ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំដាក់ចេញ៥ចំណុច ទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីរកំណត់វិធានការឆ្លើយតបការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក

រាជធានីភ្នំពេញ ៖ ដើម្បីរកំណត់វិធានការឆ្លើយតបការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន ក្រសួងអប់រំយុវជននិងកីឡាបានដាក់វិធានការសំខាន់ៗចំនួន៥ចំណុច។

ការចេញវិធានការនេះ បានធ្វើឡើង​នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈ​កម្មាធិការអន្តរក្រសួង ស្ដីពីសុខភាពសិក្សា បានបើក កិច្ចប្រជុំស្ដីពី ការកំណត់វិធានការឆ្លើយតបការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន រៀបចំដោយគណៈកម្មាធិការអន្តរក្រសួង ស្ដីពីសុខភាពសិក្សា និងការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះគឺ៖
១-ពិនិត្យស្ថានភាពការប្រើប្រាស់បារីអេឡិចត្រូនិក និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន
២-ពិភាក្សាស្វែងរកយន្តការ/វិធានការបន្ថែមដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ បារីអេឡិចត្រូនិក។

បើយោងតាមរបាយការណ៍ ស្ដីពីលទ្ធផលនៃការសិក្សារបស់នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ដែលគាំទ្រអង្គការចលនាដើម្បីសុខភាពកម្ពុជា បានធ្វើការប្រមូលទិន្នន័យបឋមក្នុងចំណោមអ្នកចូលរួមដែលមានអាយុចាប់ពី១៥ ដល់៣៥ឆ្នាំ ចំនួន ១៣១៧នាក់ ក្នុងនោះស្រី ៤៤%។ លទ្ធផលបានបង្ហាញថា ៨២% នៃចម្លើយរបស់អ្នកចូលរួមបានបញ្ជាក់ថាធ្លាប់បានឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិក ហើយធ្លាប់ឃើញមានប្រើជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំនួន ១៦% នៅពេល ៩% ទៀតថាធ្លាប់ឃើញមានអ្នកលួចប្រើក្នុងបរិវេណគ្រឹះស្ថានសិក្សា។

ក្រសួងបានលើកឡើងថាតាមការសិក្សាថ្មីមួយរបស់អង្គការសុខភាពពិភពលោក ឆ្នាំ២០២២ បានបញ្ជាក់ពីគ្រោះថ្នាក់សុខភាពបង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក និងសារធាតុទឹកនីកូទីន ដែលនាំឱ្យខូចសួតជាដំណំ ធ្វើឱ្យមានផលប៉ះពាល់ដល់សរសៃប្រសាទ ជំងឺភ្លេចភ្លាំង និងធ្វើឱ្យរឹងសាច់ដុំបេះដូង និងរបត់ឈាមក្នុងសរីរាង្គកាយរបស់អ្នកប្រើប្រាស់ និងអ្នកស្រូបផ្សែងបារីនោះ។

ក្រសួងអប់រមបានលើកឡើងទៀតថា ក្នុងគោលបំណងលើកកម្ពស់សុខភាពសិក្សារបស់កុមារ យុវជន និងធនធានមនុស្សជារួមឱ្យមានលទ្ធភាពអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សប្រកបដោយសក្ដានុពល ឆ្លើយតបនឹងទិសដៅអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការអន្តរក្រសួង ស្ដីពីសុខភាពសិក្សា បានណែនាំ និងលើកទឹកចិត្តជូនដល់សមាជិកអង្គប្រជុំ ពិនិត្យលទ្ធភាពរៀបចំកម្មវិធីការងារបន្តដូចជា ៖

១-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំក្រុមការងារ និងយន្តការបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធបារីអេឡិចត្រូនិកនៅក្នុងកម្មវិធីសិក្សា កម្មវិធីមិត្តអប់រំមិត្ត និងចេញជាសេចក្ដីណែនាំប្រើយន្តការក្រុមប្រឹក្សាកុមារ/យុវជន ធ្វើការត្រួតពិនិត្យទៀងទាត់ជាប្រចាំ ឆែកឆេរ និងរឹបអូស ធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមផុលផុស។

២-មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ខណ្ឌ ស្រុក ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំស្លាកហាមឃាត់តាមជុំវិញគ្រឹះស្ថានសិក្សា និងទីសាធារណៈ។ ត្រូវចុះហាមឃាត់ បង្ក្រាប ដកហូត ការប្រើប្រាស់ ការចរាចរ បារីអេឡិចត្រូនិកជុំវិញគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍មាតាបិតាសិស្ស។

៣-ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធត្រូវពិចារណាលើការរៀបចំអនុក្រឹត្យ ស្ដីពីការហាមឃាត់ការប្រើប្រាស់ និងកម្រិតទោសទណ្ឌពាក់ព័ន្ធការប្រើប្រាស់ ការធ្វើចរាចរណ៍ ការផ្សព្វផ្សាយផលិតផលអេឡិចត្រូនិក។

៤-នាយកដ្ឋានសុខភាពសិក្សា និងអង្គការចលនាដើម្បីសុខភាពកម្ពុជា ត្រូវពិនិត្យតួលេខ និងអក្ខរាវិរុទ្ធនៃរបាយការណ៍សិក្សាឱ្យបានត្រឹមត្រូវមុនធ្វើការផ្សព្វផ្សាយជាសាធារណៈ។

៥-គួរពិចារណាពង្រីកការសិក្សាស៊ីជម្រៅ និងបង្ហាញពីគ្រោះថ្នាក់សុខភាព សុវត្ថិភាពសង្គម សន្តិសុខសណ្ដាប់ធ្នាប់ ដែលបង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកចំណោមយុវជនប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាមទារកិច្ចសហ​ការពីស្ថាប័នមានសមត្ថកិច្ច ក្នុងការចាត់វិធានការលើការចែកចាយលក់បារីអេឡិចត្រូនិក ជាពិសេសតាមប្រព័ន្ធអនឡាញ ការចរាចរដោយសេរីនៃផលិតផលនេះ និងមិនអាចខ្វះបានឡើយការចូលរួមគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ និងបានស្នើឱ្យក្រសួងពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំថ្ងៃនេះ ពិភាក្សាឱ្យបានផុលផុស ឈានទៅដាក់ចេញវិធានការ/យន្តការបន្ថែម ដើម្បីទប់ស្កាត់ការប្រើប្រាស់ ការចែកចាយលក់ និងការចរាចរ បារីអេឡិចត្រូនិក ដើម្បីកុមារ និងយុវជនជំនាន់ក្រោយ ប្រកបដោយសុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងការរួមចំណែកកសាងប្រទេសយើងឱ្យកាន់តែរីកចម្រើនថែមទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ