ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះធ្លាក់លើផ្លូវ ប៉ះរថយន្តកំពុងធ្វើចរាចរណ៍ បណ្តាលឱ្យមនុស្ស២នាក់បាត់បង់ជីវិត នៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក

10 ខែ មុន

(សហរដ្ឋអាម៉េរិក)៖ ពីឡុត២រូបបានស្លាប់ បន្ទាប់ពីយន្តហោះឯកជនមួយគ្រឿង មានមនុស្ស ៥នាក់ បានធ្លាក់ចូលនៅលើផ្លូវហាយវេមួយនៅភាគនិរតីនៃរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃសុក្រ ថ្ងៃទី០៩ ខែកុម្ភៈ…

(សហរដ្ឋអាម៉េរិក)៖ ពីឡុត២រូបបានស្លាប់ បន្ទាប់ពីយន្តហោះឯកជនមួយគ្រឿង មានមនុស្ស ៥នាក់ បានធ្លាក់ចូលនៅលើផ្លូវហាយវេមួយនៅភាគនិរតីនៃរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃសុក្រ ថ្ងៃទី០៩ ខែកុម្ភៈ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nbcnews នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

ឧបទ្ទវហេតុនេះបានកើតឡើងនៅផ្លូវ Interstate 75 ក្បែរតំបន់ Collier County នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមល្បាតផ្លូវហាយវេរដ្ឋផ្លរីដា។ ដោយយន្តហោះមានបញ្ហាបច្ចេកទេសតម្រូវឱ្យចុះចតជាបន្ទាន់នៅលើផ្លូវ ហើយយន្តហោះឯកជនមួយគ្រឿងនេះក៏បានផ្ទុះនិងឆាបឆេះយ៉ាងសន្ធោសន្ធៅ បញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់ និងឃើញមនុស្ស៣នាក់រត់ចេញពីក្នុងយន្តហោះ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឱ្យដឹងថា ពីឡុតទាំង២រូប មានឈ្មោះ Edward Daniel Murphy និង Ian Frederick Hofmann បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីចុះចតហើយយន្តហោះបានផ្ទុះ ចំណែកមនុស្ស៣នាក់ដែលរស់រានមានជីវិត  មានឈ្មោះ Sydney Ann Bosmans ជាអ្នកបម្រើលើយន្តហោះ, Aaron Baker និង Audra Green ជាអ្នកធ្វើដំណើរបានរត់ចេញពីក្នុងយន្តហោះទាំងភាពតក់ស្លុតនិងភ័យខ្លាច។

ចំណែកយានជំនិះពីរគ្រឿងដែលធ្វើដំណើរនៅលើផ្លូវ ហើយរងផលប៉ះពាល់ពីការផ្ទុះយន្តហោះនេះបានរងការខូចខាត បើតាមការបញ្ជាក់របស់រដ្ឋ Florida ថា បុរសអាយុ ៤៨ឆ្នាំម្នាក់មកពីទីក្រុង Naples បានបើករថយន្ត Pickup Chevrolet Silverado ស៊េរី២០១៥ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរបួសស្រាល។ ចំណែកស្ត្រីអាយុ ៦៦ ឆ្នាំមកពីរដ្ឋ Massachusetts បើកបររថយន្ត Nissan Armada SUV ស៊េរីឆ្នាំ២០២៣ រងរបួស ប៉ុន្តែអ្នកដំណើរ២នាក់ទៀតមិនរងរបួសទេ។

នាង Brianna Walker អាយុ ២៦ឆ្នាំ ជាសាក្សីម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលបានឃើញហេតុការណ៍  នាងបាននិយាយថាឃើញស្លាបយន្តហោះបានអូសឡាននៅពីមុខនាង ហើយបុកនឹងជញ្ជាំង។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឱ្យដឹងថា យន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋាន Ohio State ក្នុងទីក្រុង Columbus រដ្ឋ Ohio នៅម៉ោងប្រហែល ១រសៀល សល់តែប៉ុន្មាននាទីពីការចុះចតនៅអាកាសយានដ្ឋាន Naples អាកាសយានិកបានប្រាប់ចរាចរណ៍ផ្លូវអាកាសថាម៉ាស៊ីនទាំងពីររបស់យន្តហោះបានដំណើរការខុសប្រក្រតី ជាហេតុធ្វើឱ្យពីឡុតតម្រូវឱ្យចុះចតជាបន្ទាន់នៅលើផ្លូវហាយវ៉េ ដោយសង្គ្រោះមនុស្សបាន៣នាក់ ប៉ុន្តែគួរឱ្យសោកស្តាយលោកពីឡុតទាំង២មិនអាចគេចផុតពីគ្រោះអកុសលនេះបានឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ