ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​​​មហា​​សន្និ​បាត​​លើក​​ទី​៧ ​កម្ពុជា​​​ទទួល​យក​​​វិញ្ញា​បន​បត្រ​​​ទ​ទួល​ស្គាល់​​​ឆ្នេរ​​សមុទ្រ​​កម្ពុជា​ជា​សមា​ជិក​​ពេញ​សិទ្ធិ​​របស់​​ក្លឹប​​​នៅ​​ទី​ក្រុង ​Toubacouta

12 ឆ្នាំ មុន

ដោយ​ទទួល​​​​បាន​ការ​អនុ​ញ្ញាត​​ដ៏ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា លោក​​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ និង​ជា​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍​គណៈ​​កម្ម​ការ​អន្តរ​​ក្រសួង ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​មួយ ដើម្បី​ចូលរួម​​មហា​សន្និ​បាត​លើក​ទី​៧ របស់​ក្លឹបឆ្នេរ​សមុទ្រ​ដែលស្អាត​បំផុត​លើ​សាកល​លោក​

ដោយ​ទទួល​​​​បាន​ការ​អនុ​ញ្ញាត​​ដ៏ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា លោក​​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ និង​ជា​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍​គណៈ​​កម្ម​ការ​អន្តរ​​ក្រសួង ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​មួយ ដើម្បី​ចូលរួម​​មហា​សន្និ​បាត​លើក​ទី​៧ របស់​ក្លឹបឆ្នេរ​សមុទ្រ​ដែលស្អាត​បំផុត​លើ​សាកល​លោក​ និង​ដើម្បី​ទទួល​​វិញ្ញា​បន​បត្រ​​ទទួល​ស្គាល់​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមា​ជិក​ពេញ​សិទ្ធិ​របស់​​ក្លឹប​ ដែល​បាន​​ប្រព្រឹត្ត​​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២២ដល់២៦ ឧសភា ​ឆ្នាំ​២០១១ នៅ​សាធា​រណ​រដ្ឋ​​សេណេ​ហ្កាល់ ។

​មហា​សន្និ​បាត​នេះបាន​ត្រូវ​ប្រកាស​​បើក​ក្រោម​អធិបតី​ភាព​​របស់​លោក Djibo Leity Ka ទេស​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន និង​ការ​ពារ​ធម្ម​ជាតិ​នៃ​សាធា​រណ​រដ្ឋ​សេណេ​ហ្កាល់ ​​ដោយ​មាន​ការ​ចូល​​រួម​ជា​អធិបតី​​របស់​លោក Coumba Ndoffene DIOUF អភិ​បាល​តំបន់ Fatick និង​លោក Jerome BIGNON ប្រធាន​ក្លឹប​​ឆ្នេរ​សមុទ្រ​​ដែល​ស្អាត​បំផុត​​លើ​សាកល​លោក និង​មាន​ការ​ចូល​រួម​ជា​សមា​ជិក​មក​ពី​អភិ​បាល​ខេត្ត​-ក្រុង ​និង​ប្រធាន​តំបន់​មួយ​​​ចំនួន​ដែល​ជា​តំណាង​ឱ្យ​​ឆ្នេរ​ជា​​​សមា​ជិក​ពេញ​សិទ្ធិ ​ក៏ដូច​ជា​ឆ្នេរ​បេក្ខ​​ភាព​ថ្មី​មក​ពី​ប្រទេស​នានា ​ព្រម​ទាំង​តំណាង​​មក​ពី​ក្រសួង​-ស្ថាប័ន ​និង​អាជ្ញា​ធរ​សេណេ​ហ្កាល់ ​តំណាង​​អង្គ​ការ​យូណេ​ស្កូ ​សហ​គមន៍​​អឺរ៉ុប ​ស្ថាន​ទូត​បារាំង អង្គ​ការ​អន្តរ​ជាតិ​នានា ​និង​មន្ត្រី​មូល​ដ្ឋាន​ចំនួន​ប្រមាណ​​២៥០​នាក់។

​មហា​សន្និ​បាត​បាន​ប្រព្រឹត្ត​​ទៅ​ក្រោម​​ប្រធាន​បទ​ស្តីពី «ឆ្នេរ​សមុទ្រ ៖ ​យុទ្ធ​សាស្ត្រ​សម្រប​សម្រួល​បម្រែ​បម្រួល​​អាកាស​ធាតុ និង​​សកម្ម​ភាព​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្នាក់​មូល​ដ្ឋាន» ។ ​មហា​សន្និ​បាត​​បាន​ធ្វើការ​ពិភាក្សា​​យ៉ាង​ល្អិត​ល្អន់​លើ​ប្រធាន​បទ ៖ បញ្ហា​បម្រែ​បម្រួល​​អាកាស​ធាតុ ​និង​ភាព​ងាយ​រង​គ្រោះ​នៅតាម​បណ្តា​កោះ បញ្ហា​បម្រែ​​បម្រួល​អាកាស​ធាតុ ​និង​ធន​ធាន​ក្រោម​​ទឹក បញ្ហា​បម្រែ​បម្រួល​​អាកាស​ធាតុ និង​ធន​ធាន​ព្រៃ​ឈើ…។ ​ទន្ទឹម​នេះ ម​ហា​សន្និ​បាត​​បាន​ពិភាក្សា​​យ៉ាងស៊ី​ជំរៅ​លើ​ឆ្នេរ​​បេក្ខ​ភាព​ថ្មី​៥​ទៀត ។

​ក្រោយ​ពី​បាន​​ពិភាក្សា​យ៉ាង​ផុល​ផុស​ និង​ប្រកប​ដោយ​​ការ​ទទួល​ខុស​ត្រូវ​ អង្គ​មហា​សន្និ​បាត​ក្លឹប​​បាន​បោះ​ឆ្នោត​​ជ្រើស​រើស​​ឆ្នេរ​​​ជា​បេក្ខ​​ភាព ហើយ​​ជា​លទ្ធ​ផល​​ឆ្នេរ​​បេក្ខ​ភាព​ថ្មី​៥​ ត្រូវ​បាន​អនុ​ម័ត​​ជាប់ជា​បេក្ខ​​ភាព​ ជា​អាទិ៍ ឆ្នេរ​សមុទ្រ Jounié (ប្រទេស​លី​បង់) ឆ្នេរ​សមុទ្រ Horta (​ប្រទេស​ព័រ​ទុយ​ហ្គាល់) ឆ្នេរ​សមុទ្រ​ Roses (​ប្រទេស​អេស្ប៉ាញ) ឆ្នេរ​សមុទ្រ Fort de France (​​មា៉ទី​នីក ប្រទេ​សបារាំង) និង​​ឆ្នេរ​សមុទ្រ​ La Baule (​ប្រទេស​បារាំង) ។

​ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នេះ​ អង្គ​មហា​សន្និ​បាត​បាន​រៀប​ចំ​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​​ទទួល​ស្គាល់​​សមា​ជិក​​ពេញ​សិទ្ធិ​ថ្មី​របស់​ក្លឹប គឺ «ឆ្នេរ​សមុទ្រ​​កម្ពុជា» (Cambodia Bay-La Baie du Cambodge) និង​ឆ្នេរ​សមុទ្រ Grikos នៃ​កោះ Patmos ប្រទេស​ក្រិច ។ ​នៅ​ក្នុង​មហា​​សន្និ​បាត​​ គណៈ​ប្រតិភូ​កម្ពុជា​បាន​ឡើង​​ថ្លែង​ជម្រាប​ជូន និង​បាន​គូស​បញ្ជាក់​ពី​សារ​សំខាន់​ក្លឹប​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​មធ្យោ​បាយ​​សម្រួ​ល​ដល់​ការ​ដោះ​ដូរ​បទ ពិសោធន៍​​ជា​លក្ខណៈ​អន្តរ​ជាតិ ក្នុង​ការ​អភិ​វឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​​ប្រកប​ដោយ​​និរន្តរ​ភាព និង​ការ​ទទួល​​ខុស​ត្រូវ និង​ជួយ​ដល់​កិច្ច​​សហ​ការ​បង្កើន​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ ។ ​ទន្ទឹម​នឹង​នោះ គណៈ​ប្រតិភូ​​ក៏​បាន​គូស​បញ្ជាក់​​អំពី​​សក្តានុ​ពល​ធម្ម​​ជាតិ​ដ៏ធំ​ធេង និង​​លក្ខណៈ​​ពិសេស​របស់​​តំបន់​ឆ្នេរ​​សមុទ្រ​កម្ពុជា ដែល​បច្ចុ​ប្បន្ន​​កំពុង​​ក្លាយ​ជា​ប៉ូល​អាទិ​ភាព​អភិ​វឌ្ឍ​ សេដ្ឋ​កិច្ច សង្គម ពាណិជ្ជកម្ម និង​​ទេសចរណ៍​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​បច្ចុ​ប្បន្ន​​តំបន់​ឆ្នេរ​​សមុទ្រ​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​អភិ​វឌ្ឍ និង​គ្រប់​គ្រង​​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​​​ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​​ដោយ​ឈរ​លើ​​គោល​ការណ៍ «ការ​​អភិ​វឌ្ឍ​​ប​ម្រើ​ឱ្យ​​ការ​អភិ​រក្ស​ ហើយ​ការ​អភិ​រក្ស​​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ» ។

​ជា​ការ​ចាប់​អារម្មណ៍​​ អង្គ​​មហា​សន្និបាត​បាន​កោត​សរសើរ​​ដល់​​កម្ពុជា​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិ​វ​ឌ្ឍ និង​​គ្រប់​គ្រង​​តំបន់ឆ្នេរ​​សមុទ្រ​កម្ពុជា​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដោយ​​ឈរ​លើ​គោល​ការណ៍ ការ​ធ្វើ​ផែន​ការ​រួម​គ្នា (Planification Integrée) អភិ​បាល​កិច្ច​ស៊ីសង្វាក់​រួម​គ្នា (Gestion Coherente) និង​ការ​គ្រប់​គ្រង​​រួម​គ្នា​​ក្នុង​ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្ម​ជាតិ ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព (Gestion des Usages) ដោយ​ប្រមូល​ផ្តុំ​​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា ​និង​ទទួល​ផល​រួម​គ្នា​រវាង​​ស្ថាប័ន​រដ្ឋ​​ផ្នែក​ឯក​ជន​ ប្រជា​ពលរដ្ឋ​មូល​ដ្ឋាន​ និង​ពិសេស​​សហ​គមន៍​​ ហើយ​បទ​ពិសោធន៍​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​គំរូ​ដល់​ការ​គ្រប់​គ្រង​ឆ្នេរ​សមុទ្រ​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ​ដែល​ជាគន្លឹះ​​ចូល​រួម​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សាក​ល​លោក​បច្ចុ​ប្បន្ន​ ​គឺ​បម្រែ​បម្រួល​​អាកាស​ធាតុ​​ និង​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​​លើក​ឡើង​គោល​នយោ​បាយ​ជា​យុទ្ធ​សាស្ត្រ ​និង​ចក្ខុ​វិស័យ​ថ្មី​ក្នុង​ការ​អភិ​វ​ឌ្ឍ​អេកូ​ទេស​ចរណ៍​កម្ពុជា ដោយ​​ដើរតាម​គន្លង​ពីរ ៖ កម្រិត​តូច​ដោយ​ផ្អែក​លើ​សហ​គមន៍ (Small Scale) និង​កម្រិត​ធំ (Large Scale) ដោយ​ផ្អែក​លើ​វិនិ​យោគ​ធំៗ​ដែល​ប្រើ​ប្រាស់​​បច្ចេក​វិទ្យា​​ចុង​​ក្រោយ (High-end technology) ។

​ក្នុង​ពិធី​​​បិទ​នៃ​អង្គ​មហា​សន្និ​បាត ​​លោក​ថោង ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​​ទេស​ចរណ៍ ត្រូវ​បាន​​ផ្តល់​​កិត្តិ​យស​​ធ្វើ​ជា​​អធិ​បតី​ និង​ថ្លែង​សុន្ទរក​ថា​បិទ​មហា​សន្និ​បាត​លើក​ទី​៧ ​របស់​​ក្លឹប​​​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​លោក។ ​លោក​បាន​ថ្លែង​​អំណរ​គុណ​ចំពោះ​ការ​គាំទ្រ​រប​ស់​សមា​ជិក​ក្លឹប​​ និង​មហា​សន្និ​បាត​ដល់​​ឆ្នេរ​​សមុទ្រ​កម្ពុជា​រហូត​ដល់​ក្លាយ​​ជា​សមាជិក​ពេញ​សិទ្ធិ ។ ​កម្ពុជា​សង្ឃឹម​​ជឿ​ជាក់​យ៉ាង​មុត​មាំថា ការ​​​​ក្លាយ​ជា​សមា​ជិក​ក្លឹប​​​​នឹង​ធ្វើ​ឱ្យ​ឆ្នេរ​​សមុទ្រ​កម្ពុជា បន្ត​ឈាន​មុខ​លើ​​ឆាក​អន្តរ​ជាតិ ពិសេស​ចូល​រួម​ដល់​ការ​អភិ​​វឌ្ឍ ​ប្រកប​ដោយ​​និរន្តរ​ភាព និង​ការ​ទទួល​ខុស​ត្រូវ​​នៅ​តំបន់​​ឆ្នេរ​សមុទ្រ​​កម្ពុជា ដែល​នឹង​ប្រែ​ក្លាយ​ជា​គោល​ដៅ​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​ធំទី​២ បន្ទាប់​ពី​អង្គរ​​វត្ត​ដែល​ជា​គោល​ដៅ​​ទេ​សចរណ៍​វប្ប​ធម៌-​ប្រវត្តិ​សាស្ត្រ​ដ៏ធំ​ចម្បង​ទី​១ របស់​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ ​គួរ​ឱ្យ​កត់​សម្គាល់​ថា រហូត​មក​​ដល់​​បច្ចុ​ប្បន្ន​ ​ក្លឹប​ឆ្នេរ​​សមុទ្រ​ស្អាត​​ជាង​គេ​បំផុត​លើ​សាកល​លោក​​មាន​សមា​ជិក​៣៣​ឆ្នេរ​សមុទ្រ​មក​ពី​២៧​ប្រទេស ហើយ​​នៅឆ្នាំ​២០១២ ​មហា​សន្និបាត​​លើក​ទី​៨ របស់​ក្លឹប​​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​ក្រិច និង​ប្រទេ​សតួកគី ។

​រីឯ​គណៈ​កម្ម​ការ​​អន្តរ​​ក្រសួងដើម្បី​ដាក់​បញ្ចូល​​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមា​ជិក​​ក្លឹប​ឆ្នេរ​សមុទ្រ​​ដែល​ស្អាត​​ជាង​គេ​លើ​សាកល​លោក​ ​មាន​លោក​អឹុម ​ឈុន​លឹម ទេស​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់ ជា​ប្រធាន​ និង​លោក​ម៉ុក​ ម៉ារ៉េត ​ទេស​​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន ​​ជា​អនុ​ប្រធាន លោក​​ថោង ខុន រដ្ឋម​ន្ត្រី​ក្រសួង​ទេស​ចរណ៍ ជា​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍​​ និង​មាន​ការ​ចូលរួម​របស់​ក្រសួង​-ស្ថាប័ន​​ពាក់ព័ន្ធ​មួយ​ចំនួន ។

​លោក​រដ្ឋ​មន្ត្រី​​ថោង ខុន បាន​គូស​បញ្ជាក់​ថា កម្ពុជា​បាន​ជាប់ជា​បេក្ខ​ភាព​កាល​ពី​ឆ្នាំ​២០១០ បន្ទាប់​មក​ត្រូវ​បាន​គណៈ​​កម្ម​ការ​ចុះ​ធ្វើ​ការ​វាយ​តម្លៃ​​យ៉ាង​​ម៉ត់​ចត់​ ទើប​សម្រេច​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមា​ជិក​ពេញ​សិទ្ធិ​នៅ​ពេល​នេះ។ ​បច្ចុ​ប្បន្ន​​ក្រៅពី​ប្រាសាទ​​អង្គរ​វត្ត​ដែល​ជា​តំបន់​ទេស​ចរណ៍​​ចម្បង​ក្នុង​ការ​​ស្រូប​ភ្ញៀវទេស​ចរបាន​យ៉ាង​ច្រើន​ពី​១​​ឆ្នាំ​ទៅ១​ឆ្នាំ​ ឥឡូវ​នេះ​យើង​មាន​ឆ្នេរ​សមុទ្រ​​មួយ​ទៀត​ដែល​ជា​គោល​ដៅ​ចម្បង​ទី២ ​ក្នុង​ការ​ស្រូប​​​ភ្ញៀវ​ទេស​ចរ​ឱ្យ​គេ​មក​លេង​កម្សាន្ត ។ លោក​បាន​​បន្ថែម​ទៀត​ថា ចំនួន​ភ្ញៀវ​ទេស​ចរ​ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា ត្រឹម​រយៈ​ពេល​៤​ខែ​កន្លង​មក​នេះ មាន​១​លាន​១​ពាន់​នាក់ កើន​ឡើង​១៣,២% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​២០១០ ។ ​ហើយ​ភ្ញៀវ​​ដែល​មក​ច្រើន​ជាង​គេ​​គឺ​វៀត​ណាម​​ស្ថិត​នៅ​លំដាប់​ទី​​១ កូរ៉េ​​ទី២ ចិន​ទី​៣ ជប៉ុន​ទី​៤ អាមេ​រិក​ទី​៥ បារាំង​ទី​៦ អង់​គ្លេស​ទី​៧ អូស្ត្រាលី​ទី​៨​ តៃ​វ៉ាន់​ទី​៩ និង​ថៃ​ទី​១០ ។ ​លោក​មាន​ជំនឿ​​​យ៉ាង​មុត​មាំថា ក្រោយ​ពី​មាន​ការ​ទទួល​ស្គាល់​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមា​ជិកពេញ​សិទ្ធិ​​របស់​ក្លឹប​​ យើងនឹង​ស្រូប​ភ្ញៀវ​ទេស​ចរណ៍​បាន​កាន់​តែ​ច្រើន​​ឡើង​​ថែម​ទៀត ។ ហើ​យប្រជា​ពល​រដ្ឋ​​ដែល​រស់​នៅ​តាម​តំបន់​នោះ ​គាត់​នឹង​មាន​ជីវ​ភាពធូរ​ធារ​ថែម​មួយ​កម្រិត​ទៀត​ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​​ថែរក្សា​ អភិ​រក្ស​ឆ្នេរ​សមុទ្រ​យើង​ឱ្យ​បាន​ល្អ​ចាប់​ពីពេល​នេះ​តទៅ ៕