ខេត្តបាត់ដំបង ៖ ត្រាក់ទ័រមួយគ្រឿងដែលបើកបរដោយតៃកុងស្ទើរភ្លើង មានវ័យ១៥ឆ្នាំម្នាក់ បានរេចង្កូតធ្លាក់ចូលប្រឡាយក្បែរផ្លូវ បណ្ដាលឲ្យក្រឡាប់សង្កត់អ្នកអង្គុយក្បែរស្លាប់ រីឯអ្នកបើកបរស្ទើរភ្លើងរូបនេះរងរបួសធ្ងន់ ដែលកើតឡើងកាលពីល្ងាចថ្ងៃទី១៨ កុម្ភៈ នៅក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ រឹម បូរ៉ា ភេទប្រុស អាយុ១៥ឆ្នាំ (អ្នកបើកបរ) នៅភូមិអូរ ឃុំពេជ្រចិន្តា រងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះ យ៉ាត វិសាល ប្រុសអាយុ១៣ឆ្នាំ អ្នកអង្គុយក្បែរ នៅភូមិ ឃុំកើតហេតុ ស្លាប់ក្រោមកង់ត្រាក់ទ័រ ។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា អ្នកបើកបរវ័យក្មេងរូបនេះ បានបើកត្រាក់ទ័រមកពីចម្ការ ដោយមានសណ្ដោងរឺម៉កដឹកធុងទឹកដែលទំនងបើកព្រហើនបន្តិចផង ស្រាប់តែរ៉េចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់តែម្ដង ។
បើតាមសមត្ថកិច្ចបានប្រាប់ថា ត្រាក់ទ័រក្រឡាប់ចូលប្រឡាយ ហើយជនរងគ្រោះដែលស្លាប់ ក្រោមកង់ត្រាក់ទ័រ រីឯអ្នកបើកបររងបួសធ្ងន់ ។ សមត្ថកិច្ចនិយាយថា អ្នកបើកក៏ក្មេង អ្នកជិះក្បែរក៏កាន់តែក្មេង។ ដូច្នេះការបើកបររបស់ពួកគេអាចខ្វះការប្រុងប្រយ័ត្ន និងបើកបរបែបលេងសើចផង ទើបជ្រុលចង្កូតធ្លាក់ប្រឡាយក្រឡាប់បណ្ដាលឲ្យរងគ្រោះដល់ស្លាប់និងរបួសបែបនេះ។
សមត្ថកិច្ចបានជួយទាញត្រាក់ទ័រឡើងពីប្រឡាយ ដើម្បីយកទៅរក្សាទុកនៅអធិការស្រុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី ខណៈសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី ៕
ចែករំលែកព័តមាននេះ