នៅក្នុងចំណោមពូជស្រូវដែលត្រូវប៉ាន់សម្រាប់ការនាំចេញមានច្រើន ប៉ុន្តែសម្រាប់ពូជស្រូវថ្មី គឺ«ចំប៉ីស៧០» ដែលក្រសួងបានឃោសនា និងលើកទឹកចិត្តខ្លាំង គឺមិននៅក្នុងបញ្ជីនៅឡើយ ស្របពេលដែលការនាំចេញអង្ករនៅខែមករា មានទឹកប្រាក់ដល់ទៅ៣២,៦២ លានដុល្លារ ។…
នៅក្នុងចំណោមពូជស្រូវដែលត្រូវប៉ាន់សម្រាប់ការនាំចេញមានច្រើន ប៉ុន្តែសម្រាប់ពូជស្រូវថ្មី គឺ«ចំប៉ីស៧០» ដែលក្រសួងបានឃោសនា និងលើកទឹកចិត្តខ្លាំង គឺមិននៅក្នុងបញ្ជីនៅឡើយ ស្របពេលដែលការនាំចេញអង្ករនៅខែមករា មានទឹកប្រាក់ដល់ទៅ៣២,៦២ លានដុល្លារ ។
«ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ត្រូវបានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់នៅចុងឆ្នាំ២០២២ ហើយក្រសួងកសិកម្មក៏បានលើកទឹកចិត្តឲ្យកសិករបង្កបង្កើនផលគួរសមដែរ តែបច្ចុប្បន្នពូជស្រូវចំប៉ីស៧០ នៅមិនទាន់លេចនៅក្នុងបញ្ជីស្រូវត្រូវប៉ាន់ដែលមានតម្លៃសម្រាប់ការនាំចេញនៅឡើយទេ ។
ពាក់ព័ន្ធនឹងចំណុចនេះ លោកបណ្ឌិត អន ឈួន អនុប្រធានការិយាល័យរុក្ខជម្រើសវិទ្យា បានអោយដឹងថា ក្រោយការបញ្ចេញពូជចំប៉ីស៧០ និងធ្វើស្រែបង្ហាញនៅខេត្តគោលដៅមួយចំនួន ជាពិសេសក្នុងខេត្តតាកែវ កំពត កំពង់ចាម និងខេត្តត្បូងឃ្មុំ ហើយតាមរយៈការធ្វើស្រែបង្ហាញ កសិករពេញចិត្ត និងពូជចំប៉ីស៧០ ។ លោកបណ្ឌិត អន ឈួន បានអោយកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាព ដឹងថា«កសិករដែលប្រើប្រាស់ពូជចំប៉ីស៧០នេះ នៅមិនទាន់បានទូលំទូលាយទេ ដោយសារយើងទើបតែបញ្ចេញ ឥឡូវនេះនៅខាងវិទ្យាស្ថានក៏ដូចជា សហគមន៍ក៏កំពុងតែពង្រីកវិសាលភាពពូជនេះ» ។ លោកបណ្ឌិត អន ឈួន បន្ថែមថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ផលិតពូជ និងចែកអោយប្រជាកសិករនៅតាមសហគមន៍ ហើយសហគមន៍បន្តធ្វើចំណាត់ថ្នាក់បន្តបន្ទាប់ទៀត ។
លោកបណ្ឌិត អន ឈួន បន្តថា ៖«សម្រាប់ខ្ញុំចង់អោយវត្តមានចំប៉ីស៧០ ជាពូជមួយដែលសម្រាប់ការនាំចេញព្រោះអីយើងមើលឃើញពីសក្តានុពុល គុណភាព ។ បើនិយាយទៅពូជទាំង១០ ដែលយើងធ្វើណឹង គឺយើងធ្វើយូរមកហើយ បានន័យថា recommend របស់រដ្ឋាភិបាលដាក់នោះ ។ កាលនោះចំប៉ីស៧០អត់ទាន់បញ្ចេញទេ ដូច្នេះហើយបានវា (ចំប៉ីស៧០) មិនទាន់មាននៅក្នុងបញ្ជី»។
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានចំណាយពេល ៩ឆ្នាំ ក្នុងការធ្វើពិសោធន៍ និងបង្កាត់ពូជស្រូវ «ចំប៉ីស៧០»។ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលអាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា និងអាចមានតម្លៃខ្ពស់លើទីផ្សារជាតិ-អន្ដរជាតិ។ ពូជស្រូវ «ចំប៉ីស៧០» ត្រូវបានប្រសិទ្ធនាមដោយសម្ដេច ហ៊ុន សែន កាលពីចុងឆ្នាំ២០២២ ។ ពូជស្រូវ «ចំប៉ីស៧០»នេះ អាចច្រូតកាត់បានក្នុងរយៈពេលពី ៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ដោយសារតែមានអាយុកាលខ្លី កសិករអាចដាំដុះពូជស្រូវនេះនៅដើមរដូវវស្សា, ក្នុងរដូវវស្សា, ចុងរដូវវស្សា និងលក្ខខណ្ឌប្រាំងស្រោចស្រព។
មកដល់ពេលនេះ តាមតារាងតម្លៃពូជស្រូវដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រកាស ពូជស្រូវដែលកំពុងតែត្រូវប៉ាន់នាំចេញ ហើយមានតម្លៃនោះ គឺរួមមានប្រភពស្រូវសែនក្រអូប ដែលមានដូចជា ពពួកម្លិះ រំដួលជាដើម ក្រៅពីនោះមានស្រូវ អូអឹម ស្រូវអ៊ីអ៊ែ និងស្រូវស្រង៉ែ ហើយតម្លៃស្រូវទាំងនោះ កសិករអាចលក់ចេញបានប្រមាណជាមួយគីឡូក្រាមពី១.១៨០ ទៅ១.៣០០រៀលនៅក្នុងមួយគីឡូក្រាម ។
នៅក្នុងពេលដដែលនោះ សហព័ន្ធក៏បានឲ្យដឹងថា ការនាំចេញអង្ករកម្ពុជាក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាសម្រេចបាន៤៦.២២១ តោន គិតជាទឹកប្រាក់បានចំនួន ៣២,៦២ លានដុល្លារ ហើយស្រូវបានចំនួន៥៨៨.៨១៤ តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង១៨៤ លានដុល្លារ ៕
ចែករំលែកព័តមាននេះ