អន្តរាគមន៍ត្រូវបានគេយកមកអនុវត្តនៅច្រើនករណី ច្រើនហេតុការណ៍នៅក្នុងសង្គមកម្ពុជា ។ ដូចជាអន្តរាគមន៍ ដើម្បីចេញពីកន្លែងត្រួតពិនិត្យរបស់សមត្ថកិច្ច អន្តរាគមន៍ដើម្បីរួចផុតពីការអនុវត្តច្បាប់របស់សមត្ថកិច្ច អន្តរាគមន៍ដើម្បីដោះស្រាយករណីណាមួយដោយមិន បាច់ឆ្លងកាត់នីតិវិធីបែបបទរដ្ឋបាលជាដើម ។
ដោយសារមានទម្លាប់អន្តរាគមន៍ សូម្បីករណីគ្រោះថ្នាក់ចរាចរណ៍ម្តងៗក៏ពលរដ្ឋមួយចំនួនបានស្វែងរកកិច្ចអន្តរាគមន៍ពីអ្នកធំដែរ ។ ដោយមិនបានគិតពីការទទួលខុសត្រូវរបស់ខ្លួនចំពោះសកម្មភាពល្មើសច្បាប់ឡើយ ។ ជាពិសេសទម្លាប់អន្តរាគមន៍អាចធ្វើឱ្យមនុស្សមិនខ្លាចរអានឹងច្បាប់ ខ្វះការប្រុងប្រយ័ត្ន និងគ្មានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ។ អាងទម្លាប់អន្តរាគមន៍អាចធ្វើមនុស្សមិនខ្វល់ ពីការគោរពសិទ្ធិអ្នកដទៃ ។
ទម្លាប់អន្តរាគមន៍ហាក់បានក្លាយជាវប្បធម៌មួយនៅក្នុងសង្គម ។ គេបានសង្កេតឃើញ មានទម្លាប់អន្តរាគមន៍ សូម្បីនៅតាមច្រកត្រួតពិនិត្យ តាមព្រំដែនតាមអាកាសយានដ្ឋានអន្តរជាតិ ។ ដោយសារខ្លួនមានស្គាល់អ្នកធំខ្លួនជាសាច់ញាតិ និងជាបងប្អូន អ្នកមានអំណាច ការធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ មិនបាច់ត្រូវឆែកឆេរ មិនបាច់តម្រង់ជួរឡើយ ។
ដោយសារការអន្តរាគមន៍ មនុស្សមួយចំនួនបានដើរឆ្លងកាត់ហ្វូងមនុស្សជាច្រើន ដែលគេកំពុងឈរតម្រង់ជួរតាមច្បាប់ទម្លាប់ ។ ទង្វើនិងកាយវិកាយអន្តរាគមន៍ខ្លះបានធ្វើឱ្យអ្នកធ្វើដំណើរទាំងឡាយទាំងពួង ជាពិសេសភ្ញៀវទេសចរបរទេសគេបានភ្ញាក់ផ្អើល ។ អ្នកទេសចរបរទេសដែលមកពីប្រទេសគោរពច្បាប់ មានការងឿងឆ្ងល់ថាហេតុអ្វីបានជាបុគ្គលនោះមកក្រោយដើរចូលទៅមុនដើរចូលដោយគ្មានការត្រួតពិនិត្យ ។
វប្បធម៌អន្តរាគមន៍មានផលអវិជ្ជមានជាច្រើន ។ ធ្វើឱ្យសង្គមបាត់បង់សណ្តាប់ធ្លាប់ ប្រព័ន្ធច្បាប់ចុះខ្សោយ បង្កើតឱ្យមានអំពើពុករលួយ បក្សពួកនៅក្នុងសង្គម គ្មានតម្លាភាព មិនស្មើមុខគ្នាចំពោះច្បាប់ ។ អ្នកធំ អ្នកមានអំណាច អាចអន្តរាគមន៍ អាងបក្សអាងខ្នង មិនខ្លាចច្បាប់ ។ ចំណែកពលរដ្ឋដែលគ្មានអ្វីអាង គ្មាននរណាអាចឱ្យខ្លួនពឹងពាក់ រក កិច្ចអន្តរាគមន៍បាន ក៏បានត្រឹមស្រែកថា អយុត្តិធម៌គ្មានតម្លាភាព ហើយចង់មិនចង់យូរទៅវប្បធម៌អន្តរាគមន៍នឹងធ្វើអោយសង្គមបាក់បែកបែងចែងវណ្ណៈជាមិនខានឡើយ ។ ភ័ស្តុតាងមួយ ដែលបង្ហាញពីវប្បធម៌អន្តរាគមន៍នៅក្នុងសង្គមខ្មែរ មានរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជួន បានអំពាវនាវឱ្យមានការបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលខ្លួនដឹកទំនិញលើសទម្ងន់លើផ្លូវសាធារណៈ ។ ការអំពាវនាវរបស់លោករដ្ឋមន្ត្រីដូច្នេះ ដោយសារកន្លងមក នៅពេលសមត្ថកិច្ចឃាត់ចាប់រថយន្តដែលដឹកទំនិញលើសទម្ងន់ ដែលបង្កដល់ការខូចផ្លូវ និងបង្កគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវនោះ តែងតែមានកិច្ចអន្តរាគមន៍ ដើម្បីកុំឱ្យមានចំណាត់ការផ្លូវច្បាប់ទៅលើរថយន្តល្មើសច្បាប់នោះ ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំពាវនាវយ៉ាងទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់វប្បធម៌អន្តរាគមន៍ នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ និងចូលរួមគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា ។ ក្នុងសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ លោករដ្ឋមន្ត្រីបានរំលឹកដែរថា នៅក្នុងវេទិកា រាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ កន្លងទៅសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជួនធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសិក្សាពីបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវដែលអាចប្រើប្រាស់បានសម្រាប់ការដំឡើង កម្រិតទម្ងន់រថយន្តដឹកទំនិញពី៤០តោន ទៅដល់៤៥តោន ។
ក្នុងន័យរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជួន លោកក៏បានណែនាំឱ្យបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ពិនិត្យថ្លឹងថ្លែង និងផ្ទៀងផ្ទាត់ទាំងលក្ខណៈ បច្ចេកទេស និងការអនុវត្តដូចជា ការប្រៀបធៀបនឹងប្រទេសជិតខាង និងប្រទេសក្នុងតំបន់ ដើម្បីពិនិត្យកែសម្រួល និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមលក្ខណៈបច្ចេកទេសឱ្យមានសង្គតិភាពទៅនឹងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូន ។
លោក ប៉េង ពោធិ៍នា ក៏បានស្នើដល់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់បន្ត បង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីកែលម្អចំណុចខ្វះខាត និងបញ្ហាប្រឈមនានា និងសូមបន្តយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អ ប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេស បន្តការដឹកនាំគ្រប់គ្រង និងចុះអនុវត្តសកម្មភាពទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវគុណភាព និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ។
បើតាមការអំពាវនាវរបស់លោករដ្ឋមន្ត្រី ក្រសួងសាធារណការនាពេលនេះ អន្តរាគមន៍ជា ឧបសគ្គមួយសម្រាប់ការអនុវត្តច្បាប់នៅកម្ពុជា។ ផលលំបាកនេះ ទំនងមែនបង្កជាការលំបាក សម្រាប់តែក្រសួងសាធារណការមួយប៉ុណ្ណោះទេ ។ អ្នកអនុវត្តច្បាប់ផ្សេងៗ ក៏មានផលលំបាកពីវប្បធម៌អន្តរាគមន៍នេះដែរ ។
បញ្ឈប់វប្បធម៌អន្តរាគមន៍ នាំឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ។ ទាំងអ្នកអនុវត្តច្បាប់ ទាំងពលរដ្ឋ ក៏ត្រូវគោរពច្បាប់ ហើយមន្ត្រីអ្នកអនុវត្តច្បាប់ ក៏ស្ថិតនៅក្រោមច្បាប់ ។ បញ្ឈប់ទម្លាប់អន្តរាគមន៍ កម្ពុជាថែរក្សាការពារសម្បត្តិរដ្ឋមានប្រសិទ្ធភាព ដូចជា ផ្លូវថ្នល់ ជាដើមនោះ ។ គ្មានទម្លាប់អន្តរាគមន៍ គ្រប់គ្នារស់នៅក្រោមច្បាប់ ស្មើរភាព មានតម្លាភាព សណ្តាប់ធ្លាប់សង្គមល្អបរទេសកោតសរសើរ ៕ ដោយ សា រ៉ាន់
ចែករំលែកព័តមាននេះ