ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ជើង​ចាស់ ​យស បូ​វណ្ណៈ ប្រកាស​ចូលរួម​ឈរ​ឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​ជើង​ចាស់ លោក យស បូ​វណ្ណៈ បាន​ប្រកាស​ចូលរួម​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បករ​ខ្មែរ សម្រាប់​អាណត្តិ​ថ្មី ក្នុង​ពេល​ដែល​លោក​ទទួល​បាន​សំណូម​ពរ និង​ជួយ​ជ្រោមជ្រែង​គាំទ្រ​ពី​បណ្ដា​អ្នកសិល្បៈ…

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​ជើង​ចាស់ លោក យស បូ​វណ្ណៈ បាន​ប្រកាស​ចូលរួម​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បករ​ខ្មែរ សម្រាប់​អាណត្តិ​ថ្មី ក្នុង​ពេល​ដែល​លោក​ទទួល​បាន​សំណូម​ពរ និង​ជួយ​ជ្រោមជ្រែង​គាំទ្រ​ពី​បណ្ដា​អ្នកសិល្បៈ រួម​ទាំង​មហាជន​ផង​ដែរ ។

លោក យស បូ​វណ្ណៈ​គឺជា​តារា​សម្តែង​មួយ​រូប​ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​វិស័យ​សិល្បៈ ហើយ​លោក​ក៏​ទទួល​បានការ​បណ្តុះបណ្តាល​លើ​ផ្នែក​នេះ​នៅ​ឯ​ក្រៅប្រទេស​ផង​ដែរ ខណៈ​ពេល​ដែល​លោក​កំពុង​បន្ត​អាជីព​សិល្បៈ​របស់​ខ្លួន រហូត​ដល់​ពេល​បច្ចុប្បន្ន​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ជាទី​ដែល​លោក​កំពុង​រស់នៅ ។

លោក យស បូ​វណ្ណៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​បាន​ទទួល​ការ​ស្នើ​សុំ​ពី​សិល្បករ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដើម្បី​ឱ្យ​លោក​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិល្ប​ករ​ខ្មែរ ដោយសារ​ការ​មើលឃើញ​លោក​គឺជា​អ្នក​សិល្បករ​ជើង​ចាស់​ដែល​មានបទពិសោធន៍​ច្រើន​លើ​ផ្នែក​មួយ​នេះ ។

លោក​បញ្ជាក់​ថា បើ​ទោះបីជា​លោក​រស់នៅ​ក្រៅប្រទេស​ក៏​ដោយ ប៉ុន្តែ​ការ​លើក​ឡើង​ពី​អ្នកសិល្បៈ​មួយ​ចំនួន​នោះ គឺ​មិនជា​បញ្ហា​ឡើយ ព្រោះ​នៅ​ក្នុង​សមាគម​មាន​អនុប្រធាន និង​ក្រុមប្រឹក្សាភិបាល​ដែល​ធ្វើ​ការងារ​មួយ​ចំនួន​សម្រាប់​ប្រធាន​បាន​ដែរ ។

លោក​បន្ត​ថា ដោយសារ​មើលឃើញ​ពី​ចំណុច​ខាងលើ​នេះ លោក​ក៏​បាន​សម្រេច​ឈរឈ្មោះ​ជា​បេក្ខជន​មួយ​រូប សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​នា​អាណត្តិ​ថ្មី​នេះ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​តម្លៃ​សិល្បៈ​ខ្មែរ​យើង ក្នុង​នាម​លោក​គឺជា​មនុស្ស​ម្នាក់​បាន​ប្រតិបត្តិ​លើ​ផ្នែក​មួយ​នេះ ។

លោក យស បូ​វណ្ណៈ បាន​លើក​ឡើង​បន្ថែម​ថា ប្រសិនបើ​លោក​អាច​ជាប់​ឈ្មោះ​ជា​ប្រធាន​ថ្មី​នោះ​គឺ​លោក​នឹង​ដាក់​គោលដៅ​មួយ​ច្បាស់លាស់ និង​ត្រឹមត្រូវ ដើម្បី​ការពារ និង​លើក​ស្ទួយ​សិល្បៈ ជា​មួយ​នឹង​ការ​ទំនាក់ទំនង​ល្អជា​មួយ​អ្នកសិល្បៈ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ។

លោក​បញ្ជាក់​ថា គោលដៅ​សំខាន់​គឺ​លោក​នឹង​ខិតខំ​ជំរុញ​ការងារ និង​ដាក់​ការងារ​ល្អ និង​សំខាន់​ៗ ដើម្បី​ឱ្យ​អ្នកសិល្បៈ​ក្មេង​ៗ​ជំនាន់​ក្រោយ​ធ្វើ​តាម ដោយ​ធ្វើ​យ៉ាងណា​ចៀស​ឆ្ងាយ​ពី​ការ​មើលងាយ​មក​លើ​អ្នកសិល្បៈ ។

យ៉ាងណា បើ​តាម​លោក យស បូ​វណ្ណៈ សម្រាប់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ គឺ​ចៀស​មិន​ផុត​ពី​ការ​រិះគន់ តិះ​តៀន​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​លោក​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា និង​ការ​អភិវឌ្ឍន៍​គឹ​លោក​ទទួលយក ហើយ​ការ​រិះគន់​ក្នុង​ន័យ​បន្ទោស​បង្អាប់ ឬ​ប៉ែង​ជើង​ក៏​លោក​ទទួល​យក​ដើម្បី​យក​បញ្ហា​ទាំង​អស់នោះ​មក​ដាក់​លើ​តុ​ជជែក​គ្នា​ជាមួយ​ក្រុមប្រឹក្សា​របស់​សមាគម ។

ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា ក្នុង​នាម​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ប្រចាំ​រដ្ឋ​កាលី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក ហើយ​ក៏​ជា​អតីត​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​ក្រុមការងារ​ពាក់ព័ន្ធ​សិល្បៈ​នៅ​រដ្ឋ​ដែល​លោក​កំពុង​រស់នៅ លោក​នឹង​ប្រើប្រាស់​បទ​ពិសោធន៍​ទាំង​អស់នេះ ដើម្បី​ជួយ​ទ្រទ្រង់ និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​ខ្មែរ​ឱ្យ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ