ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ចុះ​​អនុ​វត្ត​សាល​​ដីកា ថ្នាក់​​លើ​សុំ​ឱ្យ​​បង្អង់​សិន ​ប៉ុន្តែ​ថ្នាក់​​ក្រោម​ចាប់​​ផ្តើម​ធ្វើ

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១១ មន្ត្រី​តុលា​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ ដឹក​នាំ​ដោយ​លោក​តន់ សីហៈតេជៈ ព្រះ​រាជ​អាជ្ញា​រង​ខេត្ត ចុះ​អនុ​វត្ត​សាល​ដីកា​តុលា​ការ​កំពូល​លេខ​៣៨១ឃ ចុះ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០ ស្ថិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​កូន​ដំរី សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត

ក្រុង​ប៉ោយ​ប៉ែត ៖ ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១១ មន្ត្រី​តុលា​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ ដឹក​នាំ​ដោយ​លោក​តន់ សីហៈតេជៈ ព្រះ​រាជ​អាជ្ញា​រង​ខេត្ត ចុះ​អនុ​វត្ត​សាល​ដីកា​តុលា​ការ​កំពូល​លេខ​៣៨១ឃ ចុះ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០ ស្ថិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​កូន​ដំរី សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត។

ក្នុង​ការ​ចុះ​អនុ​វត្ត​នៅ​ចំណុច​ដី​ទំនាស់​ទំហំ​៥.០០០​ម៉ែត្រ​ការ៉េ​នោះ លោក​អ៊ុក ខ្វាន់​រិន មេ​ភូមិ​កូន​ដំរី​បាន​ឱ្យ​ដឹង​ថា ការ​ចុះ​អនុ​វត្ត​សាល​ដីកា​របស់​លោក​ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​​នៅ​ពេល​នេះ គឺ​មាន​ភាព​មិន​ប្រក្រតី​ ដោយ​ការ​អនុ​វត្ត​នោះ​ខុស​ទីតាំង​ផ្លូវ ដោយ​លោក​មេ​ភូមិ​បញ្ជាក់​ថា ការ​ប្តឹង​ជំទាស់​របស់​ភាគី​ឈ្នះ​ក្តី​នោះ​នៅ​ចំណុច​ទីតាំង​ផ្លូវ​លំ​លេខ​២​ឯណោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​តុលា​ការ​ខេត្ត​ចុះ​មក​អនុ​វត្ត ស្រាប់​តែ​មក​អនុ​វត្ត​​នៅ​ចំណុច​ផ្លូវ​លំ​លេខ​៤ទៅ​វិញ ដោយ​មាន​ចម្ងាយ​ខុស​គ្នា​ប្រមាណ​៥០០​ម៉ែត្រ​ឯណោះ។

​គួរ​កត់​សម្គាល់​ថា រឿង​ក្តី​ដីធ្លី​នេះ​ក៏​មាន​​លិខិត​ផ្លូវ​ការ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ ចុះ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១១ ដោយ​លោក​អង្គ វង្ស​វឌ្ឍានា បាន​សុំ​ឱ្យ​លោក​ប្រធាន​សាលា​ដំបូង និង​លោក​ព្រះ​រាជ​អាជ្ញា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ផ្អាក​ការ​អនុ​វត្ត​ជា​បណ្តោះ​អាសន្ន​សិន​​ រង់ចាំ​ការ​​សម្រេច​តាម​មតិ​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ប៊ិន ឈិន។

បើ​ទោះ​ជា​មាន​ចំណារ​របស់​​លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​បែប​នេះ​ក៏​ដោយ ក៏​តុលា​ការ​ខេត្ត​នៅ​តែ​​អនុ​វត្ត​ឱ្យ​ខាង​តែ​បាន​នា​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា។ ក្នុង​នោះ​ភាគី​ចាញ់​ក្តី​ឈ្មោះ​កែវ តូច ​បាន​អំពាវ​នាវ​សុំ​ឱ្យ​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​​បណ្ឌិត មេត្តា​ជួយ​​រក​យុត្តិ​ធម៌​ដល់​រូប​គាត់​ជា​ជន​រង​គ្រោះ​ផង បើ​ពុំ​ដូច្នេះ​ទេ ​ជន​មាន​អំណាច​នឹង​បង្ក​ធ្វើ​ឱ្យ​សង្គម​កើត​​មាន​បញ្ហា​មិន​​ចេះ​ចប់​មិន​ចេះ​ហើយ។

លោក​តន់ សីហៈ​តេជៈ ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​បាន​ឱ្យ​ដឹង​ថា ចំពោះ​ការ​ចុះ​អនុ​វត្ត​សាល​ដីកា​របស់​តុលា​ការ​កំពូល​នៅ​ពេល​នេះ គឺ​លោក​ធ្វើ​តាម​​ច្បាប់​តែ​ប៉ុណ្ណោះ បើ​មាន​ភាគី​ណា​មួយ​មិន​សុខ​ចិត្ត​សូម​ឱ្យ​ទៅ​តវ៉ា​នៅ​ចំពោះ​មុខ​ច្បាប់ចុះ។ ខាង​ក្រោម​នេះ​ជា​លិខិត​អន្តរា​គមន៍​របស់​ក្រសួង​យុត្តិ​ធម៌​​ក្នុង​រឿង​ក្តី​នេះ ដែល​យើង​សម្រេច​ថត​ចម្លង​ទាំង​ស្រុង​ដោយ​​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ឡើយ៕