ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នាំ​ចេញសាច់​មាន់​ជាង​២៧០០​លាន​ដុល្លារ,ជាប់​លេខ​បី​ពិភព​លោក

8 ខែ មុន

ទី​ក្រុង​បាង​កក​៖ ប្រទេស​ថៃ​ចិញ្ចឹម​មាន់​ច្រើន​ប៉ុណ្ណឹង​ហើយ​នៅ​មិន​ទាន់​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ទៀត​។ ប៉ុន្តែ​ប្រទេស​នេះ​ក៏​កំពុង​​​កាក់​កប​សម្បើម​ណាស់​ដែរ​នឹង​ការ​​​នាំ​ចេញ​សាច់​មាន់​ស្រស់​​ទៅ​លក់​នៅ​​ក្រៅ​ប្រទេស និង​ដណ្ដើម​បាន​តំណែង​លេខ​បី​ពិភពលោក​​។ ​ពិត​ជា​មិន​អន់​ទេ, ​ជា​មួយ​នឹង​ការ​នាំ​ចេញ​សាច់​មាន់​ជាង​១​សែន​តោន​កាល​ពី​ឆ្នាំ​២០២៣​ ប្រទេស​ថៃ​អាច​រក​ចំណូល​បាន​១០០​ពាន់​លាត​បាត​ ឬ​ជាង​២៧០០​លាន​ដុល្លារ​។​ សព្វ​ថ្ងៃ​នេះ ប្រទេស​ប្រេស៊ីល​បន្ត​ក្ដោប​ក្ដាប់​តំណែង​លេខ​មួយ,​…

ទី​ក្រុង​បាង​កក​៖ ប្រទេស​ថៃ​ចិញ្ចឹម​មាន់​ច្រើន​ប៉ុណ្ណឹង​ហើយ​នៅ​មិន​ទាន់​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ទៀត​។ ប៉ុន្តែ​ប្រទេស​នេះ​ក៏​កំពុង​​​កាក់​កប​សម្បើម​ណាស់​ដែរ​នឹង​ការ​​​នាំ​ចេញ​សាច់​មាន់​ស្រស់​​ទៅ​លក់​នៅ​​ក្រៅ​ប្រទេស និង​ដណ្ដើម​បាន​តំណែង​លេខ​បី​ពិភពលោក​​។ ​ពិត​ជា​មិន​អន់​ទេ, ​ជា​មួយ​នឹង​ការ​នាំ​ចេញ​សាច់​មាន់​ជាង​១​សែន​តោន​កាល​ពី​ឆ្នាំ​២០២៣​ ប្រទេស​ថៃ​អាច​រក​ចំណូល​បាន​១០០​ពាន់​លាត​បាត​ ឬ​ជាង​២៧០០​លាន​ដុល្លារ​។​

សព្វ​ថ្ងៃ​នេះ ប្រទេស​ប្រេស៊ីល​បន្ត​ក្ដោប​ក្ដាប់​តំណែង​លេខ​មួយ,​ ខណៈ​ដែល​អាមេរិក​ក្ដោប​ក្ដាប់​តំណែង​លេខ​ពីរ​ពិភព​លោក​ខាង​នាំ​ចេញ​សាច់​មាន់​។​ ប៉ុន្តែ​គុណ​ភាព​សាច់​មាន់​របស់​ថៃ​ និង​ប្រទេស​ទាំងពីរ​នេះ​មិន​ដឹង​ថា​មាន​លក្ខណៈ​បែប​ណា​ខ្លះ​ទេ​។​​យ៉ាង​ហោច​ណាស់​​ចំណាត់​ថ្នាក់​នាំចេញ​សាច់​មាន់​របស់​ថៃ​កាន់​តែ​ប្រសើរ​ជាង​មុន​។ ពោល​គឺ​កាល​ពីឆ្នាំ​២០២២​ ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ​៤​ពិភពលោក​។ ឆ្នាំ​២០២៣​ចំណាត់​ថ្នាក់​ឡើង​មួយ​កាំ​ទៀត​មក​ឈរ​លេខ​បី​។​ នេះ​បើ​យោង​តាម​លោក​​ស្រី​ឆាវី​វ៉ាន់​ ខាំផា (Chaweewan Kampa) ជា​ប្រធាន​សមាគម​​អ្នក​ចិញ្ចឹម​មាន់​​។​​

លោក​ស្រី​​​កោត​សរ​សើរ​​គោល​ការណ៍​​របស់​រាជ​រដ្ឋាភិបាល​​ក្នុង​ការ​នាំ​ចេញ​សាច់​មាន់​​​ និង​ការ​បន្ត​នាំ​ចូល​​អាហារ​ដែល​ធ្វើ​​ពី​សណ្ដែក​សៀង​​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ទំនិញ​ឡើង​ថ្លៃ​​ និង​​មិន​ឱ្យ​ខ្វះ​ខាត​ចំណី​សម្រាប់​សត្វ​​​។​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​ជា​មួយ​​​អង្គ​ការ​​ពាណិជ្ជ​កម្ម​ពិភព​លោក​ (WTO) អនុញ្ញាត​ឱ្យ​ប្រទេស​ថៃ​នាំចូល​ចំណី​​ផ្សំ​ពី​សណ្ដែក​សៀង​​បង់​ពន្ធ​​នាំ​ចូល​​ក្រោម​លក្ខ​ខណ្ឌ​អនុ​គ្រោះ​​២% បើ​​ប្រៀប​ធៀប​នឹង​​ពន្ធ​គយ​​ពេញ​​​១១៩%​។ ​​​ចំណី​​​សត្វ​​ដែល​ផ្សំ​ពី​ម្សៅ​ពោត​​បង់​​ពន្ធ​​នាំ​ចូល​​​២០%​ បើ​ប្រៀប​ធៀប​នឹង​​ពន្ធ​គយ​ពេញ​៧០%​។ ថៃ​អាច​នាំ​ចូល​ចំណី​សត្វ​ជាង​៥​ម៉ឺន​តោន​ក្នុង​អត្រា​ពន្ធ​២០%​នេះ​។​

ដូច​នេះ​ឃើញ​ថា​ចំណី​សត្វ​របស់​ថៃ​មិន​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ដើម្បី​ឱ្យ​សត្វ​ស៊ី​ឆាប់​ធំ​ទេ​គឺ​ប្រើ​ម្សៅ​សណ្ដែក​សៀង និង​ម្សៅពោត​។​ ​​លោក​ស្រី​ឆាវី​វ៉ាន់​ថ្លែង​ថា​ទោះ​បី​មាន​លក្ខ​ខណ្ឌ​ល្អ​ៗ​បែប​នេះ​ក្ដី ប៉ុន្តែប្រទេស​ថៃ​មិន​ទាន់​ពេញ​ចិត្ត​១០០%​ទេ​ព្រោះ​មាន​បញ្ហា​​ថ្លៃ​ចំណាយ​លើ​ការ​ផលិត​ (ការ​ចិញ្ចឹម​ ការ​ផ្ដល់​ប្រាក់​ឈ្នួល​កម្ម​ករ ការ​នាំ​ចេញ​ និង​ចំណាយ​ផ្សេង​ៗ) នៅ​មាន​​កម្រិត​ខ្ពស់​​​​បើ​ប្រៀប​ធៀប​ជា​មួយ​គូ​ប្រកួត​ប្រជែង​នៅ​លើ​ទី​ផ្សារ​។​​​

​ប្រេស៊ីល និងអាមេរិក​ជា​ប្រទេស​ផលិត​សណ្ដែក​សៀង និង​ពោត​សម្រាប់​ផ្សំ​ធ្វើ​ចំណី​​សត្វ​​ច្រើន​ជាង​គេ​​នៅ​លើ​​ពិភព​លោក​។ ដូច្នេះ ពួក​គេ​មាន​ប្រៀប​ខ្លាំង​ជាង​ថៃ​។ ចំណែក​ថៃ​បើ​​យក​ពោត និង​សណ្ដែក​សៀង​​ផលិត​ចំណី​សត្វ​ទៅ​​មិន​​​រួចទេ​​។ ថៃ​ត្រូវ​ការ​​បម្រុង​ទុក​សម្រាប់​មនុស្ស​បរិភោគ​ដែរ​។​​ នេះ​ហើយ​ជា​ចំណុច​ដែល​ប្រទេស​​ថៃ​ចាញ់​ប្រៀប​គេ​។​ ដូច្នេះ​ លោក​ស្រី​សូម​ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋាភិបាល​ចរ​ចា​ជា​មួយ​ WTO ដើម្បី​នាំ​ចូល​​ចំណី​សត្វ​​គិត​ពន្ធ​​ធូរ​ថ្លៃ​។ ​ទាល់​តែ​បែប​នេះ​ទើប​​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​​អាច​​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ ហើយ​អាច​​មាន​លទ្ធ​ភាព​​លក់​មាន់​នៅ​ក្នុង​តម្លៃ​ប្រកួត​ប្រជែង​​នៅ​លើ​ទី​ផ្សារ​ពិភព​លោក​។​

ពាក់​ព័ន្ធ​នឹង​ចំណីសត្វ​នេះ​​មិន​មែន​តែ​មាន់​ទេ​។ ប្រធាន​សមាគម​ជ្រូក​របស់​ថៃ​ក៏​ត្អូញ​ត្អែរ​ផង​ដែរ​។ លោក​ថា​បញ្ហា​ចំណី​សត្វ​ជា​បន្ទុក​ចំណាយ​ដ៏​ធំ​បំផុត​របស់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​។ ដូច្នេះ លោក​សូម​ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ​។ លោក​យល់​ថា​គួរ​បញ្ចុះ​តម្លៃ​ពន្ធ​នាំ​ចូល​ និង​បន្ធូរ​បន្ថយ​លក្ខ​ខណ្ឌ​នាំ​ចូល​ចំណី​សត្វ​បន្ថែម​ទៀត​៕​

ប្រភព៖ The Nation Thailand
https://www.nationthailand.com/thailand/economy/40035450

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ