លោកគ្រូ អ្នកគ្រូ ជាអ្នកផ្តល់ចំណេះដឹង និងជាអ្នកបង្ហាត់បង្រៀនសម្រាប់ការកសាង ធនធានមនុស្សនៅក្នុងសង្គមជាតិ ។ គ្រូបង្រៀន ជាអ្នកដែលបានលះបង់ ដើម្បីផ្តល់ការអប់រំដល់កូនសិស្ស ។…
លោកគ្រូ អ្នកគ្រូ ជាអ្នកផ្តល់ចំណេះដឹង និងជាអ្នកបង្ហាត់បង្រៀនសម្រាប់ការកសាង ធនធានមនុស្សនៅក្នុងសង្គមជាតិ ។ គ្រូបង្រៀន ជាអ្នកដែលបានលះបង់ ដើម្បីផ្តល់ការអប់រំដល់កូនសិស្ស ។
នៅក្នុងសង្គមកម្ពុជា ដែលឆ្លងកាត់សង្គ្រាម ទោះបីប្រាក់បៀវត្សគ្រូបង្រៀនមានកម្រិតក្តី ប៉ុន្តែលោកគ្រូអ្នកគ្រូ បានពលី ដើម្បីបេសកកម្មកសាងធនធានមនុស្សជូនសង្គមជាតិ ។ គេអាចនិយាយថា អាជីពគ្រូបង្រៀន មិនសំដៅដល់ការប្រាក់ជាធំនោះឡើយ ។
ប៉ុន្តែបច្ចុប្បន្ន ពាក្យថា លោកគ្រូ អ្នកគ្រូ ត្រូវគេបានហៅដល់បុគ្គលនានាដែលពួកគាត់ពុំមានអាជីពជាគ្រូបង្រៀននោះឡើយ ។ មានការកត់សម្គាល់ថា អ្នកត្រូវគេហៅថា លោកគ្រូ អ្នកគ្រូ មួយចំនួនមានមុខរបរធ្វើជំនួញសុទ្ធសាធជាមុខរបរដែលពួកគាត់រកផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ នៅពេលគេប្រើប្រាស់ពាក្យថា លោកគ្រូ អ្នកគ្រូ ក្នុងប្រយោជន៍បុគ្គលបែបនេះអាចមានការប៉ះពាល់ដល់តម្លៃគ្រូបង្រៀនពិតប្រាកដ ។
ទំនងជាការគោរព ការស្រឡាញ់ និងការឱ្យតម្លៃទើបគ្រប់គ្នាបានពេញចិត្តនឹងពាក្យថា គ្រូ ។ សម្រាប់ពលរដ្ឋ ជាពិសេសអ្នកនៅតាមទីជនបទឱ្យតែបានជួបអ្នកមានសកម្មភាព ការងារ ជួយសង្គមដូចជា ក្រុមអង្គការសង្គមស៊ីវិល សម្បុរសជនដែលបានជួយសម្រាលទុក្ខលំបាកពួកគាត់ជាថវិកា ជាគំនិត និងជាសម្ភារៈ ឬជាមន្ត្រីរាជការ ដែលបានចុះតាមភូមិពួកគាត់តែងតែហៅអ្នកធ្វើការទាំងនោះថា លោកគ្រូ អ្នកគ្រូ ។
ទោះមានការងារអ្វីក៏ដោយ គេសង្កេតឃើញថា អ្នកត្រូវបានគេហៅលោកគ្រូ អ្នកគ្រូ មានក្តីពេញចិត្តនឹងពាក្យនេះ ។ រហូតមានអ្នកខ្លះទម្លាប់ឱ្យមនុស្សនៅជុំវិញខ្លួន ហៅខ្លួនថា លោកគ្រូ អ្នកគ្រូ តែម្តង ។ គ្មានអ្វីខុសទាស់នឹងការហៅថា លោកគ្រូ អ្នកគ្រូនោះទេ ។ ការនិយមប្រើពាក្យលោកគ្រូ អ្នកគ្រូ នេះក៏ដោយសារគ្រប់គ្នាបានស្គាល់ពីបេសកកម្មដ៏មានតម្លៃរបស់លោកគ្រូ អ្នកគ្រូ ។ ការពេញនិយមក្នុងការប្រើពាក្យថា លោកគ្រូ អ្នកគ្រូ ក៏ជាសញ្ញាបញ្ជាក់ពីតម្លៃគ្រូបង្រៀន នៅក្នុងសង្គមកម្ពុជាដែរ ។
ប៉ុន្តែអ្វីដែលគេគួរឱ្យតម្លៃពិតប្រាកដចំពោះ លោកគ្រូ អ្នកគ្រូនោះ គឺថា នៅពេលត្រូវបានពលរដ្ឋ ឬយុវជនហៅខ្លួនថា លោកគ្រូ អ្នកគ្រូហើយ គេគួរខិតខំធ្វើខ្លួនឱ្យស្រដៀងនឹងបេសកកម្ម របស់លោកគ្រូ អ្នកគ្រូ ។ លោកគ្រូ អ្នកគ្រូ ដែលផ្តល់ចំណេះដឹង ពិតប្រាកដដល់កូនសិស្ស។ លោកគ្រូអ្នកគ្រូ ដែលផ្តល់វិជ្ជាជីវៈដល់កូនសិស្ស គ្មានការរំពឹងទុកពីការតបស្នងសងគុណមកវិញឡើយ ។ លោកគ្រូអ្នកគ្រូ ដែលជាអ្នកបរិច្ឆាគដើម្បីសង្គមដោយមិនបានមើលពីផលប្រយោជន៍បុគ្គលជាធំនោះឡើយ ។
នៅពេលយើងធ្វើជំនួញ ដើម្បីតែសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមខ្លួន គេគួរពិចារណាដល់បេសកកម្មរបស់គ្រូបង្រៀន ។ ការប្រើប្រាស់ឈ្មោះជាលោកគ្រូ អ្នកគ្រូ ហើយធ្វើសកម្មភាពប្រមូលថវិកាពីកូនសិស្ស ឬអ្នកមានចំណេះដឹងតិចជាងខ្លួនតាមរយៈទេពកោសល្យសិល្បៈនៃការធ្វើជំនួញរបស់ខ្លួនមិនមែនជា ការប្រការល្អ និងជាអ្នកមានសីលធម៌ខ្ពស់នោះឡើយ ឬជាបញ្ញវន្តនោះឡើយ ។ បញ្ញវន្ត ឬលោកគ្រូ អ្នកចែករំលែកដោយបេះដូងស្មោះសដល់អ្នកទន់ខ្សោយ មិនមែនឃើញអ្នកទន់ខ្សោយជាទីផ្សារក្នុងការរកលុយឡើយ ។
ការប្រើប្រាស់ឈ្មោះគ្រូបង្រៀន ដើម្បីរកប្រយោជន៍ខ្លួនឯង តិច ឬច្រើនបានធ្វើឱ្យប៉ះពាល់ដល់តម្លៃគ្រូបង្រៀនពិតប្រាកដ ។
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជូន ណាត គ្រូ អ្នកមានចិត្តធ្ងន់អ្នកដែលគួរ គោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗដល់សិស្ស ។ នៅក្នុងសង្គមខ្មែរតាំងពីដើមមកបានឱ្យតម្លៃខ្ពស់ណាស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនកូនចៅប្រជាពលរដ្ឋ ។ គ្រូត្រូវបានចាត់ទុកជាមាតាទី២។ ដោយសារការគោរពឱ្យតម្លៃដល់លោកអ្នកគ្រូ ពលរដ្ឋបាននាំគ្នាពោលពាក្យលើក សរសើរលោកគ្រូ អ្នកគ្រូ ជាច្រើនទៀតដូចជាថា«បើគ្មានលោកគ្រូ អ្នកគ្រូទេ យើងគ្មានថ្ងៃនេះទេ» ជាដើម ។ ដើម្បីជាការតបស្នងសងគុណដល់គ្រូបង្រៀន ដែលបានចូលរួមកសាងធនធានមនុស្ស កម្ពុជាបានប្រារព្ធទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ តុលា ។ ប្រធានបទផ្សេងៗគ្នាត្រូវបានលើកឡើង នៅក្នុងឱកាសទិវាគ្រូបង្រៀនប្រចាំឆ្នាំម្តងៗ ដែលសុទ្ធសឹងមានតម្លៃជាការដឹងគុណរំលឹកគុណដល់ទឹកចិត្តស្មោះសរបស់គ្រូបង្រៀន ។
គ្រូបង្រៀន គឺជាឪពុកម្ដាយទី២ ជាអ្នកសិក្សាស្រាវជ្រាវជាមិត្តភក្តិ ជាមគ្គុទេសក៍ ជាទីប្រឹក្សាដល់យុវជន និងកូនសិស្ស ។ មានការពន្យល់ថា ការដែលសង្គមកម្ពុជា ចាត់ទុកគ្រូបង្រៀនជាឪពុកម្ដាយព្រោះថា គ្រូបង្រៀនបានរក្សាទឹកចិត្តស្រឡាញ់រាប់អានសិស្សប្រៀបដូចជា កូនរបស់ខ្លួនមានក្ដីស្រឡាញ់ មានការអាណិតអាសូរ រក្សាទឹកចិត្តអត់ឱនស្និទ្ធស្នាលក្នុងឋានៈជាឪពុកម្ដាយ ។ ស្រឡាញ់ និងផ្ដល់ចំណេះឲ្យសិស្ស ដោយមិនលម្អៀង ប្រៀបដូចជា ឪពុកម្ដាយផ្ដល់នូវសេចក្ដីស្រឡាញ់ដល់កូនៗដូច្នេះដែរ ។ បន្ថែមពីនេះគ្រូបង្រៀនក៏ជាមិត្តភក្តិដ៏ល្អជាមួយសិស្សផងដែរ នៅក្នុងលំហរ និងកាលខ្លះ ។
ទិវាគ្រូបង្រៀន កាលពីឆ្នាំ២០២៣កន្លងទៅនេះ មានប្រធានបទថា «គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» ។ ក្នុងន័យនេះ សាររបស់ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា វិស័យអប់រំជាសរសរទ្រូងរបស់ប្រទេសជាតិនោះ ហើយថា គ្រូបង្រៀនជាអ្នកដើរតួនាទីសំខាន់ផ្ទាល់ ជាពិសេស ការផ្ទេរចំណេះដឹងទៅសិស្ស ។ គ្រូបង្រៀន ជាធនធានមនុស្សដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែសម្បូរបែប មានចំណេះដឹង និងសមត្ថភាពសម្រាប់បំពេញការងារ និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយសក្តានុពល ។ ដូច្នេះគេគួរខ្មាសអៀនខ្លួនឯង បើតាំងខ្លួនជាលោកគ្រូ អ្នកគ្រូ ហើយបានត្រឹមធ្វើសកម្មភាព ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនរកប្រយោជន៍ឱ្យក្រុមធំជាងប្រយោជ៍សង្គមជាតិនោះដែលសកម្មភាពបែបនេះផ្ទុយពីបេសកកម្មពិតប្រាកដរបស់គ្រូបង្រៀន ៕
ចែករំលែកព័តមាននេះ