៤ យូ​នី​ត ជនជាតិ​រុ​ស្ស៊ី​ចំនួន​១.២៦០​យូ​នី​ត អា​មេ​រិ​ក​ចំនួន​៦៣១​យូ​នី​ត មី​យ៉ា​ន់​ម៉ា​ចំនួន​៥៦៤​យូ​នី​ត តៃវ៉ាន់​ចំនួន​៥៣២​យូ​នី​ត អង់គ្លេស​ចំនួន ៤៨៦​នាក់​យូ​នី​ត ក្រៅពី​នោះ​នៅ​មានបារាំង អា​ល្លឺ​ម៉​ង់ អូស្ត្រាលី ជប៉ុន​ជាដើម ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព នៅ​ក្នុង​ឆ្នាំ​២០២៤ លោក វិ​ឆ័​យ វិ​រ៉ា​តា​កា​ផា​ន់ (Wichai Viratakaphan) នាយក​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ​របស់​ធនាគារ លំនៅ​ដ្ឋា​ន​រដ្ឋាភិបាល​ថៃ បាន​និយាយ​ថា ទីផ្សារ​អចលនទ្រព្យ​ថៃ​ក្នុង​ឆ្នាំ​២០២៤ នៅ​តែ​បង្ហាញ​ពី​និន្នាការ​ឆ្ពោះទៅ​រក​ការ​ងើបឡើង​វិញ ចំ​ពេល​មាន​កត្តា​ហានិភ័យ​ជា​ច្រើន រួម​ទាំង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ការ​កើនឡើង​ថ្លៃដើម​រស់នៅ និង​បំណុល​គ្រួសារ ។ សម្រាប់​វៀតណាម​ឯណោះ​វិញ ទោះបីជា​ស្ថានភាព​នៃ​វិច័យ​អចលនទ្រព្យ​នៅ​វិលវល់​ក៏​មាន​សេចក្តីរាយការណ៍​ថា ស្ថានភាព​នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ​ក៏​ប្រសើ​ផង​ដែរ​ទោះបីជា​ស្ថានភាព​ខុន​ដូ​នៅ​វៀតណាម​ធ្លាក់​ចុះ កាលពី​ឆ្នាំ​២០២៣​ខ្លាំង​ក៏​ដោយ ។

លោក ឃ្វៀន ហាវ អាន នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន CBRE វៀតណាម បាន​រំពឹង​ថា ស្ថានភាព​ខុន​ដូ​នៅ​ក្នុង​ប្រទេស​វៀតណាម នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ រំពឹង​ថា នឹង​មាន​ស្ថិរភាព ជា​ពិសេស គឺ​នៅ​ទីក្រុង​ហាណូយ និង​ហូ​ជី​មិ​ញ រីឯ​តម្លៃ​ក៏​នឹង​កើនឡើង ។

កាលពី​ឆ្នាំ​២០២៣ វិស័យ​អចលនទ្រព្យ​វៀត​ណា ម​ជួប​សភាព​ធ្លាក់​ចុះ​ខ្លាំង ដោយនៅ​ទីក្រុង​ហាណូយ មាន​ខុន​ដូ​ប្រមាណ​ជា ជិត​១០.៣០០ គម្រោង​ថយ​ចុះ​៣២​ភាគរយ និង​មាន​ដីធ្លី​ចំនួន ២.៦០០ យូ​នី​ត ថយ​ចុះ ៨៤​ភាគរយ ។ នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ឯណោះ​វិញ ខុន​ដូ​មាន​ជិត ៨.៧០០ ថយ​ចុះ ៥៤ ភាគរយ ខណៈ​ដែល​ដីធ្លី​គឺ​មាន​តែ​៣០​យូ​នី​ត​ទេ​ធ្លាក់​ចុះ​ដល់​ទៅ​៩៨ ភាគរយ​ឯណោះ ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ