ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​នៃ​ក្តី​ស្រឡាញ់ ឬ​Valentine’s Day ជា​វប្បធម៌​របស់​បរទេស​ដែល​បាន​ហូរ​ចូល​មក​កម្ពុជា ។ ពី​ដំបូង​មាន​យុវជន​ខ្មែរ​មួយ​ចំនួន​បាន​យល់ និង​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​គេ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​នេះ ។…

ទិវា​នៃ​ក្តី​ស្រឡាញ់ ឬ​Valentine’s Day ជា​វប្បធម៌​របស់​បរទេស​ដែល​បាន​ហូរ​ចូល​មក​កម្ពុជា ។ ពី​ដំបូង​មាន​យុវជន​ខ្មែរ​មួយ​ចំនួន​បាន​យល់ និង​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​គេ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​នេះ ។ ប៉ុន្តែ​ទោះ​នេះ​ជា​វប្បធម៌​របស់​ប​ច្ចឹ​ម​ប្រទេស​ក្តី បើ​គេ​បាន​សិក្សា​ឱ្យ​លម្អិត និង​សម្លឹង​មើល​ពី​ជ្រុង​វិជ្ជមាន​វិញ​នោះ​គ្មាន​អ្វី​ខុស​ឡើយ​ចំពោះ​ក្តី​ស្រឡាញ់​។ ក្តី​ស្រឡាញ់ ដែល​មនុស្ស​សត្វ​គ្រប់​រូប​មិន​ថា ជាតិ​សាសន៍​ណា​នោះ​គេ​ទេ គឺ​ត្រូវការ​ទាំងអស់​គ្នា​។

សេចក្តី​ស្រឡាញ់​មិនមែន​ជា​កម្មសិទ្ធិ​ន​រណា​ម្នាក់​ឡើយ ។ ផ្ទុយ​ទៅ​វិញ​ប្រសិនជា​ពិភពលោក ពោ​ពេញ​ដោយ​ក្តី​ស្រឡាញ់​នោះ គ្មាន​ឡើយ​ជម្លោះ​ គ្មាន​ឡើយ​សង្គ្រាម និង​គ្មាន​ការ​ច្រណែនឈ្នានីស​គ្នា ។ មាន​ក្តី​ស្រឡាញ់ មាន​សន្តិភាព មាន​សុភមង្គល មិន​ថា សង្គម​ជាតិ និង​ក្រុម​គ្រួសារ ឬ​សកល​លោក​ទាំងមូល​នោះ​ឡើយ ។

នៅ​ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រឡាញ់ មាន​សកម្មភាព​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ជា​វិជ្ជា​មាន​ជា​សកម្មភាព​គំរូ​ដែល​ពលរដ្ឋ​បាន​ផ្តល់​សេចក្តី​ស្រឡាញ់​ឱ្យ​គ្នា​ឱ្យ​ក្រុម​គ្រួសារ និង​ឱ្យ​សង្គម​ជាតិ ដែល​គួរ​ក្លាយជា​គំរូ​ល្អ​មួយ​សម្រាប់​មនុស្សជាតិ ។ ជា​គំរូ​ដែល​គ្រប់​គ្នា​បន្ត​ធ្វើ​បន្ត​អនុវត្តន៍ ជា​ប្រចាំ​ថ្ងៃ ដើម្បី​ស្នាមញញឹម និង​សេចក្តីសុខ​ពិត​របស់​ខ្លួន និង​សង្គម​ខ្លួន ។

នៅ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ​នេះ មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ចេញ​ទៅ​បរិច្ចាគ​ឈាម ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ ដែល​ត្រូវការ​ឈាម ។ នៅ​ក្នុង​ចំណោម​ដែល​ពលរដ្ឋ​បាន ចេញ​ទៅ​បរិច្ចាគ​ឈាម មាន​ច្រើន​រូបភាព ខ្លះ​បាន​ទៅ​បរិច្ចាគ​ឈាម​ជា​លក្ខណ​បុគ្គល ម្នាក់ឯង​។ ខ្លះ​អញ្ជើញ​ទៅ​ជា​ក្រុម​គ្រួសារ មាន​ប្តី​ប្រពន្ធ និង​កូន​ៗ ។ ការ​បរិច្ចាគ​ឈាម នៅ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ មាន​អង្គការ ស្ថាប័ន​នានា បាន​រៀបចំ​ជា​កម្មវិធី​បរិច្ចាគ​ឈាម​ជា​ទ្រង់ទ្រាយ​ធំ​តែ​ម្តង ។

នៅ​ក្នុង​ថ្ងៃ​ទិវា​ក្តី​ស្រឡាញ់​នេះ មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ទៅ​បរិច្ចាគ​ឈាម​នោះ​ទេ តែ​ពួក​គាត់​បាន​បរិច្ចាគ​ថវិកា​មួយ​ចំនួន ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​ពលរដ្ឋ​ខ្មែរ​ហៅ​ថា ពេទ្យ​ទេវតា​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ។ ក្រៅពី​នេះ ពលរដ្ឋ​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​មនុស្សធម៌ ដោយ​ការ​គោរព ការ​ស្រឡាញ់​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រពៃណី វប្បធម៌​របស់​ខ្មែរ​ដូច​ជា ការ​ធ្វើ​ច​ង្ហា​ត់ទៅ​ប្រគេន​ព្រះសង្ឃ ជូន​លោកឪពុក​អ្នក​ម្តាយ​បាន​ដើរ​ក​ម្សា​ន​ជាដើម ។

សកម្មភាព​ទាំងនោះ សុទ្ធ​សឹង​ជា​អំពើ​ល្អ​បាន​បុណ្យ​កុសល​ពិសេស​បាន​សេចក្តីសុខ​សម្រាប់ ផ្លូវចិត្ត​អ្នក​បាន​បរិច្ចាគ​ផ្ទាល់​តែ​ម្តង ។ សកម្មភាព​ទាំង​អស់នេះ ពលរដ្ឋ​គួរ​នាំ​គ្នា​បន្ត​ធ្វើ និង​ធ្វើ​ឱ្យ បានជា​រឿយ​ៗ​ត្បិត​អី​ទាំង​អស់នោះ ជា​តម្រូវការ​របស់​សង្គម​ជាតិ​តែ​ម្តង ។

ឈាម​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ ។ សកម្មភាព​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត បើ​ទោះបី​មានការ​ផុស​ផល​យ៉ាង​ក្តី តែ​បរិមាណ​ឈាម​បាន​ពី​សម្បុរ​ជន នៅ​មិន ទាន់​ឆ្លើយ​តប​តម្រូវការ​នោះ​ទេ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ច្រើន​ថែម​ទៀត​ពី​ប្រជាពលរដ្ឋ​។ ក្រៅពី​សកម្មភាព​ដូច​រៀបរាប់​ខាងលើ កាយវិការ​មនុស្សធម៌ បង្ហាញ​ពី​ការ​ស្រឡាញ់​ជា​ច្រើន​ទៀត ដែល​ពលរដ្ឋ​គួរ​នាំ​គ្នា​ប្រតិបត្តិ ។ ប្រតិបត្តិ​នូវ​កាយវិការ​មនុស្សធម៌​ចេញពី​បេះដូង​កាន់តែ​ច្រើន​សង្គម​ជាតិ​យើង​ក៏​ទទួល​បាន​សេចក្តីសុខ សុវត្ថិភាព កាន់តែ​ច្រើន​ដែរ ហើយ​ពលរដ្ឋ​គ្រប់​គ្នា​នឹង​រស់នៅ​ជាមួយ​ស្នាមញញឹម​គ្រប់​ៗ​គ្នា ។ ដូច្នេះ ពេល​អ្នក​ទៅ​ដល់​កន្លែង​ណា​ក៏​ដោយ ចូរ​អ្នក​ចែករំលែក​ក្តី​ស្រឡាញ់ ហើយ​ផ្តល់​ស្នាមញញឹម និង​ក្តី​រីករាយ​ដល់​មនុស្ស​ដែល​បាន​ជួប​អ្នក ៕ ដោយ សារ៉ាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ