រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ អ្វីដែលសម្តេចខ្លាចបំផុតនោះ គឺប្រជាជនថៃស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីក្ប.ត់ជាតិសាសន៍ និងប្រជាជនរបស់ខ្លួន ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០២៥ ថា វាជារឿងដ៏ចម្លែក និងកម្រណាស់ នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំប្រទេសមួយទៀត ដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន ។
សម្តេចតេជោ បានលើកឡើងថា ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃចំពោះរូបខ្ញុំ ហ៊ុន សែន វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះខ្ញុំទៅវិញទេ។
គួរណាស់ ប្រជាជនថៃនាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ ដូច្នេះខ្ញុំសូមទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»៕
ចែករំលែកព័តមាននេះ