រាជធានីភ្នំពេញ ៖ បន្ទាប់ពីចុះមើលស្ថានភាពជាប់ស្តែងឯកឧត្តមអាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា មានការរន្ធត់គ្រាំគ្រាចិត្តយ៉ាងពន់ពេក នៅពេលបានឃើញអំពីទំហំនៃការខូចខាត និងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋបានភៀសខ្លួន ដោយសារការប៉ះទង្គិចរវាងយោធា កម្ពុជា-ថៃ។

នេះបើយោងតាមសេចក្តីអធិប្បាយរបស់ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាឯកឧត្តមអាត់ស៊ូស៊ី អ៊ូអិណុ ស្ដីពីការចូលរួមទស្សនកិច្ចទៅកាន់កន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
តាមរយៈសេចក្តីអធិប្បាយ លោក ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ថ្ងៃនេះឯកឧត្តមបានចូលរួមក្នុងដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ដែលបានទទួលផលប៉ះពាល់នៅខេត្តឧត្តរមានជ័យ ដែលរៀបចំដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនិងអង្គទូតដទៃទៀត។

ឯកអគ្គរាជទូត បានទៅឃើញជាក់ស្តែងតំបន់ដែលបានរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងថៃ ក៏ដូចជាកន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា «នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចនេះ និងសូមចូលរួមសោកស្តាយឥតឧបមាចំពោះអ្នកដែលបានរងផលប៉ះពាល់»។
ជាមួយគ្នានេះឯកអគ្គរាជទូត សង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឱ្យបានលឿនបំផុត។ រដ្ឋាភិបាលជប៉ុន និងលោក ផ្ទាល់ នឹងខិតខំអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវចំណុចនេះ៕
ចែករំលែកព័តមាននេះ