រាជធានីភ្នំពេញ ៖ តារាសម្តែងវ័យក្មេងនាង ជី ហ្ស័ង បានចេញមុខបកស្រាយចំពោះការរិះគន់ និងផ្ទុះការវែកញែករបស់មហាជនពេញបណ្តាញសង្គម ទៅលើប្រធានបទដែលនាងបានលើកឡើងនៅក្នុងបទសម្ភាសន៍មួយដោយបានអះអាងថា បើស្រឡាញ់នាង គួរតែឲ្យលុយនាងចាយខ្លះ ។ តារាសម្តែងរូបស្រស់រូបនេះបានបញ្ជាក់ថា ការនិយាយរបស់នាង នាពេលនេះ គឺគ្រាន់តែជាគំនិតផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនសំដៅលើគំនិតមនុស្សទូទៅឡើយ ។

តារាសម្តែង ជី ហ្ស័ង បានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិចថា ពេលនោះ គឺនាងចង់មានន័យថា ខ្ញុំចង់បានមនុស្សប្រុសដែលពូកែរកលុយ ហើយអោយលុយខ្ញុំជាអ្នកទុកដាក់ ហើយបើស្រលាញ់គ្នាជាមួយខ្ញុំហើយត្រូវអោយលុយខ្ញុំចាយហើយ ។ នាងបញ្ជាក់ថា វាគ្រាន់តែជាជ្រុងមួយន័យផ្នត់គំនិតរបស់ខ្ញុំផ្ទាល់ មិនមែនជាទូទៅទេ។
ដោយឡែក ចំពោះពាក្យរិះគន់ថា ការនិយាយរបស់នាង គឺមានអំនួត និងជាមនុស្សមុខលុយនោះ គឺពាក្យទាំងនេះភាគច្រើនចេញមកពីមនុស្សប្រុស ខណៈពេលដែលតាំងពីដឹងក្ដីមក គឺរកលុយខ្លួនឯង ចាយខ្លួនឯង ហើយត្រូវផ្គត់ផ្គង់អ្នកផ្ទះទៀត ។ នាងថា មានលុយចាយ ឡានជិះរាល់ថ្ងៃក៏ចេញមកពីកម្លាំង និងការខំប្រឹងខ្លួនឯង ហេតុអីថាខ្ញុំមានអំនួត ។

យ៉ាងណា បើតាមនាង ជី ហ្ស័ង ខ្ញុំមើលទៅពាក្យទាំងនេះ ភាគច្រើនចេញមកពីមនុស្សប្រុស តើខុសត្រង់ណាទៅ បើគ្រាន់តែមនុស្សស្រីមានសមត្ថភាពម្នាក់ មានកម្រិតស្តង់ដាផ្ទាល់ខ្លួនគេសោះ ហេតុអីពួកគាត់ប្រតិកម្មម្ល៉េះ សូមចោទជា សំណួរវិញថា តើមនុស្សស្រីដែលមានសមត្ថភាពគួរតែស្រលាញ់មនុស្សប្រុសបែបណា?
ជាការកត់សម្គាល់ តាមរយៈបទសម្ភាសន៍ក្នុងកម្មវិធីមួយ តារាសម្តែងនាង ជី ហ្ស័ង បានលើកគូសបញ្ជាក់ឆ្លើយតបទៅកាន់ពិធីករ ដែលសួរសំនួរពាក់ព័ន្ធបុរសដែលអាចស្រឡាញ់ ឬក្លាយជាសង្សារនាងថា បុរសដែលស្រឡាញ់នាងនោះ ត្រូវតែអោយលុយនាងចាយខ្លះ ព្រោះពេលយកនាងទៅញាំអីនោះ គឺមិនមែនយករូបរាងនាងដែលមិនងូតទឹក ឬមិនបាញ់ទឹកអប់ទៅនោះឡើយ ពោលគឺយករូបភាពស្រស់ស្អាតរបស់នាងទៅ ។

នាងបញ្ជាក់ថា អ្វីដែលសំខាន់ទៀតនោះ គឺលុយដែលយកទៅទិញគ្រឿង Make Up ដើម្បីតែងខ្លួនអោយស្អាត ដើម្បីទៅជួបគេ ។
តាមរយៈការលើកឡើងខាងលើ ពីតារាសម្តែងវ័យក្មេងនាង ជី ហ្ស័ង នាពេលនេះ ត្រូវបានមហាជនជាច្រើននាំគ្នារិះគន់មកលើរូបនាង ដោយអ្នកខ្លះបានចាត់ទុករូបនាងជានារីមុខលុយ និងមានអំនួតចំពោះខ្លួនឯងជាដើម ។ ល ។




Screenshot
ចែករំលែកព័តមាននេះ