ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកលេងតន្ត្រីផងបានយកកូនកាំបិតចិតបន្លែចាក់កខ្លួនលិចកប់ផ្លែកាំបិតក្នុងគោលបំណងបញ្ចប់ជីវិតខ្លួនឯង ដែលញាំញីទៅដោយគ្រឿង
ញៀនដកខ្លួនមិនរួច តែមិនស្លាប់តាមបំណងប្រាថ្នា ដោយសារតែបងប្អូនឃើញ ហើយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ម្យ៉ាងចាក់ខុសកន្លែងស្លាប់ ។

ហេតុការណ៍ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី ១៤ កុម្ភៈ នៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ នេះបើតាមរបាយការណ៏របស់សមត្ថកិច្ចមូលដ្ឋាន ។
របាយការណ៍បានឲ្យដឹងថា ជនដែលប៉ងធ្វើអត្តឃាត ដោយប្រើវិធីយកកូនកាំបិតចាក់កខ្លួនឯង ដូចចាក់កជ្រូកខាងលើនេះ ត្រូវគេស្គាល់ថា ឈ្មោះ ស គិរី ប្រុសអាយុ៤២ឆ្នាំ ជាតន្ត្រីករ រស់នៅចំណុចកើតហេតុខាងលើ ។ ជននេះបានយកកូនកាំបិតចិតបន្លែ ចាក់កខ្លួនឯងលិចកប់ចូលបាត់ផ្លែកាំបិត តែមិនទាន់ស្លាប់ទេ ហើយត្រូវបានបងប្អូនឃើញទាន់ ក៏បានដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះបន្ទាន់។
នាយផ្នែកនគរបាលយុត្តិធម៌នៃអធិការក្រុងបាត់ដំបង លោក ប្រៀន អេលីសា បានឲ្យដឹងដែរថា បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីមូលដ្ឋាន ជនរងគ្រោះហាក់ពុំមានជម្លោះជាមួយក្រុមគ្រួសារទេ មុនពេលប៉ងធ្វើអត្តឃាត តែជននេះទំនងបែកថ្នាំដល់កំរិត ។ លោកនាយផ្នែករូបនេះបាននិយាយថា ពេលយកកូនកាំបិតចាក់បំពង់កលិចកប់ផ្លែ ជននេះមិនស្លាប់ទេ និងអាចនិយាយបានទៀតផង។
បងប្អូនបានដឹកជននេះទាំងកូនកាំបិតជាប់បំពង់ក ទៅកាន់មន្ទីរពេទ្យខេត្តភ្លាមៗ តែខាងមន្ទីរពេទ្យមិនអាចជួយសង្គ្រោះបាន ព្រោះមើលទៅផ្លែកាំបិតលិចកប់ចូលក្នុងបំពង់កជ្រៅពេក ។ ដូច្នេះ ក្រុមគ្រូពេទ្យ និងក្រុមគ្រួសារជនរងគ្រោះ ក៏បានសម្រេចបញ្ជូនជននេះទាំងកាំបិតជាប់ក្នុងបំពង់ក បន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។ ប៉ុន្តែបើតាមដំណឹងបឋមនៅព្រឹកថ្ងៃទី ១៥ កុម្ភៈ នេះ ពីក្រុមគ្រួសារបានឲ្យដឹងថា ក្រុមគ្រូពេទ្យនៅភ្នំពេញ បានជួយសង្គ្រោះ តន្ត្រីករដែលចង់ស្លាប់ខាងលើនេះ ឲ្យរួចផុតពីសេចក្ដីស្លាប់ហើយ ។

គេពុំដឹងមូលហេតុពិតប្រាកដ ដែលនាំឲ្យតន្ត្រីកររូបនេះ យកកូនកាំបិតចាក់កប៉ងធ្វើអត្តឃាតខ្លួនឯងដូច្នេះទេ។ ប៉ុន្តែបើតាមសមត្ថកិច្ច ដែលបានចុះទៅកាន់ផ្ទះជនរងគ្រោះភ្លាមៗ និង បានសាកសួរបឋម ជនរងគ្រោះរូបនេះបាននិយាយប្រាប់សមត្ថកិច្ចទាំងកាំបិតជាប់ក្នុងបំពង់កថា «មូលហេតុដែលខ្ញុំ ចាក់សម្លាប់ខ្លួន គឺ ខ្ញុំតូចចិត្តនឹងខ្លួនឯងដែលដកខ្លួនមិនរួចពីគ្រឿងញៀន» ។
សមត្ថកិច្ចបានស្រង់ចម្លើយជនរងគ្រោះទៀតថា «កាលមុនខ្ញុំធ្លាប់ប្រើប្រាសថ្នាំញៀនដែរ តែខ្ញុំដកខ្លួនផុតម្ដងទៅហើយ តែឥឡូវខ្ញុំធ្លាក់ខ្លួននឹងគ្រឿងញៀននេះទៀត រហូតដកខ្លួនមិនបាន ទើបខ្ញុំតូចចិត្តចង់សម្លាប់ខ្លួនបែបនេះ»។ នេះជាសម្រង់សម្ដី ដែលសមត្ថកិច្ចបានសួរនាំជនរងគ្រោះបឋមមុនពេលបញ្ជូនជនរងគ្រោះទៅគាន់មន្ទីរពេទ្យ ។ ប៉ុន្តែរឿងពិតបែបណា នោះមានតែសាមីខ្លួន និង ក្រុមគ្រួសារផ្ទាល់ទេ ទើបជ្រាបរឿងនេះលម្អិត។
យ៉ាងណា បើតាមសមត្ថកិច្ចបានប្រាប់ថា គ្រូពេទ្យបានធ្វើការវះកាត់យកកាំបិតចេញពីក្នុងបំពង់កជនរងគ្រោះដោយជោគជ័យហើយ។ ដូច្នេះ បានន័យថា តន្ត្រីកររូបនេះអាចនៅសល់ជីវិត មិនស្លាប់តាមបំណងប្រាថ្នាដែលខ្លួនចង់បាននោះទេ ។
ចែករំលែកព័តមាននេះ