ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងសុរាគឺជារឿងដែលក្ដៅបំផុតមួយនៅក្នុងសង្គម ប៉ុន្តែដល់ពេលសួរថា តើសង្គមអាចបិទបានឬអត់វា គឺជារឿងមួយ ។ សំណួរនេះវាពិតជាសំណួរមួយដែលពិបាកនឹងផ្តល់ចម្លើយណាស់ខណៈដែលសុរានេះត្រូវបានគេដឹងថា វា គឺជាផលិតផលអបាយមុខដែលចាប់កំណើតមកតាំងពីយូរលង់ណាស់មកហើយ ។ មកដល់ពេលនេះ យើងដឹងថា…

រឿងសុរាគឺជារឿងដែលក្ដៅបំផុតមួយនៅក្នុងសង្គម ប៉ុន្តែដល់ពេលសួរថា តើសង្គមអាចបិទបានឬអត់វា គឺជារឿងមួយ ។ សំណួរនេះវាពិតជាសំណួរមួយដែលពិបាកនឹងផ្តល់ចម្លើយណាស់ខណៈដែលសុរានេះត្រូវបានគេដឹងថា វា គឺជាផលិតផលអបាយមុខដែលចាប់កំណើតមកតាំងពីយូរលង់ណាស់មកហើយ ។

មកដល់ពេលនេះ យើងដឹងថា សុរាដែលមានតាំងពីពពួកស្រាបៀរាប់សិបប្រភេទដែល កំពុងតែផលិតនៅក្នុងស្រុក និងនាំចូលស្រា ដែលនាំចូល និងបិតឬក៏ចម្រាញ់នៅក្នុងប្រទេសរាប់សិបមុខរហូតដល់គេល្បីថាកម្ពុជា គឺជាប្រទេសដែលមានពលរដ្ឋទទួលទានស្រាដ៏ច្រើនបំផុតមួយនៅក្នុងសង្គម។ 

តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថាកាលពីឆ្នាំ២០២៣ កន្លង ទៅនេះ ការនាំចូលស្រាបៀ និងស្រាមកកម្ពុជាគឺមានការធ្លាក់ចុះជិត១៦ភាគរយ ដោយនៅឆ្នាំ២០២៣ កម្ពុជានាំចូលស្រាបៀ និងស្រាតែ២២,០៣លានដុល្លារ ខណៈដែលនៅឆ្នាំ២០២២ គឺ២៦,១៧ លានដុល្លារ ។

ឃើញស្ថិតិនេះតិចគិតថាជារឿងដែលប្រសើរសម្រាប់កម្ពុជាដែលមកដល់ពេលនេះរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់នៅលើបញ្ហានៃការប្រើប្រាស់គ្រឿងស្រវឹងនេះដោយរួមទាំងការពង្រឹង និងជំរុញការត្រួតពិនិត្យគ្រឿងស្រវឹងនៅក្នុងការបើកបរនិងការពង្រឹងក៏ដូចជាលើកកម្ពស់យន្តការនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាដើម។ផ្អែកតាមស្ថិតិនិងវិធានការដែលបានដាក់ចេញវាមិនមានទំនាក់ទំនងនឹងការធ្លាក់ចុះនៃការនាំចូលស្រានិងស្រាបៀ កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២២នោះទេ ដោយសារតែវិធានការនានាគឺដាក់ចេញនៅក្នុងឆ្នាំ២០២៤ប៉ុណ្ណោះ ។ ការដែលថយចុះនេះ ទំនងជាដោយសារតែកម្ពុជាបានបង្កើនការផលិតនៅក្នុងស្រុក។

ជាក់ស្តែងស្រាបៀល្បីៗមួយចំនួនដែលនាំចូលពីមុនៗមក គឺនៅពេលនេះ គឺសុទ្ធតែមានផលិតនៅតាមរោងចក្រស្រាបៀនៅក្នុងប្រទេសយើងអស់ហើយ។ ផលិតផលស្រាបៀ និងស្រាទាំងនេះ គឺមួយភាគធំ គឺប្រើប្រាស់នៅក្នុងស្រុកប៉ុន្តែមួយភាគក៏អាចនឹងនាំចេញដែរគ្រាន់តែបរិមាណនៃការនាំចេញប្រហែលជាមិនច្រើនប៉ុន្មានឡើយ។

ពាក់ព័ន្ធនឹងប្រវត្តិនៃការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាមកដល់ពេលនេះយើងនៅមិនទាន់ដឹងថាតើពលរដ្ឋកម្ពុជាយើងចេះចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹងនេះ តាំងពីពេលណាមកនោះទេ ប៉ុន្តែគ្រាន់តែដឹងថា នៅសម័យកាលមួយ គឺកម្ពុជាយើងអាចផ្តាច់សុរាបានទូទាំងប្រទេសប៉ុណ្ណោះ។ សម័យកាលដែលពលរដ្ឋកម្ពុជាអាចផ្តាច់ស្រាបានគឺជាសម័យកាលដែលពលរដ្ឋគ្មានសិទ្ធិ សូម្បីតែសិទ្ធិរស់រានមានជីវិត គឺសម័យកម្ពុជាប្រជាធិបតេយ្យនិយាយឱ្យចំទៅគឺសម័យ ប៉ុលពតនេះឯង ។ សម័យកាលនោះ គឺត្រូវបានគេជឿជាក់ថាគ្មានអ្នកស្រវឹងខួប គ្មានការផឹកស៊ីចុងសប្តាហ៍ឡើយគ្រប់គ្នាមានតែចបនិងបង្គី កាន់ម៉ែលដាក់បាយសម្ល និងស្លាបព្រា ប៉ុណ្ណោះ ។

តាមប្រវត្តិសាស្ត្រពិភពលោកសុរាត្រូវបានគេសន្និដ្ឋានថា ផលិតដំបូងតាំងពីអំឡុងឆ្នាំ៦០០០មុនគ្រិស្ករាជឯណោះ ហើយមកដល់ពេលនេះ មានរបប និងសម័យកាលតិចណាស់ ដែលសង្គមមនុស្សអាចផ្តាច់សុរាចេញពីជីវភាពរស់នៅបាន។ ប្រវត្តិសាស្ត្ររបស់មនុស្សជាតិ គឺជាប់នឹងសុរានេះតាំងពីសម័យបុរេប្រវត្តិមកឯណោះដូច្នេះ វាពិបាកណាស់នៅក្នុងការផ្តាច់ស្រា ឬគ្រឿងស្រវឹងចេញពីសកម្មភាពសង្គមរបស់មនុស្សជាតិ។ មកដល់ពេលនេះមានសាសនាធំៗ គឺតែងតែហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងដូចជា ព្រះពុទ្ធសាសនាជាដើម ហើយសម្រាប់មូស្លីម គឺកាន់តែតឹងរឹងមែនទែនប៉ុន្តែទោះបីជាយ៉ាងណាក៏នៅបណ្តាប្រទេសដែលអនុវត្តច្បាប់សាសនាតឹងរឹងក៏នៅតែមានអ្នកលបលួចប្រើប្រាស់ ទោះជាការប្រើប្រាស់ត្រូវមានទោសឧក្រិ.ដ្ឋក៏ដោយចុះ ។

ពាក់ព័ន្ធនឹងសុរានេះក្រុមអង្គការសង្គមស៊ីវិលចំនួនជាង២០ បានចេញសេចក្តីថ្លែងការណ៍ រួមមួយដោយបានជំរុញឱ្យរាជរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ។ បណ្តាអង្គការសង្គមស៊ីវិលទាំងនេះបានមើលឃើញថាការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា នៅឆ្នាំ២០២៤គឺខ្លាំងដោយពលរដ្ឋម្នាក់អាចប្រើប្រាស់សុរាកើនដល់២៨,៣៨លីត្រស្របពេលដែលនៅលើពិភពលោក សុរាអាចបង្កឱ្យមនុស្សស្លា.ប់ដល់ទៅ៣លាននាក់ នៅលើពិភពលោករៀងរាល់ឆ្នាំ ពោល គឺ១០វិនាទីមានមនុស្សស្លា.ប់ម្នាក់ដោយសារតែសុរា។ បណ្តុំអង្គការសង្គមស៊ីវិលទាំងនេះបានបន្តទៀតថា ការប្រើប្រាស់សុរានេះគឺជាប្រភពនៃជំងឺ២០០មុខដូចជា ជំងឺថ្លើម ទឹកនោមផ្អែម មហារីក សម្ពាធឈាមដាច់សរសជាដើម ។

ទាំងនេះ គឺជាហានិភ័យនៃការប្រើប្រាស់សុរាដែលមិនអាចប្រកែកបានប៉ុន្តែប្រសិនបើនិយាយអំពីខ្សែសង្វាក់សេដ្ឋកិច្ចវិញ ករណីដូចជា នៅកម្ពុជាយើងដំណើរការផលិតនិង ប្រើប្រាស់ស្រាបៀ គឺជាខ្សែសង្វាក់ផលិតកម្ម និងប្រើប្រាស់ដ៏វែងអន្លាយហើយក្រៅពីរឿងអបាយមុខ វា គឺជាប្រភពនៃការងារ ប្រភពនៃប្រាក់ចំណូល និងជាប្រភពនៃមុខរបរដែលមានតម្លៃមហាសាល។ ដោយរោងចក្រផ្តល់ការងារធ្វើរាប់សិបពាន់នាក់ ហើយវាក៏ផ្តល់មុខរបរចិញ្ចឹមពលរដ្ឋដែលមានអាជីវកម្មនឹងផលិតផលទាំងនេះរាប់ម៉ឺននាក់ទាំងខ្នាតតូច និងមធ្យម។

សរុបមកវិញរឿងសុរានេះយើងជឿជាក់ថា វាពិតជាពិបាកនឹងផ្តាច់ចេញពីសង្គមណាស់ប៉ុន្តែដោយសារតែផលប៉ះពាល់យើងគួរតែពង្រឹងយន្តការអប់រំ និងលើកកម្ពស់ការប្រើ ប្រាស់វាឱ្យមានសុវត្ថិភាព ឬការប្រើប្រាស់វាប្រកបដោយការទទួលខុសត្រូវ។ សុរាទាំង នេះ គឺជាផលិតផលទេ វាមិនដឹងខ្យល់អ្វីនោះទេប៉ុន្តែសំខាន់មនុស្សដែលជាអ្នកប្រើប្រាស់ ដែលគប្បីមានការទទួលខុសត្រូវ ៕ ដោយៈហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ