រាជធានីភ្នំពេញ ៖ គណបក្សសិទ្ធិមនុស្សបានចេញសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី៣០ ឧសភា ដែលជាការឆ្លើយតបទៅនឹងខ្សែអាត់សំឡេងនៃការសន្ទនាតាមទូរស័ព្ទដែលត្រូវបានទម្លាយដោយវេបសាយក្នុងស្រុកមួយ។ ការប្រកាសនេះកោះសន្តិភាពមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ ដែលសេចក្តីប្រកាសព័ត៌ មាននោះបានសរសេរថា នៅពេលថ្មីៗនេះមានលេចឮព័ត៌មានជុំវិញអ្វីដែលហៅថា «ការទម្លាយឯកសារសម្ងាត់ស្តីពីការបង្កើតគណបក្សសិទ្ធិមនុស្ស» ។ ចំពោះព័ត៌មាននេះ គណបក្សសិទ្ធិមនុស្សសូមបញ្ជាក់ជំហររបស់យើងដូចតទៅនេះ ៖
១-គណបក្សសិទ្ធិមនុស្សចាត់ទុកថា នេះមិនមែនជាព្រឹត្តិការណ៍សំខាន់គួរឱ្យយកចិត្តទុកដាក់ទេ ព្រោះនេះមិនមែនជារឿងអាថ៌កំបាំង ឬជាការសម្ងាត់អ្វីទេ ដោយក្នុងការជួបសន្ទនានេះ មិនមានចំណុចណាមួយដែលបញ្ជាក់ថា លោកកឹម សុខា បានសុខចិត្តសន្យាដោះដូរអ្វីជាអាថ៌កំបាំងជាមួយលោកនាយករដ្ឋមន្ត្រីឡើយ ។
២-គណបក្សសិទ្ធិមនុស្សយល់ឃើញថា ការសន្ទនាគ្នារវាងមេដឹកនាំគណបក្សណាមួយទៅគណបក្សមួយទៀត គឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ។
៣-គណបក្សសិទ្ធិមនុស្សយល់ឃើញថា ការបញ្ចេញឯកសារនេះ គឺជាល្បិចកលមួយដែលធ្វើឡើងដើម្បីបំបែកកម្លាំងអ្នកប្រជាធិបតេយ្យ ដែលកំពុងស្វះស្វែងប្រមូលកម្លាំង ដើម្បីធ្វើការផ្លាស់ប្តូររបៀបដឹកនាំបច្ចុប្បន្ន ក្នុងបំណងធានាឱ្យបាននូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការលើកស្ទូយជីវភាពប្រជាពលរដ្ឋ ។
៤-គណបក្សសិទ្ធិមនុស្ស ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍អហិង្សា មិនយកខ្មែរណាធ្វើជាសត្រូវ និងប្រកាន់ជំហរដាច់ខាតក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សសិទ្ធិមនុស្ស ដោយមិនព្រមរណបគណបក្សនយោបាយណាមួយជាដាច់ខាត ៕
ចែករំលែកព័តមាននេះ