រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ការបញ្ចេញមតិជំទាស់ជាមួយរាជរដ្ឋាភិបាល ឬអ្នកនយោបាយនៅក្នុងគណបក្សប្រឆាំងជាមួយគណបក្សកាន់អំណាចមិនមែនជាទោសក្ប.ត់ ដែលត្រូវបារម្ភរឿងច្បាប់ដកសញ្ជាតិ ។

ការបញ្ជាក់របស់សម្តេចតេជោ ខណៈដែលសម្តេចបានទម្លាយថា មានបុគ្គលសញ្ជាតិខ្មែរមួយក្រុម កំពុងគប់គិតគ្នាជាមួយថៃ ដើម្បីបម្រុងបង្កើតកម្លាំងវា.យប្រហារកម្ពុជា ហើយអ្នកទាំងនេះ ជាគោលដៅត្រូវដកសញ្ជាតិទៅតាមច្បាប់ ។
ការលើកឡើងរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យលើសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធការដកសញ្ជាតិកាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ៖ «ការបញ្ចេញមតិជំទាស់ជាមួយរាជរដ្ឋាភិបាល ឬអ្នកនយោបាយនៅក្នុងគណបក្សប្រឆាំងជាមួយគណបក្សកាន់អំណាច មិនមែនជាទោសក្បត់ដែលត្រូវបារម្ភរឿងច្បាប់ដកសញ្ជាតិនោះឡើយ» ។
ទាក់ទិននឹងច្បាប់ដកសញ្ជាតិវិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បុគ្គលដែលត្រូវយកច្បាប់ដកសញ្ជាតិមកប្រើ ដើម្បីដកសញ្ជាតិនោះ គឺជាអ្នកដែលប្រព្រឹត្តសកម្មភាពទាំងឡាយណាដែលគប់គិតជាមួយជនបរទេស ដើម្បីបំផ្លាញជាតិខ្មែរខ្លួនឯងទើបជាគោលដៅនៃការដកសញ្ជាតិ ។

ក្នុងន័យនេះ សម្ដេចបានពន្យល់យ៉ាងដូច្នេះថា៖ « អ្នកដែលមិនបានប្រព្រឹត្តអំពើក្បត់ជាតិ គប់គិតជាមួយបរទេសមិនមានអ្វីត្រូវព្រួយបារម្ភជាមួយច្បាប់នេះឡើយ ។ សម្ដេចតេជោប្រធានព្រឹទ្ធសភាថា ៖«ក្នុងច្បាប់បានកំណត់ណា គ្មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានដកសញ្ជាតិនោះទេ ប្រសិនបើមិនបានធ្វើអ្វីមួយដែលប្រឆាំងក្បត់ផលប្រយោជន៍ជាតិខ្លួនឯង ។ ដូច្នេះមិនចាំបាច់ភ័យទេ បើមិនក្បត់ជាតិនោះ «…»និយមន័យនៃការក្បត់ជាតិ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ ជំទាស់ធ្វើជាបក្សប្រឆាំង ដែលស្មើនឹងទោសក្បត់ជាតិនោះ គឺមិនមែនទេ ។ ប៉ុន្ដែទង្វើទាំងឡាយដែលគប់គិតជាមួយជនបរទេសបំផ្លាញជាតិរបស់ខ្លួន ទើបជាគោលដៅដែលមានក្នុងច្បាប់» ។
ជាមួយគ្នានោះដែរ ប្រធានព្រឹទ្ធសភានៃកម្ពុជាបានអះអាងទៀតថា ច្បាប់ដកសញ្ជាតិនេះក៏មានវិសាលភាពធំធេងអនុវត្តសម្រាប់ជនបរទេសទាំងឡាយណាដែលបានសញ្ជាតិខ្មែរ តាមរយៈការធ្វើសញ្ជាតិតូបនីយកម្ម ។
សម្ដេចបានបញ្ជាក់ថា កន្លងទៅមានជនបរទេសជាច្រើនជាតិសាសន៍ទទួលបានសញ្ជាតិខ្មែរ ប៉ុន្ដែច្បាប់មិនបើកឱកាសឲ្យដាក់ទណ្ឌកម្មបុគ្គលទាំងនោះតាមរយៈការដកសញ្ជាតិត្រឡប់មកវិញទេ ប្រសិនបើរកឃើញថា បុគ្គលនោះគប់គិតជាមួយបរទេស ដើម្បីបំផ្លាញជាតិខ្មែរ ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នៅពេលកម្ពុជាមានច្បាប់ដកសញ្ជាតិហើយនោះ គឺជនបរទេសដែលបានសញ្ជាតិខ្មែរ ហើយប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ផលប្រយោជន៍ជាតិ នឹងត្រូវយកច្បាប់នេះមកអនុវត្ត ។
លើសពីនេះ សម្ដេចតេជោ ក៏បានលើកឧទាហរណ៍ជាក់ស្ដែងថា ក្នុងករណីមានជនជាតិថៃ ដែលចូលសញ្ជាតិកម្ពុជា ហើយគេត្រឡប់ទៅស្រុកវិញគេផ្ដល់លុយ ដើម្បីឲ្យទាហានថៃវាយប្រហារជាមួយខ្មែរ តើគួរដកសញ្ជាតិ ឬមិនដក0x017d7 ព្រោះករណីនេះ ធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ដ្រខ្មែររួចមកហើយនៅខេត្តបាត់ដំបង ។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំដល់បុគ្គលទាំងឡាយណា ដែលមិនចង់បាត់បង់សញ្ជាតិខ្មែរទេកុំប្រព្រឹត្តអំពើក្បត់ជាតិ គប់គិតជាមួយបរទេសបំផ្លាញជាតិខ្លួនឯង ។ សម្ដេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា «បើខ្លាចគេដកសញ្ជាតិកុំធ្វើអំពើក្បត់ជាតិទៅបានហើយ កុំគប់គិតជាមួយបរទេស» ។
ទាក់ទិនជាមួយការគប់គិតជាមួយបរទេសរបស់ក្រុមប្រឆាំងសម្ដេចតេជោ ហ៊ុន សែន ក៏ បានទម្លាយថា មានបុគ្គលសញ្ជាតិខ្មែរមួយក្រុមកំពុងគប់គិតគ្នាជាមួយថៃ ដើម្បីបម្រុងបង្កើតកម្លាំងវាយប្រហារកម្ពុជា ដូច្នេះបុគ្គលទាំងនោះកំពុងប្រព្រឹត្តអំពើក្បត់ជាតិ ហើយជាគោលដៅនៃច្បាប់ដកសញ្ជាតិ ៕
ចែករំលែកព័តមាននេះ