រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏រន្ធត់ស្លុតចិត្ត នៅក្នុងស្រទាប់មហាជនខ្មែរ ដែលបង្កឡើងដោយបុរសម្នាក់មានតួនាទីជាមេធាវី បានបា.ញ់សម្លា.ប់នារីម្នាក់ រួចបា.ញ់សម្លា.ប់ខ្លួនឯងតាមក្រោយ កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នោះ គឺអ្នកទាំងពីរធ្លាប់មានទំនាក់ទំនងមនោសញ្ចេតនាជាមួយគ្នា តាំងពីឆ្នាំ២០២២មក ប៉ុន្តែអ្នកទាំងពីរទើបតែផ្តិតមេដៃលើកិច្ចព្រមព្រៀងបញ្ចប់ទំនាក់ទំនងជាផ្លូវការ រស់នៅរៀងៗខ្លួន នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ពោល គឺតែ២ថ្ងៃប៉ុណ្ណោះ មុនហេតុការណ៍បា.ញ់ប្រហារកើតឡើង ។

យោងតាមខ្លឹមសារដែលមានរៀបរាប់ក្នុងកិច្ចព្រមព្រៀងបញ្ចប់វិវាទដែលអ្នកទាំងពីរបានផ្តិតមេដៃនោះបង្ហាញសារនៃរឿងនោះថា ហេតុផលដែលឈានដល់ការធ្វើកិច្ចព្រមព្រៀងតាមផ្លូវច្បាប់មានមេធាវីដឹងលឺនេះកើតចេញដោយសារ ភាគីខាងប្រុស គឺលោកមេធាវី ទូច វឌ្ឍនៈ នៅអាល័យស្នេហ៍ចាស់ក្រោយពីបែកបាក់គ្នា ខាងប្រុសមិនអស់ចិត្ត មិនព្រមដោះលែង ហើយតែងតែតាមរញ៉េរញ៉ៃជីវិតភាគីខាងស្រី គឺអ្នកនាង អែម សុវីដែត ដោយតាមតាមជួប និងសុំខាងស្រីជានាគ្នាវិញជារឿយៗ រហូតដល់មានជម្លោះកើតឡើងជាច្រើនដែលនាំឱ្យភាគីទាំងពីរប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ។

មិនត្រឹមតែប៉ុណ្ណោះ បុរសជាសង្សារចាស់រូបនេះ តែងតែតាមដានឆាត ខល ជាពិសេសបានផ្ញើរព័ត៌មាន រូបភាព វីដេអូរបស់នារីជាអតីតសង្សារដែលកាលទាក់ទងរស់នៅជាមួយគ្នាទៅអោយអ្នកដទៃ មិនថា គ្រួសារ បងប្អូន មិត្តភក្តិ និងមនុស្សជុំវិញខ្លួនរបស់ភាគីខាងស្រី ។ ដោយទ្រាំលែងបាននូវសកម្មភាពធ្វើទុក្ខបុកម្នេញរំខានជីវិតឯកជនពីសង្សារចាស់ មួយវិញទៀតដោយសារតែភាគីខាងប្រុសបច្ចុប្បន្ន បានរៀបការមានប្រពន្ធរួចទៅហើយនោះ ហើយទង្វើទាំងនោះវារំខានដល់ការកិច្ចការរកស៊ី ក៏ដូចជា សុវត្ថិភាពផ្ទាល់ខ្លួន និងមនុស្សជុំវិញខ្លួន ជាពិសេសប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរទៀតនោះទើបភាគីខាងស្រីឈានដល់វិធានការផ្លូវច្បាប់ ដើម្បីចងជើងភាគីខាងប្រុសឈានដល់ការធ្វើព្រមព្រៀងផ្តិតមេដៃធ្វើកិច្ចសន្យាដោយសន្តិវិធីបញ្ចប់វិវាទនៅមុខមេធាវី ដើម្បីជាភ័ស្តតាងបង្ខំឱ្យភាគីខាងប្រុសបញ្ឈប់ សកម្មភាពទាំងនោះ ហើយបើហ៊ានបំពានកិច្ចព្រមព្រៀងនោះ អតីតសង្សាររូបនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។

យ៉ាងណាក៏ដោយ ទោះបីជា លោកមេធាវី ទូច វឌ្ឍនៈ យល់ព្រមផ្តិតមេដៃកិច្ចព្រមព្រៀងបញ្ចប់វិវាទក្តី ប៉ុន្តែធាតុពិតក្មាន់កាំភ្លើ.ងរូបនេះនៅតែមិនអស់ចិត្ត មិនព្រមចុះចាញ់ មិនព្រមទទួលស្គាល់ការពិតថា រឿងអ្នកទាំងពីរបានដើរដល់ផ្លូវចប់ឡើយ ។ ពោលមុនហេតុការណ៍បា.ញ់ប្រហារលើសង្សារចាស់តែ១ថ្ងៃប៉ុណ្ណោះ លោកមេធាវីរូបនេះបានបង្ហោះសារព្រមានលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះថា Nak Koln ក្នុងខ្លឹមសារយ៉ាងដូច្នេះថា ៖ «ស្អែកខ្ញុំនឹងចុះពត៌មានទាក់ទងនឹងកិច្ចព្រមព្រៀងមួយហើយខ្ញុំនឹង live និយាយពីមូលហេតុដែលបង្កើតកិច្ចព្រមព្រៀងនេះឡើង និងមូលហេតុដែលនាំឲ្យកើតរឿងហេតុទាំងនេះឡើង ព្រោះកិច្ចព្រមព្រៀងមានមេធាវីហើយ នៅតែមិនគោរព ។ អ្នកណាជាអ្នកណា ពេលនេះខ្ញុំដឹងច្បាស់ណាស់ បើជ្រុលហើយល្បីទាំងអស់គ្នាម៉ងទៅ» ។ ខ្លឹមសារប៉ុណ្ណេះ ច្បាស់១០០%ថា ខ្លួនជាអ្នកកាន់ច្បាប់ ហើយមុនផ្តិតមេដៃលើកិច្ចព្រមព្រៀងខ្លួនអាចប្រព្រឹត្តសកម្មភាពដោយបំពានច្បាប់ បានតាមចិត្តតាមរំខានជីវិតរបស់សង្សារចាស់ ប៉ុន្តែចាប់ពីកិច្ចព្រមព្រៀងបញ្ចប់វិវាទធ្វើឡើង និងមានអានុភាពអនុវត្ត ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤តទៅនោះមានន័យថា ខ្លួនមិនអាចបន្តសកម្មភាពទាំងនោះដោយមិនសំចៃដៃទៅលើភាគីខាងស្រីបានតទៅទៀតនោះ ព្រោះតែខ្លួន គឺជាមេធាវីស្រាប់ដឹងច្បាស់ថា បើបន្តបំពានទៀតវានឹងមានរឿងអ្វីកើតឡើងចំពោះជីវិត អាជីព និងអនាគតរបស់ខ្លួននឹងចប់ជាក់ជាមិនខាន ។


ដោយមិនអាចទ្រាំចាញ់ ដោយច្បាប់ចងជើងមិនព្រមចប់តែម្នាក់ឯងទើបបណ្តាលឱ្យមេធាវីរូបនេះអនុវត្តទ្រីស្តី បើចប់ គឺចប់ទាំងអស់គ្នា! ការរៀបរាប់ទាំងអម្បាលមាននេះគឺគ្រាន់តែយោងទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់ភាគីទាំងពីរ តែប៉ុណ្ណោះ ចំពោះមូលហេតុលម្អិតផ្លូវការ គឺទុកឱ្យសមត្ថកិច្ចជំនាញជាអ្នកបញ្ជាក់ ។
ករណីនេះដែរ មហាជនលើកឡើងដោយហួសចិត្តថា អ្នកច្បាប់តែប្រព្រឹត្តខុសច្បាប់ ហើយកាំភ្លើងទុកសម្រាប់ប្រើប្រាស់ការពារជាតិ និងការពារពលរដ្ឋ ឬប្រជាជន ប៉ុន្តែបុរសរូបនេះបែរជាយកមកប្រព្រឹត្តបទល្មើសប្រហារជីវិតមនុសស្រី ដែលជាទង្វើឃាតកម្ម គិតទុកជាមុន ។ សកម្មភាពនេះពិតជាឃោឃៅណាស់មានវិជ្ជាជីវៈតែគ្មានការគិតឱ្យបានវែងឆ្ងាយ ៕ អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា



ចែករំលែកព័តមាននេះ