យោងតាមការប្រកាសនៅលើបណ្តាញសង្គមអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា ក្នុងនាមសមាគមសិល្បករខ្មែរ នាងខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូនលោកជំទាវម៉ែ ហ៊ុន ស៊ីណាត និងបងប្អូនសិល្បករ-សិល្បការិនី ក៏ដូចជាសាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ៥ឆ្នាំម្ដង ។

ដោយឡែក សម្រាប់អាណត្តិនាងខ្ញុំចាប់ផ្ដើមពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មានរយៈពេលជាង៦ឆ្នាំហើយ ។ នោះក៏ព្រោះតែឆ្នាំទី៥ ដែលត្រូវបោះឆ្នោត គឺជាពេលវេលាកំពុងមានវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានការជួបជុំឡើយ ទើបថ្នាក់ដឹកនាំរបស់សមាគមសម្រេចពន្យារពេលបោះឆ្នោតអាណត្តិថ្មី រហូតមកដល់បច្ចុប្បន្ន ។

ទោះបីជាយ៉ាងណា សមាគមកំពុងធ្វើការជាមួយស្ថាប័នដែលពាក់ព័ន្ធ ដើម្បីរៀបចំការបោះឆ្នោតអាណត្តិថ្មីនៅក្នុងឆ្នាំនេះ ហើយសមាគមសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះរៀមច្បងសិល្បករ និងបងប្អូនសិល្បករ សិល្បការិនីទូទៅ ដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោត ដើម្បីបន្តដឹកនាំសមាគមសិល្បករខ្មែរក្នុងអាណត្តិថ្មីឱ្យកាន់តែរីកចម្រើនសំដៅគាំពារដល់សិល្បករគ្រប់ទម្រង់ជាពិសេសសិល្បករចាស់ជរា មានពិការភាព និងមានជីវភាពខ្វះខាតជាដើម ។ សូមគោរពអរគុណដល់ថ្នាក់ដឹកនាំ និងបងប្អូនសិល្បករទាំងអស់ ដែលបានគាំទ្ររូបនាងខ្ញុំកន្លងមក។

ចែករំលែកព័តមាននេះ