រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ជុំវិញករណីចោទមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបច្រមុះជ្រូកក្បាលថ្នល់ ថាបានឃាត់ម៉ូតូ ដែលបំពាក់អំពូលភ្លើងស៊ីញ៉ូ LED ពណ៌ស ខុសលក្ខណៈបច្ចេកទេស និងផាកពិន័យចំនួន៨០,០០០រៀល ដែលម្ចាស់ម៉ូតូរូបនេះ បានបង្ហោះជាវីដេអូឃ្លីបលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ។
ក្រោយពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជាពិសេសផេកហ្វេសប៊ុកឈ្មោះពណ៌ Film រួចមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវករណីនេះ ដោយបានកោះហៅលោកអនុសេនីយ៍ឯក អំ នាង ប្រធានគោលដៅស្តុបច្រមុះជ្រូកក្បាលថ្នល់ ចូលមកបំភ្លឺ ។
តាមការបំភ្លឺរបស់ប្រធានគោលដៅ បានអោយដឹងថា នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅគោលស្តុបច្រមុះជ្រូកក្បាលថ្នល់ បានធ្វើការឃាត់ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IV-3640 ពាក់ព័ន្ធករណីល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់អំពូល LED ពណ៌ស ដាក់ស៊ីញ៉ូមុខក្រោយ ដើម្បីអប់រំណែនាំអំពីកំហុស ដែលបានបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស និងអនុញ្ញាតឱ្យគាត់បន្តដំណើរទៅមុខ ដោយមិនមានការផាកពិន័យនោះទេ ។
បន្ទាប់មកមន្ត្រីជំនាញការិយាល័យ បានអញ្ជើញម្ចាស់ផេកហ្វេសប៊ុកឈ្មោះ ពណ៌ Film ដែលមានឈ្មោះ មួង វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ អ្នកនិពន្ធ និងដឹកនាំសម្តែង សួរនាំជុំវិញបញ្ហានេះ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ សមត្ថកិច្ចបានធ្វើការពន្យល់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ជំពូកទី៣ មាត្រា៦ថ្មី ចំណុចទី២ “ត្រូវពិន័យទឹកប្រាក់ចំនួន ៨០,០០០រៀល ចំពោះអ្នកបើកបរដែលបានប្រព្រឹត្តអំពើល្មើស ដាក់តាំងភ្លើង និងភ្លើងសញ្ញា នៃយានមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។
ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កន្លងមកយានយន្តដែលបំពាក់ភ្លើងកែច្នៃខុសលក្ខណៈបច្ចេកទេស មិនប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈធ្ងន់ធ្ងរ គឺគ្រាន់តែអប់រំណែនាំម្ចាស់យានយន្តតែប៉ុណ្ណោះ ដោយសមត្ថកិច្ចមិនបានធ្វើការផាកពិន័យនោះទេ ដូចជាករណីនេះ សមត្ថកិច្ចក៏មិនបានផាកពិន័យគាត់នោះដែរ ។
បន្ទាប់ពីណែនាំពន្យល់រួច ម្ចាស់ម៉ូតូ បានសារភាព ថា សមត្ថកិច្ចមិនផាកពិន័យគាត់ទេ និងយល់ព្រមទទួលស្គាល់កំហុសដោយយល់ព្រមលុបវីដេអូដែលបានបង្ហោះនោះចេញផងដែរ ៕


ចែករំលែកព័តមាននេះ