ខេត្តកំពង់ចាម៖«ទីទួលប្រាសាទបាសាន ជាអតីតរាជធានីចាស់ ដែលរើពីអង្គរវត្ត មកសាងសង់នៅក្នុងឃុំបារាយណ៍ ។ ដូច្នេះសូមស្នើឱ្យភាគីពាក់ព័ន្ធ ក្នុងនោះមានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមទាំងមន្ទីរទេសចរណ៍ខេត្ត សហការគ្នាបង្កើតទៅជាតំបន់ទេសចរណ៍ ដើម្បីទាក់ទាញមនុស្សមកកម្សាន្តលេង» ។

នេះជាការលើកឡើងពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត នាព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២៥ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាពិសេក និងសម្ពោធសមិទ្ធផលនានានៅវត្តត្នោតកែវបូព្រឹក្ស ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលចំណាយបច្ច័យអស់ជាង១លាន៣០ម៉ឺនដុល្លារ ។
ឯកឧត្តមអភិបាលខេត្តថ្លែងថា នៅក្នុងអំឡុងឆ្នាំ២០១៩ លោកបានពិនិត្យដោយផ្ទាល់នៅទីតាំងទួលប្រាសាទបាសាន ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ ។ ទីទួលនេះត្រូវតែរួមគ្នាយកចិត្តទុកដាក់អភិរក្សដើម្បីទុកឲ្យក្មេងៗជំនាន់ក្រោយបានឃើញពីប្រាសាទបុរាណរបស់ដូនតាខ្មែរយើង ។ ជាមួយនោះរដ្ឋបាលខេត្ត ក៏បានទាក់ទងជាមួយសប្បុរសជនស្ថាបនាផ្លូវបេតុង១ខ្សែពីឃុំព្រែករំដេងបន្តទៅដល់ឃុំបារាយណ៍ដែលជាទីតាំងប្រាសាទ ។

លោកស៊ីម គង់ អតីតអភិបាលស្រុកស្រីសន្ធរ ឲ្យដឹងថា កាលពីសម័យបុរាណតំបន់ទួលបាសាន ធ្លាប់ជារាជធានីបាសាន ស្ថិតនៅក្នុងស្រុកស្រីសឈរ ដែលបច្ចុប្បន្នស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានប្រាសាទនៅទីតាំងនោះគឺប្រាសាទព្រះធាតុទួលបាសាន ។ តំបន់នោះធ្លាប់ជារាជធានីរបស់ខ្មែរ ដែលមានព្រះរាជាគ្រងរាជ្យគឺ៖
១-ព្រះបាទពញាយ៉ាត ១៣៩៤-១៤៦៣ ទ្រង់បានមកករទ័ពរយៈពេល៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីសៀម ក្រោយមកក៏មកតាំងរាជវាំងនៅទីនោះមួយរយៈ រួចក៏មកតាំងរាជវាំងនៅចតុម្មុខភ្នំពេញសព្វថ្ងៃ ។

២-ព្រះបាទស្រីសុរិយោទ័យ១៤៧២-១៤៨៦ ជាបុត្រព្រះបាទនារាយណ៍រាជាត្រូវជាចៅព្រះព្រះបាទពញាយ៉ាត ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជពីបិតា ក៏មកតាំងតំបន់ស្វយ័តនៅទីនេះគ្រប់គ្រងតំបន់រាជធានីទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅទល់នគរចម្ប៉ា ។
៣- ព្រះបាទស្រីសុគន្ធបទ ១៥០៤-១៥១២ ជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាត ក៏មកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី ដោយទុកឲ្យព្រះអនុជមហាឧបរាជអង្គចន្ទ គង់នៅគ្រប់គ្រងរាជវាំចតុម្មុខ ។
៤- ព្រះបាទរាមាជើងព្រៃ ១៥៩៣-១៥៩៦ ជាក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីសៀមមកវិញ ដោយក្រុងលង្វែកត្រូវសៀមដុតបំផ្លាញខ្ទេចអស់ ទ្រង់ក៏មកគង់នៅរាជវាំងទួលបាសាន ហើយក៏សុគតនៅទីនេះដែរ ។

៥-គ.ស ១៥៩៦-១៦០៣ មានស្តេច៣អង្គគង់នៅរាជវាំងទួលបាសាន គឺទី១អង្គតន់ -ទី២ អង្គអន និងទី៣សម្តេចកែវាពញាញោម ។៦-ព្រះបាទស្រីសុរិយោពណ៌១៦០៣-១៦១៨ ជាក្សត្រដែលទទួលការគោរពស្រឡាញ់ចូលចិត្តពីប្រជារាស្គ្រ នៅពេលសៀមវាយចូលក្រុងលង្វែក ព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងចោរសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែក ។ ទ្រង់ក៏ត្រូវពួកសៀមចាប់ជាឈ្លើយសឹក ហើយបញ្ជូនទៅប្រទេសពួកគេ ។

ក្រោយមកព្រះមហាទេវីក្សត្រី ជាព្រះអយ្យកាបានអង្វរព្រះចៅក្រុងសៀមសូមយាងព្រះស្រីសុរិយោពណ៌ មកគ្រប់គ្រងនគរវិញ ។ ព្រះចៅក្រុងសៀមក៏យល់ព្រម ដោយគិតថាអាចប្រើក្សត្រអង្គនេះជាកូនអុក តែខុសបំណងស្រឡះ ។ ព្រះបាទស្រីសុរិយោពណ៍ បានមកគ្រងរាជ្យដោយគង់នៅរាជវាំងទួលបាសាន ហើយបានភ្ជាប់ការទាក់ទងនឹងក្រុងវ៉េ នគរអណ្ណាម ដើម្បីសងសឹកនឹងនគរសៀម ដែលបានវាយកម្ទេចក្រុងលង្វែក ។

តំបន់បាសាន មានលក្ខណៈភូមិសាស្ត្រ៖ ទិសខាងកើតមានបឹង ទិសអាគ្នេយ៍មានទន្លេមេគង្គ ទិសទក្សិណមានព្រៃធំ ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ