ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានីភ្នំពេញ ៖ ការ​បោកប្រាស​លុយកាក់​នៅ​ក្នុង​សង្គម មាន​ច្រើន​រូបភាព ច្រើន​សណ្ឋាន ដែល​

រាជធានីភ្នំពេញ ៖ ការ​បោកប្រាស​លុយកាក់​នៅ​ក្នុង​សង្គម មាន​ច្រើន​រូបភាព ច្រើន​សណ្ឋាន ដែល​គ្រប់​គ្នា​គួរ​មាន ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​កាន់តែ​ខ្ពស់​។ អ្វី​គួរ​ឱ្យ​សង្វេគ ភាគច្រើន​នៃ​អំពើរ​ឆបោក​ទាំងនោះ មាន ប្រជាពលរដ្ឋ​ស្លូតត្រង់​និង​អ្នក​ក្រីក្រ​នៅ​ទី​ជនបទ ជា​ជន​រង​គ្រោះ​ហើយ អ្នក​ដើរ​បោក ប្រាស​គេ​ភាគច្រើន​ជា​អ្នក​បាន​តាំងខ្លួន​ថា​ជា​អ្នកមាន អ្នក​ជោគជ័យ​និង​ជា​អ្នកចេះ​ដឹង ទៅ​វិញ​។

រូបភាព​នៃ​អំពើ​ឆបោក​មាន​ច្រើន​សណ្ឋាន ដោយ​បុគ្គល​ដែល​បាន​តាំងខ្លួន​ថា​ជា​អ្នកចេះ ជា បញ្ញវន្ត ឬ​ជា​បណ្ឌិត និង​ជា​អ្នក​មានបទពិសោធន៍​ច្រើន ជា​អ្នក​ជោគជ័យ​នៅ​ក្នុង​ជំនួញ ដើរ​ធ្វើ សកម្មភាព ឬ​លើក​គម្រោង​ឡើង ដោយ​អះអាង​ថា​គម្រោង​របស់​គេ​ទាំង នោះ​ទាំង​គឺ​បង្កើត ឡើង​ដើម្បី​ផលប្រយោជន៍​រួម ដើម្បី​សង្គម​និង​ដើម្បី​លើកកម្ពស់​ជីវភាព​កសិករ ដើម្បី​យុវជន ទទួល​បាន​ឱកាស​រក​ប្រាក់ និង​ទទួល​បានការ​ងារ​ធ្វើ​ជាដើម​។

ល្បិច​និង​ទេព​កោសល្យ​បោក​ប្រាក់​ពី​អ្នក​ដែល​តាំងខ្លួន​ថា​ជា​អ្នក​ជួយ​សង្គម ធ្វើ​ជំនួញ​មិន ដើម្បី​តែ​ផលប្រយោជន៍​ខ្លួន ពី​ដំបូង​ឡើយ​គេ​មើល​មិនដឹង​ថា​ជា​អំពើ​បោកប្រាស​ឡើយ​។ ដូច្នេះ​ហើយ​បានជា​ទូទៅ​អំពើ​ឆបោក​ដោយសារ​អ្នកមាន​ប្រជាប្រិយភាព នៅ​ក្នុង​សង្គម ទាំងនេះ ភាគច្រើន​មាន​ទំហំ​ធំ មាន​ជន​រង​គ្រោះ​ច្រើន​នាក់ ហើយ​ទឹកប្រាក់​ដែល​គេ​ប្រមូល បាន​ក៏​សម្បើម ដែរ​។

ក្រុម​អ្នកចេះ​ដឹង​និង​អ្នក​ជោគជ័យ បាន​ដើរ​ប្រមូលប្រាក់​ពី​ពលរដ្ឋ​ក្រីក្រ តាម​រូបភាព​ផ្សេង​ៗ​គ្នា ដូច​ជា​ការ​ចូល​ហ៊ុន​រកស៊ី ការ​បង្កើត​គម្រោង​វិនិយោគ ហើយ​ពួក​គេ​លក់​ភាគហ៊ុន​ទៅ​ឱ្យ​ពលរដ្ឋ ឬ​ចងការ​ប្រាក់​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ ដោយ​សន្យា​ថា​នឹង​ផ្តល់​ការ​ប្រាក់​ខ្ពស់​ជាង​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។

សកម្មភាព​ឆបោក​តាំង​នោះ​ពី​ដំបូង​គេ​បោក​អ្នក​ស្គាល់គ្នា ដូច​ជា​អ្នកធ្វើការ​ជាមួយ​គ្នា ឬ​ជា​កូន សិស្ស​ជាដើម​។ បន្ទាប់​ពី​បាន​ប្រមូលប្រាក់​ពី​អ្នក​ស្គាល់គ្នា​ហើយ គេ​បានឱ្យ​អ្នក​ស្គាល់គ្នា ដែល បាន​កំពុង​ក្លាយជា​រង​គ្រោះ​នោះ ទៅ​ដើរ​ប្រមូលប្រាក់​ពី​អ្នក​ដែល​ខ្លួន​ស្គាល់​ជា​បន្ត​ទៀត​។ ជន​រង​គ្រោះ​ដើរ​ប្រមូលប្រាក់​ពី​អ្នក​ស្គាល់​បន្ត​ទៀត ត្រូវ​គេ​ឆបោក​បន្ថែម​ថា​នឹង​ទទួល​បាន ផលប្រយោជន៍ ជា​ភាគរយ​ពី​ការ​រក​ទុន​បន្ថែម​ហើយ​កាន់តែ​ឆាប់​មានបាន​។

នៅ​ពេល​ផ្ទុះ​រឿង​ម្តង​ៗ គេ​សង្កេត​ឃើញ​ថា​ពលរដ្ឋ​ដែល​បាន​ចាញ់បោក​គេ ភាគច្រើន គ្មាន ថវិកា​ផ្ទាល់ខ្លួន​មក​ដាក់​ទុន​រកស៊ី និង​ការ​វិនិយោគ​នោះ​ឡើយ ។ ពួក​គាត់​ជា​ជន​រង​គ្រោះ ។​ដោយ​កសិករ​ខ្លះ​សុខចិត្ត​លក់​ដីស្រែ​ដើម្បី​ប្រមូល​ទុន​មក​ឱ្យ​គេ អ្នក​ខ្លះទៅ​ខ្ចី​លុយ​ពី​ធនាគារ យក​មក​ឱ្យ​គេ​។ ឬ​ឯ​ជា​យុវជន និង​ជា​សិស្ស​និស្សិត​វិញ បាន​ទៅ​បង្ខំ​ម៉ែឪ នៅ​ឯ​ស្រុក ឱ្យ​លក់ ស្រែ លក់​ស្រូវ យក​លុយ​មក​វិនិយោគ​ជាមួយ​គ្រូ​របស់​ខ្លួន ដោយ​រំពឹង​ថា​ជីវិត​និង​ជោគជ័យ​។

តិច​ឬ​ច្រើន​ករណី​ឆបោក​នេះ ត្រូវ​ពលរដ្ឋ​ស្តីបន្ទោស​ថា​ជា​ភាព​អយុត្តិធម៌​មួយ​នៅ​ក្នុង​សង្គម​។ អយុត្តិធម៌​ដោយសារ​ច្បាប់​ហាក់​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​។ ជនល្មើស​ហាក់​មិនសូវ​ខ្លាច​សំណាញ់​ច្បាប់ គ្រាន់តែ​ប្រើ​ពាក្យ​ថា​ក្ស័យធន​ប៉ុណ្ណោះ​។

វិធានការ​ច្បាប់​គឺជា​ការ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពលរដ្ឋ​ជា​ទូទៅ​នៅ​ក្នុង​សង្គម ។ វិធានការ​ច្បាប់ នឹង​ជួយ​ការពារ​ពលរដ្ឋ​ក្រី​ក្រី យុវជន​ដែល​មិន​ទាន់​ស្គាល់​សង្គម​ច្បាស់លាស់ រង​គ្រោះ​ពី បុគ្គល​ឱកាសនិយម​។ វិធានការ​ច្បាប់ ទប់ស្កាត់​មិន​ឱ្យ​មនុស្ស​ឱកាសនិយម​ធ្វើ​ធ្វើ​ភ្លៀង ធ្វើ​ផ្គរ​នៅ​សង្គម​តាមតែ​អំពើ​ចិត្តបាន​ឡើយ​។

ច្បាប់​វិនិយោគ ច្បាប់​បង្កើត​អង្គការ សមាគម មាន​ទាំងអស់​នៅ​កម្ពុជា​។ អ្នក​ណា​ធ្វើ​ខុស ប្រព្រឹត្តិ​អំពើ​បាប​ល្មើសច្បាប់ មិន​អាច​គេច​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​។ ប្រសិទ្ធភាព នៃ ការ​អនុវត្ត​ច្បាប់​គឺជា​យុត្តិធម៌​សង្គម ផ្តល់​ភាព​កក់ក្តៅ​ដល់​ពលរដ្ឋ​គ្រប់​គ្នា ពិសេស ពលរដ្ឋ​ស្លូតត្រង់​៕ (ដោយ ៖ សា រ៉ា​ន់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ