រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ សហការណ៍ជាមួយកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងកម្លាំងនគរបាលស្រុកបាទី ខេត្តតាកែវ ធ្វើការឃាត់ខ្លួនចោរញីឈ្មោល១គូរ ក្រោយពេលធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ១គ្រឿង ដែលមានភ្ជាប់ប្រព័ន្ធតាមដានសុវត្ថិភាព GPS ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចហាងកាហ្វេយីហោ «ធីកាហ្វេ» ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ រួមមាន ៖
ទី១. ឈ្មោះ ប៊ុន ប្រុស ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រងរបួសជង្គង់ទាំង២ និងដៃទាំង២ ។
ទី២. ឈ្មោះ សេង សាំមន្នី ភេទស្រី អាយុ១៩ឆ្នាំ មសនទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់កូនដៃឆ្វេង ។ ជនសង្ស័យទាំង២នាក់ នេះរងរបួសព្រោះតែព្យាយាមជិះម៉ូតូគេចខ្លួន ហើយដួលក្នុងពេលដែលកម្លាំងដេញតាមប្រមាញ់ ។
ដោយឡែក ជនរងគ្រោះឈ្មោះ ស្រ៊ុន មាស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HB-4901 ដែលត្រូវជនសង្ស័យលួចយក ។
វត្ថុតាងដកហូតបាន ៖
-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច១គ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខក្រចេះ 1A-3884 ដែលជារបស់ជនសង្ស័យ ។
-កាបូបលុយ ១មានលុយចំនួន ១៦,០០០រៀល
-ទូរសព្ទដៃម៉ាក OPPO ចំនួន២គ្រឿង
-និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HB-4901 របស់ជនរងគ្រោះ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូទៅទុកនៅមុខហាងកាហ្វេខាងលើ រួចដើរចូលទៅក្នុងហាង ពេលនោះ ស្រាប់តែជនសង្ស័យទាំង២នាក់ បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ១គ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខក្រចេះ 1A-3884 ទៅធ្វើសកម្មភាពលួចយកបានសម្រេច រួចបានជិះគេចខ្លួនម្នាក់១គ្រឿង បាត់ស្រមោល។ ចំណែកជនរងគ្រោះ ក្រោយពេលចេញពីហងកាហ្វេមកវិញបាត់ម៉ូតូ ក៏ឆែកមើលតាមប្រព័ន្ធតាមដានសុវត្ថិភាព GPS ហើយបានឃើញសញ្ញាម៉ូតូរបស់ខ្លួន នៅតាមផ្លូវក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ទើបប្ដឹង មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍ភ្លាមៗ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយទទួលបានពាក្យបណ្ដឹងផ្ទាល់មាត់ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានដឹកនាំកម្លាំង ចុះទៅសហការណ៍ជាមួយកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងកម្លាំងនគរបាលស្រុកបាទី ខេត្តតាកែវ និងធ្វើការដេញតាមសញ្ញា នៃប្រព័ន្ធGPS ផ្ដល់ឲ្យ រហូតប្រទះឃើញជនសង្ស័យ។ បន្ទាប់ពីដឹងថាសមត្ថកិច្ចតាមមក ជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេចខ្លួន បណ្ដាលឲ្យរងរបួសទាំង២នាក់ បន្ទាប់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ រង់ចាំពេលរបួសធូរស្រាលទើបនាំចេញពីមន្ទីរពេទ្យយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ