រាជធានីភ្នំពេញ ៖ បុណ្យនៃក្ដីស្រឡាញ់នឹងមកដល់នៅថ្ងៃទី១៤កុម្ភៈ ទន្ទឹមពេលនឹងមានការបារម្ភថា
រាជធានីភ្នំពេញ ៖ បុណ្យនៃក្ដីស្រឡាញ់នឹងមកដល់នៅថ្ងៃទី១៤កុម្ភៈ ទន្ទឹមពេលនឹងមានការបារម្ភថា យុវតីខ្លះ អាចខូចខ្លួនខូខប្រាណដោយសារការចាញ់បោកប្រុសខ្លះក្នុងភ្លើងស្នេហា។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/808d10d054e349618b67ccdfa9cad788.webp)
ទោះបីជាមានការខិតខំប្រឹងប្រែងបង្ការនិងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានដល់យុវវ័យ ដោយសារតែក្ដីស្រឡាញ់ខុសគោលការណ៍ប្រពៃណីដោយរួមទាំងការមិនហៅបុណ្យសង្សារ នេះមកជាបុណ្យនៃក្ដីស្រឡាញ់ យ៉ាងណាក៏ដោយក៏ពីមួយឆ្នាំទៅមួយឆ្នាំអ្នកដែលរងគ្រោះព្រោះបុណ្យនេះ មានជាហូរហែរមិនចេះចប់នោះឡើយ ។
នៅក្នុងចំណោមមន្ត្រី គ្រូបង្រៀន មជ្ឈដ្ឋានអប់រំ និង សង្គមគេហៅបុណ្យថ្ងៃទី១៤ ខែកុម្ភៈថា ជាបុណ្យនៃក្ដីស្រឡាញ់ឫក៏ទិវានៃក្ដីស្រឡាញ់ ប៉ុន្តែសម្រាប់យុវវ័យហៅព្រឹត្តិការណ៍នោះបែប នេះនៅតែនៅមុខចាស់ទុំ ប៉ុណ្ណោះ។ ប៉ុន្តែនៅក្រោយខ្នងនិងនៅក្នុងចំណោមមជ្ឈដ្ឋានយុវវ័យ ពួកគេនៅតែនិយមហៅថាបុណ្យសង្សារ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/387795c86765346eca0c041bac00348b-4.jpg)
ប្អូនៗជាទីស្រឡាញ់ ហៅអ្វីក៏ហៅចុះតាមការពេញនិយមរបស់ប្អូនៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយអ្វីដែលបងៗ ក៏ដូចជាពូៗ អ៊ំ មីងមា ផ្តាំ គឺធ្វើយ៉ាងណាក៏ដោយកុំឱ្យនៅថ្ងៃនោះ គឺជាថ្ងៃធ្លាក់នៅក្នុងអន្លង់ស្នេហ៍អប្រិយ ឫជ្រោះនៃស្នេហ៍កម្ម ។
ប្អូនៗឫក្មួយៗយុវតីជាទីស្រឡាញ់ រាប់អានគ្នា ការអបអរសប្បាយនៅថ្ងៃនោះ គឺមិនមែន មិនបាននោះទេ ប៉ុន្តែនៅថ្ងៃនោះសូមកុំលង់នឹងផ្កាមួយទងឆេះឆួលឱរា លង់ស្នេហ៍ នឹងប្រុសយកកេរ្តិ៍ម្តាយឪពុក ដើរហើរភ្លើតភ្លើនតាមគ្នាខុសប្រពៃណី ។ ស្រឡាញ់គ្នារាប់អានគ្នាមិនថ្វីឡើយ ប៉ុន្តែសូមកុំទន់មុនស្រគៀល។ ចាំរៀនចប់មានការងារធ្វើ មានសេដ្ឋកិច្ចធូរធារ ចាំចាប់ដៃគ្នាកសាងគ្រួសារ មានផ្កាមានស្លាតាមគន្លង ប្រពៃណី ទើបត្រឹមត្រូវ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/ab4214fe1c64e6f3d80f8ec5f64044ec.png)
សូមប្រុងប្រយ័ត្នណាប្អូនៗ ក្រៅពីរឿងកេរ្តិ៍រឿងខ្មាសហើយនោះ រឿងមួយទៀតដែលត្រូវតែ ដឹងដែរនោះគឺថា រឿងមេរោគអេដស៏ និងជំងឺអេដស៏ ក៏ដូចជាកម្រើកឡើងវិញដែរហើយ។ ដូច្នេះ ប្រសិនបើធ្វេសប្រហែសជ្រុលមួយពេល ហើយងប់នឹងក្ដីស្រឡាញ់ក្ដៅរោល រាលដល់ទៅ ភ្លេចរឿងការពារគឺរិតតែគ្រោះថ្នាក់ ។
តាមកត្តាជីវសាស្ត្រ មនុស្សចាប់ផ្តើមមានអារម្មណ៍រឿងផ្លូវភេទនេះ ចាប់តាំងពីវ័យដែលពួកគេ គ្រប់ការដែលមកដល់ពេលនេះគេជឿជាក់ថា មនុស្សភាគច្រើនគឺឈានដល់វ័យគ្រប់ការនេះ តាំងពីអាយុ ៩ឆ្នាំឡើងទៅ ហើយយឺតបំផុតគឺ ១៥ ឆ្នាំ ដូច្នេះហើយសូមប្រុងប្រយ័ត្នជាពិសេស គឺអាណាព្យាបាល ក្រែងមានករណីថ្លោះធ្លាយណាមួយកើតមានឡើងនៅក្នុងថ្ងៃនោះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/a7c8b477957023bf52c0644d047dc213.webp)
វ័យចន្លោះពី ៩ទៅដល់១៥ឆ្នាំនេះ ប្រសិនបើមានករណីថ្លោះធ្លោយកើតមានឡើងគឺគ្រោះថ្នាក់ បំផុតទាំងអារម្មណ៍និងការទទួលខុសត្រូវរបស់ពួកគេ ។ សម្រាប់យុវវ័យដែលមានអាយុចាប់ពី ១៦ ដល់ ១៩ ឆ្នាំ គឺរិតតែគ្រោះថ្នាក់ថែមទៀត ជាពិសេសគឺវ័យដែលឈាមរាវ។ នៅក្នុង វ័យនេះ ហាមណាស់ កាន់តែចង់សាកណាស់។ ដូច្នេះអាណាព្យាបាល និងឪពុកម្ដាយ គួរតែលៃលកកសាងស្ថានការណ៍ ប្រុងប្រយ័ត្ន ជាពិសេសគឺ លើកកម្ពស់នូវក្ដីស្រឡាញ់ ភាពកក់ក្ដៅនៅក្នុងគ្រួសារ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/ee2b912a4a684f2fa41bdd99e58d583a.webp)
ជាការពិត ពលរដ្ឋយើងពេញវ័យនិងមានសិទ្ធិទទួលខុសត្រូវខ្លួនឯងគឺអាយុ ១៨ ឆ្នាំ ឡើង ប៉ុន្តែជាទូទៅ ទាំងយុវតីនិងយុវជន សូម្បីតែមានអាយុ ដល់លើសនៅនៅពេល ដែលមិនទាន់ មានគ្រួសារគឺភាគច្រើននៅតែជាបន្ទុកនៃគ្រួសារដែលមានអាណាព្យាបាលនិងឪពុកម្ដាយជាធំ ។ ដូច្នេះនៅក្នុងថ្ងៃនេះ ក្ដីស្រឡាញ់គួរតែនៅក្នុងបែបផែននៅក្នុងគ្រួសារជាជាងតាមបែបផែន ជាក្ដីស្រឡាញ់រវាងបុរសនិងនារី។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/13264068d108c6901b3592ea654fcd57-3.jpg)
សម្រាប់មនុស្សដែលមានវ័យ ២០ ឆ្នាំឡើង គឺការយល់ដឹងនិងចិត្តគំនិតគឺកាន់តែចាស់ទុំ ហើយអាចគិតគូរនិងធ្វើការសម្រេចចិត្តខ្លួនឯងបាន។ ប៉ុន្តែជាយោបល់គឺយ៉ាងណាក៏ដោយ សូម កុំប្រឡូកនៅក្នុងចំណងនៃក្ដីស្រឡាញ់តាមបែបទំនាក់ទំនងផ្លូវភេទដែលគ្មានសុវត្ថិភាព ដែលវានាំទុក្ខទាំងខ្លួន មានទុក្ខទាំងកិត្តិយសគ្រួសារផងដែរ ។ បើទំនាក់ទំនងនោះសមប្រកប និងអាច ធានាចំណងនៃក្ដីស្រឡាញ់ដោយការទទួលខុសត្រូវមាន ការទទួលស្គាល់ ពីសង្គម មិនអីទេ ប៉ុន្តែបើខុសពីគោលការណ៍គេអាចនឹងនិន្ទា ហើយយើងក៏អាចមាន ទុក្ខមាន ពិរុទ្ធរឿងសុខភាព រាងកាយដែលកើតពីផលនៃទំនាក់ទំនងភេទ សម្ព័ន្ធដែល មិនមានសុវត្ថិភាពនេះឯង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/1b0b15688fc143bebb0ea7047d8245f3.jpg)
សរុបសេចក្ដីទៅសម្រាប់ថ្ងៃ ១៤ កុម្ភៈ យើងសង្ឃឹមថា គ្រប់គ្នានឹង មិនធ្លាក់នៅក្នុង អន្លង់ជ្រោះកម្មនៃស្នេហ៍ ហើយក៏រំពឹងថា គ្រប់គ្នានឹងមិនធ្លាក់ក្នុងអន្លង់ ស្នេហ៍អប្រិយ ដែលមានតែក្ដីឈឺ ចាប់ ។
សូមយកស្មារតីថ្ងៃនោះប្រែក្លាយជាសកម្មភាពសង្គមឧទាហរណ៍ផ្តល់ឈាមដើម្បីក្ដីស្រឡាញ់និងការសង្រ្គោះជីវិតដូចដែលស្ថាប័នមួយចំនួនបានរៀបចំ ឫក៏ក្ដីស្រឡាញ់នៅក្នុងគ្រួសារ ក្ដីស្រឡាញ់ដែលមានគេដឹងឮត្រឹមត្រូវមិនមែនលួចលាក់តែពីរនាក់បង្កាត់ក្ដីស្នេហ៍ប្រាសចាកសីលធម៌ ៕ (ដោយ ៖ ហេង ចេស្តារ)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/fa6d84a2b8bccdcb264f0b972221812a.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/1a953b4781c3a7389f6ec6075be30ae2.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/2ce84f618237fd10469c1afe4b5b2716.webp)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/4af52202f77beb11ba59ce2056aa7878.png)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/36716ac44bba27a92e15b86e47004b2c.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/10605374d6c8e15b0b1e1203e40d66ea.webp)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/172a2ecea0328025e2b59413b4c516ac.webp)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/6536feb44a8cdf1a12a0f96e1368eece.jpeg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/cdf86455ba152d1baaa2f9d53279b91c-scaled.jpg)
ចែករំលែកព័តមាននេះ