ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថាក់ស៊ីន បានវិលទៅភូមិគ្រឹះរបស់គាត់វិញ ក្រោយនិរទេសអស់រយៈពេល១៧ឆ្នាំ

2 ខែ មុន

ថៃ ៖ អតីត​នាយក​រដ្ឋមន្ត្រី​ថា​ក់​ស៊ី​ន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​របស់​ក្រុម​គ្រួសារ​លោក​កណ្តាល​ទីក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃអាទិត្យ បន្ទាប់​ពី​ខក​ខានមិនបាន​ឈាន​ជើង​ជាន់​ក្នុងផ្ទះ​នេះ អស់​រយៈពេល​១៧​ឆ្នាំ ។ ប្រភព​ពី​សារព័ត៌មាន​ថៃ The…

ថៃ ៖ អតីត​នាយក​រដ្ឋមន្ត្រី​ថា​ក់​ស៊ី​ន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​របស់​ក្រុម​គ្រួសារ​លោក​កណ្តាល​ទីក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃអាទិត្យ បន្ទាប់​ពី​ខក​ខានមិនបាន​ឈាន​ជើង​ជាន់​ក្នុងផ្ទះ​នេះ អស់​រយៈពេល​១៧​ឆ្នាំ ។

ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation បាន​ចេញផ្សាយ នៅ​ថ្ងៃអាទិត្យ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ថា វត្តមាន​អញ្ជើញ​វិល​ត្រឡប់​ថ្ងៃ​ដំបូង​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​របស់​លោក ថា​ក់​ស៊ី​ន ត្រូវ​បាន​រឹត​បន្តឹង​សន្តិសុខ​សុវត្ថិភាព​យ៉ាង​តឹង​រឹង​បំផុត​នៅ​បរិវេណ​ខាងក្រៅ​ភូមិ​គ្រឹះ​របស់​គាត់ រថយន្ត Mercedes-Benz របស់​ប្រធាន​គណបក្ស​ភឿ​ថៃ លោកស្រី Paetongtarn Shinawatra បាន​ចាក​ចេញពី​ភូមិ​គ្រឹៈ​នេះ នៅ​ម៉ោង​ប្រហែល​៤​និង​៤០​នាទី​ព្រឹក ហើយ​មក​ដល់​មន្ទីរពេទ្យ​ដែល លោក​ថា​ក់ ស៊ី​ន ស្នាក់​នៅ​នា​ម៉ោង​ប្រហែល​៥​ព្រឹក ។

លោក ថា​ក់​ស៊ី​ន បាន​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​លោក​វិញ ក្នុង​រថយន្ត​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក អម​ដោយ​កងកម្លាំង​ការពារ​យ៉ាង​ដិត​ដល់ ។ នៅ​ក្នុង​រថយន្ត​មាន​លោក ថា​ក់​ស៊ី​ន និង​កូនស្រី​ទាំង​ពីរ​លោកស្រី លោកស្រី Paetongtarn Shinawatra និង​លោកស្រី Pinthongta Shinawatra Kunakornwong​។

ក្រុម​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា លោក​ថា​ក់​ស៊ី​ន មើលទៅ​ស្ថិត​ក្នុង​សភាព​ទន់ខ្សោយ​នៅឡើយ ដោយ​គាត់​នៅ​ពាក់​ប៉ុង​រុំ​ក និង​ពាក់​ម៉ាស់ ដែល​បង្ហាញ​ថា លោក​នៅ​តែ​មាន​បញ្ហា​សុខភាព​ទាក់ទង​នឹង​ស្ថានភាព​ឆ្អឹងខ្នង​ប្រព័ន្ធ​ប្រសាទ និង​ប្រព័ន្ធ​ដង្ហើម ។

ជុំវិញ​សេរីភាព​របស់ លោក​ថា​ក់ ស៊ី​ន នាយក​រដ្ឋមន្ត្រី​ថៃ លោក​សេដ្ឋា ថា​ក់​វិ​ស៊ី​ន បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត កាលពី​ម្សិលមិញ​ថា ការ​ដោះ​លែង​លោក​ថា​ក់ ស៊ី​ន ឱ្យ​នៅ​ក្រៅ​ឃុំ​ថា លោក​នឹង​គោរព​យ៉ាង​ពេញទំហឹង​ទៅ​តាម​នីតិវិធី​ច្បាប់ ។ ចំពោះ​សំណួរ​ថា តើ​លោក​នឹង​យក​លោក​ថា​ក់​ស៊ី​ន ធ្វើ​ជាទី​ប្រឹក្សា​ដែរ​ឬទេ?

លោក​សេដ្ឋា​និយាយ​ជា​លក្ខណៈ​ទូទៅ​ថា លោក​តែងតែ​ទទួលយក​យោបល់​ពី​គ្រប់​រៀមច្បង​ដែល​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ​ពី​មុន​មក ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​ថា​ក់​ស៊ី​ន មិន​ចូលរួម​នៅ​ក្នុង​ក្រុម​ទីប្រឹក្សា​របស់​លោក​ទេ ។ លោក​ថ្លែង​ថា បើ​និយាយ​អំពី​គម្រោង​យក​លោក​ថា​ក់ ស៊ី​ន ធ្វើ​ជាទី​ប្រឹក្សា​ហាក់ដូចជា វែង​ឆ្ងាយ​ពេក​ហើយ ។ ម្យ៉ាងទៀត លោក​ក៏​មិនដឹង​ច្បាស់​ថា តើ​លោក​ថា​ក់ ស៊ី​ន ចង់​ធ្វើ​កិច្ចការ​នេះ​ឬ​អត់ ។ លោក​សេដ្ឋា​គិត​ថា លោក​ថា​ក់​ស៊ី​ន​អាច​នឹង​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវធ្វើ ។

ម្យ៉ាងទៀត លោក​ក៏​ត្រូវការ​សម្រាក ដើម្បី​ថែទាំ​សុខភាព​របស់​លោក​ដែល​មិន​ទាន់​ស្រួលខ្លួន​មែនទែន​នៅឡើយ​ទេ ។ យោង​តាម​នាយកដ្ឋាន​ពន្ធនាគារ ក្រោយ​ពេល​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ លោក​ថា​ក់ ស៊ី​ន​មិន​ចាំបាច់​ពាក់​ខ្សែដៃ​អេ​ឡិច​ត្រូ​និ​ច ដើម្បី​តាមដាន​សកម្មភាព​របស់​គាត់​ទេ ។ ប៉ុន្តែ​ទណ្ឌិត​ដទៃ​ទៀត ដែល​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ត្រូវ​ពាក់​ខ្សែដៃ​នេះ ដើម្បី​ងាយស្រួល​ក្រែងលោ​ពួក​គេ​ធ្វើ​ខុស​នឹង​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ សមត្ថកិច្ច​អាច​ចាប់​បញ្ចូល​ពន្ធ​ធនាគារ​វិញ ៕ អត្ថបទ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ