ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ធូរបន្ថយទោសប្រហារជីវិ.តមហាសេដ្ឋីប្រេងម្នាក់ មកនៅត្រឹមជាប់ពន្ធនាគារ២០ឆ្នាំ

2 អាទិត្យ មុន

ប្រទេសអ៊ីរ៉ង់ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាម IRNA របស់ប្រទេសអ៊ីរ៉ង់

ប្រទេសអ៊ីរ៉ង់ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាម IRNA របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា តុលាការអ៊ីរ៉ង់ បានបន្ធូរបន្ថយទោសប្រហារជីវិតមហាសេដ្ឋីប្រេង១រូប មកនៅត្រឹមជាប់ពន្ធនាគាររយៈពេល២០ឆ្នាំវិញ បន្ទាប់​ពី​មហាសេដ្ឋីរូបនេះ បានប្រគល់ទ្រព្យសម្បត្តិប្រហែល ២.១ពាន់លានដុល្លារអាម៉េរិក ដែលបានមកពីការលក់ប្រេងខុសច្បាប់នៅបរទេស។

លោក Babak Zanjani អាយុ៤៨ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិតក្នុងឆ្នាំ ២០១៦ ជុំវិញការចោទប្រកាន់មួយចំនួន រួមទាំងការលាងលុយកខ្វក់ ការក្លែងបន្លំ ហើយការក្លែងបន្លំទៀតសោត បានរំខានដល់សេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់ថែមទៀតផង។ ប្រភពពី IRNA បានដកស្រង់សម្ដីលោក Asghar Jahangir អ្នកនាំពាក្យតុលាការបានបញ្ជាក់ថា បណ្ដឹងឧទ្ធរណ៍សម្រាប់ការលើកលែងទោសលោក Zanjani ត្រូវបានពិនិត្យឡើងវិញ ហើយការកាត់ទោសប្រហារជីវិតមហាសេដ្ឋីប្រេងរូបនេះ ត្រូវបានបន្ធូរបន្ថយមកនៅត្រឹមពន្ធនាគាររយៈពេល២០ឆ្នាំ ក្រោយការអនុម័តពីសំណាក់មេដឹកនាំកំពូល និងជាអគ្គមគ្គុទេសក៍សាសនាអ៊ីស្លាមនៅអ៊ីរ៉ង លោក Ayatollah Ali Khamenei ដែលជាអ្នកលើកឡើងចុងក្រោយលើបញ្ហារដ្ឋទាំងអស់ ហើយម្ដងម្កាលលោកក៏បានចេញការលើកលែងទោសផងដែរ។

អ្នកនាំពាក្យតុលាការ បានបន្តថាជាផ្នែកមួយនៃការកាត់ទោសកាលពីឆ្នាំ ២០១៦ របស់លោក Zanjani ដោយគាត់មានសិទ្ធិទទួលបានការលើកលែងទោស ឬការផ្លាស់ប្ដូរការកាត់ទោសប្រហារជីវិតរបស់គាត់ ប្រសិនបើគាត់ប្រគល់ទ្រព្យសម្បត្តិ ទូទាត់សងការខូចខាត និងសម្ដែងការសោកស្ដាយចំពោះការប្រព្រឹត្តខុស។ អ្នកនាំពាក្យដដែលរូបនេះបន្តទៀតថា លោក Zanjani ក៏បានសហការជាមួយតុលាការ ដើម្បីកំណត់ទីតាំងទ្រព្យសម្បត្តិនៅបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំឡុងពេលជាប់ក្នុងពន្ធនាគារ ហើយប្រាក់ទាំងអស់នោះត្រូវបានប្រគល់មកវិញផងដែរ។

លោក Zanjani ត្រូវបានចាប់ខ្លួន កាលពីឆ្នាំ 2013 ពោលភ្លាមៗ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី លោក Hassan Rouhani ដែលជាផ្នែកមួយនៃការបង្រ្កាបលើអំពើពុករលួយដែលត្រូវបានចោទប្រកាន់ អំឡុងការគ្រប់គ្រងរបស់អតីតប្រធានាធិបតី លោក Mahmoud Ahmadinejad ។

អាជ្ញាធរបានអះអាងនៅពេលនោះថា លោក Zanjani ជំពាក់ប្រាក់ជាង ២.១ពាន់លានដុល្លារ សម្រាប់ការលក់ប្រេង ដែលគាត់បានធ្វើក្នុងនាមរដ្ឋាភិបាលរបស់លោក Ahmadinejad ។

លោក Zanjani គឺជាអ្នកជំនួញដ៏មានបំផុតម្នាក់របស់ប្រទេសអ៊ីរ៉ង់ ដែលមានទ្រព្យសម្បត្តិប្រមាណ ១៤ពាន់លានដុល្លារ។ ការបន្ធូរបន្ថយទោសលោក Zanjani បង្ហាញថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងត្រូវការប្រាក់ចំណូលជាចាំបាច់ បន្ទាប់ពីការទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកជាច្រើនឆ្នាំមកលើប្រទេសនៅអាស៊ីខាងលិចមួយនេះ។

នៅឆ្នាំ ២០១៨ បន្ទាប់ពីអតីតប្រធានាធិបតីអាម៉េរិក លោក Donald Trump បានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ដែលមានគោលបំណងដកទណ្ឌកម្មលើអ៊ីរ៉ង់ជាថ្នូរនឹងការបិទសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសនេះ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានជួបការលំបាកក្នុងការលក់ប្រេងឆៅរបស់ខ្លួន ដែលជាប្រភពចំណូលសំខាន់របស់ប្រទេសនេះ។

បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់លោក Trump ពីកិច្ចព្រមព្រៀងនោះ រូបិយបណ្ណរីអាល (Rial) អ៊ីរ៉ង់បានធ្លាក់ចុះ។ នៅក្នុងឆ្នាំ ២០១៤ អ៊ីរ៉ង់បានប្រហារជីវិតមហាសេដ្ឋីជំនួយញម្នាក់ទៀតគឺលោក Mahafarid Amir Khosravi ពីបទឆបោកធនាគាររដ្ឋលើទឹកប្រាក់ចំនួន ២.៦ពាន់លានដុល្លារ នៅក្នុងប្រទេសអ៊ីរ៉ង់៕ (ប្រភព ៖ AP និង VnExpress រូបភាព ៖ CNN និង Bloomberg)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ