ខេត្តបាត់ដំបង ៖ ក្រោយពីមានការរិះគន់ និងមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយចំនួនផងថា មានមន្ត្រីមួយចំនួននៅស្រុកសំឡូតបានឃុបឃិតជាមួយក្រុមគ្រឿងចក្រឈូសឆាយហ៊ុមព័ទ្ធរំលោភយកដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ដែលមានទំហំជិត១,០០០ហិកតា ស្ថិតក្នុងឃុំកំពង់ល្ពៅ អាជ្ញាធរស្រុកនេះបានចេញសេចក្ដីបំភ្លឺព័ត៌មានភ្លាមៗថា ពុំមានការឈូសឆាយហ៊ុមព័ទ្ធយកដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ហើយក៏ពុំបានឈូសឆាយរំលោភចូលដីវត្តតាមការលើកឡើង
ដែរគឺក្រុមគ្រឿងចក្របានឈូសឆាយធ្វើផ្លូវតាមសំណើររបស់អាជ្ញាធរតែប៉ុណ្ណោះ ។

រដ្ឋបាលស្រុកសំឡូត បានចេញសេចក្ដីបំភ្លឺព័ត៏មាននេះ កាលពីថ្ងៃទី ០៦ កុម្ភៈ គឺក្រោយមួយថ្ងៃ បន្ទាប់ពីលោកឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងដីដែលមានបញ្ហា (ដីសប្បទានសង្គមកិច្ច) ដែលស្ថិតនៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។ លិខិត្របំភ្លឺរបស់រដ្ឋបាលស្រុកសំឡូត បានបំភ្លឺ០៤ចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយចោទប្រកាន់ តាមបណ្ដាញសង្គម ចន្លោះពីថ្ងៃទី ០២ និង ០៤ កុម្ភៈ ដែលថា មន្ត្រីមួយចំនួនមានជាប់ពាក់ព័ន្ធនឹងការឈូសឆាយរំលោភយកដីគម្របព្រៃឈើរបស់រដ្ឋ។
ក្រោយពីក្រុមការងារដែលដឹកនាំដោយលោកអភិបាលរងខេត្ត ខាងលើ គេបានពិនិត្យឃើញ៖ ១-ដីវត្តស្ទឹងគ្រញូង មានការឈូសប៉ះពាល់ប្រហែល០១រ៉ៃ តែដីនេះមិនទាន់មានប័ណ្ណកម្មសិទ្ធទេ គ្រាន់តែមានពាក្យស្នើសុំ។ ២-ការចោទថា ក្រុមគ្រឿងចក្របិទផ្លូវក្រុមអ្នកកាសែត មិនមែនជាការពិតទេ តែវាជាពុំនូកដីនៅលើផ្លូវ តែគេអាចធ្វើដំណើរវាងបាន។ ៣-មិនមានការឈូសឆាយចូលដីព្រៃទេ តែវាជាដីសម្ការរបស់ពលរដ្ឋដែលបានអាស្រ័យផលច្រើនឆ្នាំកន្លងមកហើយ។ មានពលរដ្ឋចំនួន៥៣គ្រួសារ រស់នៅក្នុងភូមិចំនួន០៣ ដែលមានដីនៅចំណុចដែលឈូសឆាយនោះ។ ពួកគេមិនបានឈូសទន្ទ្រានដីថ្មីទេ ហើយពួកគេត្រូសត្រាយក្បាលដី និង ជួលគ្រឿងចក្រឲ្យឈូសព្រំដី ដើម្បីបោះបង្គោលសម្គាល់ព្រំដី ងាយស្រូលដល់ក្រុមការងារចុះធ្វើប្លង់ជាប្រព័ន្ធនាពេលខាងមុខនេះ។ ៤-ចំពោះក្រុមគ្រឿងចក្រវិញ គឺ បានចូលទៅឈូសឆាយធ្វើផ្លូវនៅតំបន់នោះ តាមការស្នើសុំពីអាជ្ញាធរដែនដី។

ដូច្នេះពុំមានការឃុមឃិតគ្នាឈូសឆាយរំលោភយកដីព្រៃ ឬ ដីសប្បទានសង្គមកិច្ចរបស់រដ្ឋជិត១,០០០ហិចតា ដូចការលើកឡើងយកទៅផ្សព្វផ្សាយចោទប្រកាន់តាមបណ្ដាញសង្គមមួយចំនួននោះទេ។ កោះសន្តិភាព មិនអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីលោក ឡាច ហម មេឃុំកំពង់ល្ពៅ បានទេ នៅព្រឹកថ្ងៃទី ០៧ កុម្ភៈនេះ ព្រោះលេខទូរស័ព្ទរបស់លោកស្ថិតក្រៅតំបន់សេវា។ ប៉ុន្តែបើតាមប្រជាពលរដ្ឋ និង មន្ត្រីមូលដ្ឋាន បានអះអាងប្រហាក់ប្រហែលគ្នាថា ដីកសិកម្មរបស់ប្រជាពលរដ្ឋនៅតំបន់នោះភាគច្រើនធ្លាប់អាស្រ័យផលច្រើនឆ្នាំកន្លងមកហើយ។ ពួកគេាត់ថែមទាំងមានបង្កាន់ដៃកាន់កាប់ដី ដែលចេញដោយអាជ្ញាធរដែនដី ។ ប៉ុន្តែដីមួយចំនួនម្ចាស់ពុំមានលទ្ធភាពកាប់ឆ្ការព្រៃ បានត្រិបកាប់ប្រមូលដុត សល់ដង្គត់និងកូនឈើរតូចៗដុះឡើងរាល់ឆ្នាំ លុះមានគ្រឿងចក្រចូលឈូសផ្លូវ ទើបពួកគាត់ជួលគ្រឿងចក្រឲ្យជួយឈូសគល់ឈើផង កូនឈើតូចៗផង និង ឈូសធ្វើព្រំផង ដើម្បីបោះបង្គោលធ្វើព្រំ ងាយស្រូលគេចុះវាស់ធ្វើប្លង់ដី។

តំណាងក្រុមគ្រឿងចក្រ ដែលរងការចោទប្រកាន់ថា បានប្រើប្រាស់គ្រឿងចក្រ ឈូសឆាយរំលោភយកដីព្រៃ ឬ ដីសប្បទានសង្គមកិច្ចរបស់រដ្ឋនៅចំណុចខាងលើ លោក ម៉េង ហុក បានថ្លែងប្រាប់កោះសន្តិភាព តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ០៧ កុម្ភៈនេះដោយបានបដិសេធថា លោកមិនបានឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋដូចការចោទប្រកាន់នោះទេ។ លោកបានលើកឡើងដូច្នេះថា «អ្នកសារព័ត៏មានមួយចំនួន បានផ្សាយចោទប្រកាន់ខ្ញុំថា ខ្ញុំយកគ្រឿងចក្រឈូសឆាយយកដីព្រៃ ដីសប្បទានសង្គមកិច្ចរបស់រដ្ឋរាប់ពាន់ហិចតា ដែលនៅក្បែរនោះ តែពួកគេមិនបានសួរនាំអាជ្ញាធរទេ មុនពេលចុះផ្សាយ ចឹងហើយទើបមានការផ្សាយខុស ធ្វើឲ្យមានការយល់ច្រឡំ»។

លោក ម៉េង ហុក បានពន្យល់ថា ក្រោយមានផ្សាយបែបនេះ ទើបលោកអភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរដែនដី ចុះត្រូតពិនិត្យផ្ទាល់ តែរកមិនឃើញមានការឈូសឆាយដីព្រៃ ដូចការចុះផ្សាយរបស់អ្នកសារព័ត៏មានទេ។ លោក បានបញ្ជាក់ថា លោកបានបញ្ជូនគ្រឿងចក្រចុះទៅឈូសឆាយត្រង់តំបន់ខាងលើនេះ គឺ ឈូសធ្វើផ្លូវតាមការស្នើសុំរបស់អាជ្ញាធរឃុំកំពង់ល្ពៅ មិនមែនចុះដោយទៅឈូសឆាយដីតាមចិត្តឯងទេ ហើយលោកក៏ពុំមានដីកម្មសិទ្ធនៅទីនោះដូចការចោទប្រកាន់ពីមនុស្សមួយចំនួនដែរ។

លោកបានប្រាប់ថា អាជ្ញាធរឃុំកំពង់ល្ពៅ បានជួលគ្រឿងចក្ររបស់លោកឲ្យចុះទៅឈូសធ្វើផ្លូវថ្មីចំនួន០៤ខ្សែ ដែលមានប្រវែង០៨គីឡូម៉ែត្រ រួមទាំងការឈូសធ្វើផ្លូវហ៊ុំព័ទ្ធធ្វើព្រំតំបន់«ដីសប្បទានសង្គមកិច្ចរបស់រដ្ឋផង»។ ប៉ុន្តែដោយសារប្រជាពលរដ្ឋសុំជួលគ្រឿងចក្រលោកឲ្យជួយឈូសព្រំដីពួកគាត់ និង ឈូសគល់ឈើ កូនឈើតូចៗនៅក្នុងដីពួកគាត់ ម្យ៉ាងគ្រឿងចក្ររបស់ទំនេរខ្លះផង ទើបលោកសម្រេចចុះឈូសឆាយឲ្យពួកគាត់ គ្រាន់បានសោហ៊ុយទិញប្រេងប្រើប្រាសបន្ត។ ដូច្នេះគ្រឿងចក្ររបស់លោក ពុំបានធ្វើការឈូសឆាយរំលោភយកដីព្រៃ ឬ ដីសប្បានសង្គមកិច្ចរបស់រដ្ឋដែលមានទំហ៊ុំជិត១,០០០ហិចតាខាងលើនេះទេ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៏មានមិនពិតបង្កឲ្យមានភាពចលាចលរឿងដីធ្លីខាងលើនេះ បើតាមប្រភពព័ត៏មានមួយ បានបង្ហើបឲ្យដឹងថា ព័ត៏មានដែលបានផ្សាយតាមបណ្ដាញសង្គមបង្កឲ្យមានភាពចលាចល រហូតដល់ថ្នាក់ដឹកនាំខេត្ត និង មន្ត្រីជំនាញ ចុះទៅពិនិត្យដល់ទីតាំងកើតហេតុនោះ គឺ ដោយសារមានមន្ត្រីយោធាពាក់ស័ក្ដិ៥ ម្នាក់ជាអ្នកផ្ដល់ព័ត៏មាននេះដល់អ្នកសារព័ត៏មានមួយចំនួនឲ្យចុះផ្សាយ ដែលមានលក្ខណៈញុះញ៉ង់។
ប្រភពដដែលបានទម្លាយទៀតថា មន្ត្រីយោធាម្នាក់នោះ ធ្លាប់ច្បាមយកដីសប្បទានសង្គមកិច្ចរបស់រដ្ឋ រាប់សិបហិចតាក្នុងចំណោមផ្ទៃដីសប្បទានសង្គមកិច្ចជាង១,០០០ហិចតា ធ្វើជាកម្មផ្ទាល់ខ្លួន។ ប៉ុន្តែក្រោយមកនៅពេលអាជ្ញាធរ និង មន្ត្រីជំនាញ ចុះវាស់កំណត់ព្រំដីសប្បទាន ស្រាប់តែចូលទាំងដីលោកយោធាស័ក្ដិ៥ផង ទើបមន្ត្រីម្នាក់នេះខឹងសប្បា ហើយបានចិញ្ចឹមចិត្តតាមយកដីនោះពីរដ្ឋវិញ។ លុះដល់ពេលនេះមានគ្រឿងចក្រចូលឈូសឆាយធ្វើផ្លូវនៅតំបន់នោះផង ទើបមន្ត្រីល្មោភដីរូបនេះ លួចបង្ហើបប្រាប់ដល់អ្នកសារព័ត៏មានមួយចំនួន ឲ្យចុះទៅថតរូប និង ផ្សព្វផ្សាយបង្កឲ្យមានភាពចលាចលតែម្ដង។

មន្ត្រីដែលមានប្រវត្តិអាស្រូវរឿងដីធ្លីនេះ ត្រូវគេទម្លាយឲ្យដឹងថា សព្វថ្ងៃមន្ត្រីរូបនេះមានដីច្រើនណាស់ និង នៅគ្រប់កន្លែងក្នុងស្រុកសំឡូត ដែលបានមកពីការប្រើអំណាច តួរនាទី រំលោភបំពានយកដីរដ្ឋ។ ប៉ុន្តែយ៉ាងណាក្ដី ក្រោយពីថ្នាក់ដឹកនាំខេត្ត នាំមន្ត្រីជំនាញ និង អាជ្ញធរដែនដីចុះពិនិត្យផ្ទាល់ ពេលនេះរដ្ឋបាលស្រុកសំឡូត បានចេញសេចក្ដីបំភ្លឺហើយថា គ្រឿងចក្រដែលកំពុងឈូសឆាយដីនៅតំបន់នោះ មិនបានឈូសឆាយដីគម្រប់ព្រៃឈើរបស់រដ្ឋទេ។ គ្រឿងចក្រទាំងនោះបានឈូសឆាយធ្វើផ្លូវ តាមការស្នើសុំពីអាជ្ញាធរដែនដី។ តំណាងក្រុមគ្រឿងចក្រ លោក ម៉េង ហុក បានបញ្ជាក់ដែរថា អាជ្ញាធរនៅតែអនុញាតឲ្យគ្រឿងចក្ររបស់លោកធ្វើការឈូសឆាយសាងសង់ផ្លូវបន្ត។

ប៉ុន្តែដោយសារដីដែលត្រូវឈូសនោះ ជាទីកន្លែងដែលសង្ស័យថា អាចមានគ្រាប់មីន ទើបលោកផ្អាក់បណ្ដោះអាសន្ន ដើម្បីសុំឲ្យអាជ្ញាធរជួយនាំកម្លាំងស៊ីម៉ាក់ចូលបោសសំអាតគ្រាប់មីនសិនទើបគ្រឿងចក្ររបស់លោកអាចចូលឈូសឆាយបន្តបាន។ បើតាមមន្ត្រីមូលដ្ឋាន ដែលលោកបានសួរនាំ បានប្រាប់ថា ថ្ងៃស្អែក(០៨ ០២ ២៤) កម្លាំងស៊ីម៉ាក់នឹងចុះទៅកាន់តំបន់នោះ ដើម្បីរាវរកគ្រាប់យុទ្ធភ័ណ្ឌនានា ហើយគ្រឿងចក្ររបស់លោក ក៏នឹងចុះធ្វើការងារបន្តទៀតដែរ៕
ចែករំលែកព័តមាននេះ