ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុកាល​ជា​មធ្យម​របស់​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា កើនឡើង​ដល់​ទៅ​៧០​ឆ្នាំ ពោល គឺ​វែង​ជាង​កាលពី​១០​ឆ្នាំ​មុន ដល់​ទៅ​១១​ឆ្នាំ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ពេល​កាន់តែ​ចាស់ ជំងឺ​ព្យាធិ កាច​សាហាវ​ក៏​ប្រឈម​កាន់តែ​ច្រើន ដែល​ទាមទារ​ការ​ចំណាយ​ច្រើន ។…

អាយុកាល​ជា​មធ្យម​របស់​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា កើនឡើង​ដល់​ទៅ​៧០​ឆ្នាំ ពោល គឺ​វែង​ជាង​កាលពី​១០​ឆ្នាំ​មុន ដល់​ទៅ​១១​ឆ្នាំ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ពេល​កាន់តែ​ចាស់ ជំងឺ​ព្យាធិ កាច​សាហាវ​ក៏​ប្រឈម​កាន់តែ​ច្រើន ដែល​ទាមទារ​ការ​ចំណាយ​ច្រើន ។ ដូច្នេះ​គួរតែ​សន្សំ​លុយកាក់​ខ្លះ​ៗ​ទុក​អោយ​ហើយ ។

មក​ដល់​ពេល​នេះ នៅ​ពេល​ដែល​ជីវភាព​ពលរដ្ឋ​កាន់តែ​កែ​លម្អ ប្រាក់​ចំណូល​ចូល​រដ្ឋ​ក៏​កាន់តែ​ប្រសើរ ដោយនៅ​ពេល​នេះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កម្មវិធី​ទ្រទ្រង់​សុខមាលភាព​សង្គម​កាន់តែ​ច្រើន ។ កម្មវិធី​ទាំងនេះ​មាន​ដូច​ជា ការ​បង្កើត​កញ្ចប់​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​មូលនិធិ​សមធម៌​ជាដើម​ដើម្បី​ធានា​លើកកម្ពស់ និង​ផ្តល់​ការ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ពលរដ្ឋ ។ ប៉ុន្តែ​សូមកុំ​ផ្តេកផ្តួល ហើយ​ក៏​កុំ​រំពឹង​លើ​បន្ទុក​រដ្ឋ​ខ្លាំង​ពេក ។

រហូត​មក​ដល់​ពេល​នេះ ក្រោម​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​មន្ត្រីរាជការ កម្មករនិយោជិត​ដែល​ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​គម្រោង​របស់​រដ្ឋ​ទាំងនោះ គឺ​អាច​ទទួល​ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នានា ហើយ​រដ្ឋាភិបាល​បាន​ពង្រីក​ការ​ទទួលខុសត្រូវ​នេះ​កាន់តែ​ទូលំទូលាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ជា​ជំហាន​ៗ ។ ទោះបីជា​សេវាកម្ម​នេះ​វា​មិន​ប្រសើរ​មិនល្អ​ដូច​ជា​នៅ​ស្រុក​គេ​ហើយ​ជា​ទូទៅ​នៅ​តែ​មានកា​រិះគន់ តែ​ជា​ការ​ទទួលខុសត្រូវ​មួយ​។

នៅ​ក្នុង​ស្ថានភាព​នេះ នៅ​ពេល​ដែល​ចាស់​ទៅ​ពលរដ្ឋ​យើង​ពិតជា​អាច​នឹង​ទទួល​សេវាកម្ម ព្យាបាល​ជំងឺ​នានា ដោយ​មិន​អស់ប្រាក់​មែន ។ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​រិះគិត​អំពី​ថ្លៃ​ជីវភាព​រស់នៅ​ហូប​ចុក ហើយ​ក៏​ត្រូវការ​ការ​ចំណាយ​ខ្លះ​សម្រាប់​រ៉ាប់រង​នូវ​ការ​ចំណាយ​ផ្សេង​ៗ​ដែល​មិន​នៅ​ក្នុង​បញ្ជី​ទំនុកបម្រុង​របស់​រដ្ឋ ។ ដូចនេះ​គោលការណ៍​សន្សំ​ប្រាក់​ទុក​សម្រាប់​ចាស់ ជរា គឺ​ត្រូវ​តែ​ធ្វើ និង​ទម្លាប់​ឲ្យ​ហើយ ។

អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​អាយុកាល​ជា​មធ្យម​ពលរដ្ឋ​យើង​កែ​លម្អ​ច្រើន ប៉ុន្តែ​នៅ​ពេល​ដែល​ចាស់​ជំងឺ​ជា​ច្រើន​ដែល​ប្រឈម​ខ្ពស់ គឺ​មាន​ច្រើន​ដូច​ជា ជំងឺ​ដាច់​សរសៃឈាម​ជំងឺ​បេះដូង ជំងឺ​ក្រិន​ថ្លើម ជំងឺ​ផ្លូវដង្ហើម ទឹកនោមផ្អែម លើសឈាម និង​តម្រង់​នោម​ជាដើម ។ ក្រៅពី​ជំងឺ​ទាំងនេះ ក៏​ពលរដ្ឋ​ត្រូវ​រស់​ក្រោម​ការ​យាយី​ដោយ​ជំងឺ​ជា​ច្រើន​មុខ​ទៀត ដោយ​រួម​ទាំង​ជំងឺ​ពុក​ឆ្អឹង មហារីក វ​ង្វែ​ង​បាត់​ការ​ចង់​ចាំ ។​ល ។

ជំងឺ​ទាំងនេះ​ថ្លៃ​ចំណាយ គឺ​ខ្ពស់​ខ្លាំង​ណាស់ ហើយ​នៅ​ក្នុង​ករណី​យើង​ចង់បាន​សេវាកម្ម ដែល​ប្រសើរ​ហើយ​ល្អ​ជាង​ពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​ផ្តល់​អោយ​យើង​ក្រោម​កញ្ចប់​មូលនិធិ​ដែល​បាន​កំណត់​នៅ​ក្នុង​គោលនយោបាយ​ជាតិ យើង​ដាច់ខាត គឺ​ត្រូវ​តែ​មាន​លុយ កាក់​ខ្លះ ចំណាយ​ផ្ទាល់ខ្លួន ។

ការ​រ៉ាប់រង​ការ​ចំណាយ​ទាំងនេះ ប្រសិនបើ​យើង​មានកូន​ដើរ​ដោយ​គន្លង​ធរ​គេ​ចេះ​យកចិត្តទុកដាក់​គេ​ដឹងគុណ គេ​ចេះ​ថែរក្សា និង​ធានា​ឲ្យ​ជីវិត​ចុង​ក្រោយ​យើង​រុងរឿង​នោះ​មិនសូវ​ជា​ក្តី​បារម្ភ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អត់​វិញ​នោះ យើង​កាន់តែ​ពិបាក ដូច្នេះ​ការ​សន្សំទុក​សម្រាប់​ខ្លួន​យើង​គួរតែ​អនុវត្ត ។

ម្យ៉ាងវិញទៀត ទោះបីជា​យើង​មានកូន​មាន​ចៅ​ដោយ​គន្លង​ធម៌​ក៏​ពិតមែន ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចាស់​ទៅ​មាន​លុយ​សន្សំ​នៅ​ក្នុង​ដៃ​ខ្លួនឯង​ក៏​សម្រាល​បន្ទុក ហើយ​ពួក​គេ​ក៏​ធូរស្រាល​នៃ​ការ​ចំណាយ​ខ្លះ​ដែរ ។ នៅ​ពេល​នេះ​ប្រាក់​ចំណូល​ជា​មធ្យម​របស់​ពលរដ្ឋ​យើង​ត្រូវ​បាន​រដ្ឋាភិបាល​ព្យាករណ៍​ថា នៅ​ក្នុង​កម្រិត​ប្រមាណ​ជា​២០០០​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​បើ​យើង​អាច​សន្សំ​ប្រហែលជា​១៥​ភាគរយ ចាប់ពី​អាយុ​៣០ ឆ្នាំ​ឡើង​ទៅ ទម្រាំ​ដល់​អាយុ​ចូល​និវត្តន៍​ត្រឹម​៦០ ឆ្នាំ​យើង​អាច​នឹង​សល់​ប្រាក់​គួរសម ។

ផ្អែក​តាម​មូលដ្ឋាន​នេះ យើង​អាច​នឹង​សន្សំ​ប្រាក់​បាន​រយៈពេល​៤០​ឆ្នាំ ដូច្នេះ​ប្រសិនបើ​មួយ​ឆ្នាំ​៣០០ ដុល្លារ យើង​អាច​មាន​ប្រាក់​មូលដ្ឋាន​នេះ​១២.០០០ ដុល្លារ​ដែរ​នៅ​អាយុ​៦០​ឆ្នាំ ។ ប៉ុន្តែ​ប្រសិនបើ​យើង​សន្សំ​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មានការ​ប្រាក់​នោះ​ប្រាក់​សន្សំ​របស់​យើង​ក៏​អាច​នឹង​កើនឡើង​ទៅ​តាម​កម្រិត​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត ដូច្នេះ​ទម្រាំ​ចាស់​យើង​ពិតជា​មាន​លុយ​នៅ​ក្នុង​ដៃ ដែល​អាច​នឹង​រស់នៅ​នា​ជីវិត​ចុង​ក្រោយ​ដោយ​មិនសូវ​បារម្ភ​ខ្លាំង​ទោះបី​ប្រាក់​នេះ​មិន​ច្រើន​បរិបូរណ៍​ណាស់ណា​ក៏​ដោយ ។

សរុប​មក​វិញ ដើម្បី​អោយ​ជីវិត​នៅ​ពេល​ដែល​ជរា គ្មាន​កម្លាំងកំហែង និង​ប្រាជ្ញា​គ្រប់គ្រាន់ ដើម្បី​បំពេញការងារ​ចិញ្ចឹមជីវិត មាន​ស្ថានភាព​ក្នុង​កម្រិតជីវភាព​សមរម្យ យើង​គួរ​គប្បី​ខិតខំ​សន្សែ សន្សំ​បណ្តើរ​ៗ ។ គិត​ហើយ​អនុវត្ត​ចាប់ពី​ពេល​នេះ​តទៅ លុះដល់​យើង​ចាស់​ទៅ​ផល​នឹង​ឃើញ ប៉ុន្តែ​ប្រសិនបើ​យើង​ចេះ​តែ​បណ្តោយ និង​មិន​យកចិត្តទុកដាក់ ដឹង​តែ​រកបាន​គិតតែ​ពី​ចាយវាយ​ហ៊ឺហារ​មួយ​ខែ​អស់​មួយ​ខែ ដល់​ពេល​ចាស់​ទៅ​បាន យើង​គិត​គឺ​ហួសពេល​ល្មម ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ