រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន សហការជាមួយសាលាបង្រៀនភ្លេងសូស្រណោះ កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០១១ បានរៀបចំកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ដើម្បីស្វែងរកមូលនិធិជួយដល់ជនរងគ្រោះជប៉ុន ដែលបង្កឡើងដោយការរញ្ជួយដី និងរលកយក្សស៊ូណាមី កាលពីពេលថ្មីៗនេះ។
ការប្រគំតន្រ្តីសប្បុរសធម៌បានរៀបចំនៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។ លោកសូ ស្រណោះ នាយកសាលាតន្រ្តីសូស្រណោះ និងជាគ្រូបង្ហាត់បង្រៀនឧបករណ៍តន្រ្តី និងចម្រៀងសម្រាប់កម្មវិធីនេះ បាននិយាយថា ការប្រគំតន្រ្តីសប្បុរសធម៌នេះ ធ្វើឡើងក្នុងគោលបំណងស្វះស្វែងរកមូលនិធិជួយដល់ជនរងគ្រោះដោយការរញ្ជួយដី និងរលកយក្សស៊ូណាមីនៅប្រទេសជប៉ុន។
លោកបញ្ជាក់ថា ថ្វីដ្បិតតែព្រឹត្តិការណ៍ដ៏រន្ធត់ដែលកើតមាននៅប្រទេសជប៉ុនបានកន្លងផុតទៅអស់រយៈពេល៣ខែ តែវាបានស្ថិតនៅក្នុងអារម្មណ៍យើងទាំងអស់គ្នាដោយគ្មានថ្ងៃបំភ្លេចបានឡើយ។ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានធ្វើការឆ្លើយតបទៅនឹងស្ថានការណ៍ដ៏អាក្រក់នេះតាមគ្រប់រូបភាព ដើម្បីបង្ហាញនូវមនោសញ្ចេតនា និងក្តីអាណិតអាសូរដល់ជនរងគ្រោះទាំងអស់នោះ។ ដោយឡែកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បាននិងកំពុងរៀបចំកម្មវិធីជាបន្តបន្ទាប់រួចមកហើយដែរ ដូចជាការបិទផ្សាយព័ត៌មានពីការរញ្ជួយដី និងរលកយក្សស៊ូណាមីភ្លាមៗ ការផ្ញើសាររំលែកទុក្ខដល់ប្រជាជនជប៉ុន ការនិមន្តព្រះសង្ឃបង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងការបង្កើតមូលនិធិមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាដើម។ លោកបន្ថែមថា ការប្រគំតន្រ្តីនាពេលនោះ គឺប្រមូលផ្តុំដោយសិល្បករ និងតន្រ្តីករវ័យក្មេងចម្រុះជាតិសាសន៍ ដែលពួកគេបានទទួលការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញពីសាលាសូស្រណោះផងដែរ ។
គួរបញ្ជាក់ថា ការប្រគំតន្រ្តីសប្បុរសធម៌នាឱកាសនោះ ក៏ទទួលបានការចាប់អារម្មណ៍ និងចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ តាមរយៈនៃការប្រគំតន្រ្តីនោះ សប្បុរសជនជាច្រើនក៏បានចូលរួមផ្តល់ជាសម្ភារថវិកាផងដែរ សម្រាប់ជួយដល់ជនរងគ្រោះនៅប្រទេសជប៉ុន៕
ចែករំលែកព័តមាននេះ