ខុសពីប៉ុន្មានឆ្នាំមុននៅឆ្នាំនេះ ទិវាបុណ្យនៃក្តីស្រឡាញ់មិនសូវជាឆ.ក់ បេះដូងយុវជនខ្មែរមួយចំនួនឱ្យភ្លើ.តភ្លើ.នទៀតឡើយ ។ ឆ្នាំនេះជាពិសេសមួយថ្ងៃមុនថ្ងៃ១៤ កុម្ភៈមកដល់ នៅភ្នំពេញហាក់មានសភាពស្ងប់ស្ងាត់ ។
យុវជនហាក់មិនសូវជាជ្រួលច្រាល់ត្រៀមរៀបចំស្វាគមន៍កម្មវិធីថ្ងៃបុណ្យក្តីស្រឡាញ់ខ្លាំងក្លាដូចមុននោះឡើយ ។ មើលទៅយុវជនខ្មែរហាក់បានយល់ដឹងកាន់តែច្បាស់អំពីពិធីបុណ្យរបស់លោកខាងលិច មួយនេះ ឬគេអាចនិយាយម្យ៉ាងបានថា យុវជនខ្មែរដូចជា ស្រងល់នឹងបុណ្យនៃក្តីស្រឡាញ់នេះទៅហើយ ។ ១៤កុម្ភៈ ជាទិវាក្តីស្រឡាញ់ ដែលត្រូវបានយុវជនខ្មែរជាទូទៅស្គាល់ថាថ្ងៃបុណ្យសង្សារ ។ ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃបុណ្យសង្សារ មានយុវជនមួយចំនួនបានជ្រួលជ្រើមហួសហេតុជាមួយវប្បធម៌ និងជាព្រឹត្តិការណ៍របស់ពួកបស្ចិមលោកនេះ។
កាលពីប៉ុន្មានឆ្នាំមុន មួយថ្ងៃឬពីរថ្ងៃមុនថ្ងៃ ទិវានៃក្តីស្រឡាញ់នេះ យុវជនបានត្រៀមខ្លួនជាស្រេច ដើម្បីអបអរសាទរទិវានេះ ។ ពួកគេបានទិញកាដូទុកឱ្យមនុស្សដែលខ្លួនស្រឡាញ់ ពួកគេបានកក់កន្លែងដើរកម្សាន្ត បានណាត់គ្នា ដើម្បីការជួបជុំ និងបានត្រៀមដើម្បីមិនចូល សាលារៀនពីព្រោះតែការសប្បាយភ្លើ.តភ្លើ.ន ដែលបានធ្វើឱ្យសង្គមមានក្តីកង្វល់ដ៏សម្បើបផងដែរ ។
កាលពី១០ឆ្នាំមុន នៅថ្ងៃ១៤កុម្ភៈ នៅតាមដងផ្លូវនានានៅក្នុងទីក្រុងភ្នំពេញ យុវជន បានប្រមូលផ្តុំគ្នាទិញផ្កា ទិញតុក្តា ជិះម៉ូតូប្រសាចជុំគ្នា ក្រោមរូបភាពសប្បាយ ក្អាកក្អាយដោយសារពួកគេហៅថា បុណ្យសង្សារ ។ កាលនោះនៅលើដងផ្លូវសាធារណៈ អាជីវករបានលក់ផ្កានិងវត្ថុអនុស្សាវរីយ៍ដែលមានពណ៌ក្រហម ពណ៌ផ្កាឈូក ពិសេស ផ្កាកូលាប បានយ៉ាងកាក់កប ។ គ្មានឱកាសណា ដែលអាចរកចំណូលបានដូច ថ្ងៃបុណ្យសង្សារនេះឡើយ។
យុវជនមួយចំនួនត្រូវបានគេដឹងថា នាំគ្នាប្រព្រឹត្តអំពើដែលប្រាសចាកប្រពៃណី ទំនៀបទម្លាប់ខ្មែរ ដោយបានណាត់គ្នាឡើងសណ្ឋាគារ ឡើងផ្ទះសំណាក់ដើម្បីរួមភេ.ទ ក្រោមលេសថា ថ្ងៃបុណ្យសង្សារពួកគេត្រូវបូជា ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ ។ ថ្ងៃបុណ្យសង្សារ ត្រូវបានគេដឹងថា មានយុវតីមិនតិចនោះឡើយបានមានផ្ទៃពោះ ដោយគ្មានការគ្រោងទុក ។
សង្គមបានសម្តែងការព្រួយបារម្ភពីការយល់ខុសរបស់យុវជន ។ វាមិនត្រឹមធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរវប្បធម៌ ប្រពៃណីជាតិប៉ុណ្ណោះទេ។ ការនាំគ្នារួមភេ.ទនៅក្នុងថ្ងៃបុណ្យសង្សារបានបង្កផលប៉ះពាល់ជាច្រើនទៀតដល់យុវវ័យដូចជា ការធ្វើឱ្យពួកគេឆ្លងជំងឺអេដស៍ ជំងឺកាមរោគ មានផ្ទៃពោះក្នុងវ័យក្មេង និងត្រូវបោះបង់ការសិក្សា ធ្វើឱ្យខូចអនាគតជាដើម ។
ក្តីបារម្ភបានធ្វើឱ្យអាជ្ញាធរ ក្រសួងស្ថាប័ន អាណាព្យាបាល រួមទាំងសង្គមទាំងមូលចេញមុខមកចាត់វិធានការ ដើម្បីអប់រំណែនាំឱ្យយុវជនយល់ដឹងពីអត្ថន័យពិតនៃទិវាបុណ្យ សេចក្តីស្រឡាញ់នោះ ។ គេសង្កេតឃើញថា ឱ្យតែដល់ថ្ងៃ១៤ កុម្ភៈម្តងៗ អាជ្ញាពាក់ព័ន្ធបានដាក់វិធានការចេញសេចក្តីប្រកាស រំលឹកទប់ស្កាត់កុំឱ្យយុវជនភ្លើ.តភ្លើ.ននិងប្រព្រឹត្តខុសប្រពៃណីនៅក្នុងថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់នេះ។
ការខិតខំពន្យល់ និងទប់ស្កាត់មិនអត់ប្រយោជន៍នោះទេ ។ ប្រមាណ១០ឆ្នាំក្រោយ យុវជនហាក់បានស្ងប់ស្ងាត់មិនជ្រួលជ្រើមជាមួយព្រឹត្តិការណ៍មួយនេះទៀតទេ ។ ការមិនប្រព្រឹត្តខុសរបស់យុវជនខ្មែរ ចំពោះទិវាបុណ្យនៃក្តីស្រឡាញ់របស់លោកខាងលិចនេះ អាចមកពីពួកគេបានយល់ជ្រួតជ្រាបពីតម្លៃវប្បធម៌របស់ខ្លួនផងដែរ ។ នៅពេលដែលពួកគេស្គាល់ច្បាស់ពីខ្លួនឯង ពួកគេឱ្យតម្លៃ និងរក្សាសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯង និងសម្រាប់សង្គមជាតិ ។
ការស្គាល់ខ្លួនឯងឱ្យច្បាស់លាស់ ជាប្រការល្អមួយ ដែលមិនសំដៅតែព្រឹត្តិការណ៍ ១៤កុម្ភៈនោះទេ ។ នៅគ្រប់សាច់រឿង គ្រប់បញ្ហានៅពេលស្គាល់ខ្លួន ស្គាល់អត្តសញ្ញាណរបស់ជាតិខ្លួន ហើយនោះគ្មានរបស់អ្វី ដែលមានតម្លៃមកប្រៀបរបស់ខ្លួននោះឡើយ ។ អត្តសញ្ញាណជាតិ ជាដួងព្រលឹងរបស់ពលរដ្ឋ ដែលគ្រប់គ្នាត្រូវថែរក្សា និងការពារ៕
ចែករំលែកព័តមាននេះ