ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈ ប្រើប្រាស់ចាំបាច់ ចំនួន៥៦មុខ មកប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ ខេត្តស្ទឹងត្រែង នៅទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ ១២៨ ខេត្តស្ទឹងត្រែង ។
អំណោយជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ចំនួន៥៦មុខ មកប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ នៅខេត្តស្ទឹងត្រែង ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ដឹកនាំដោយលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ក្នុងនោះ លោក ហួត ហៃ បានបញ្ជាក់ថា ទាហានខ្មែរពិតជាមានឆន្ទៈ មោះមុត អង់អាចក្លាហាន ខ្លាំងក្លា ក្រាញននៀល មិនចុះចាញ់ជាមួយទ័ពសត្រូវ បើទោះបីទ័ព សត្រូវមានគ្នាច្រើន មានអាវុធយុទ្ធភ័ណ្ឌទំនើប មានយន្តហោះចម្បាំង មានដ្រូន និងប្រើប្រាស់ថ្នាំពុល យ៉ាងណាក្តី រហូតទទួលបានការកោតសរសើរលើពិភពលោកថា កម្ពុជាប្រទេសតូច កម្លាំងតិច សម្ភារៈសឹកមិនសូវទំនើប តែទឹកចិត្តមោះមុត មានឆន្ទៈខ្ពស់ក្នុងកិច្ចការពារទឹកដីរបស់ខ្លួនយ៉ាងរឹងមាំ មិនឱ្យបាត់បង់ឡើយ ។
ជាមួយគ្នានេះ លោក ហួត ហៃ នៅមុខពិធីប្រគល់អំណោយនេះ បានជួបសំណេះសំណាល សួរសុខទុក្ខ ដល់នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ១២៨នេះ ជុំវិញការប្រយុទ្ធគ្នានាពេលកន្លងមក លោកបានសូមឱ្យមានការបែងចែកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ទាំង៥៦មុខឱ្យដល់វរៈទាំង៥ និងទាំង៧គ បានប្រើប្រាស់ និងហូបចុក ឱ្យបានដល់ដៃវីរកងទ័ពឱ្យបានគ្រប់ៗគ្នា ។
ចុងក្រោយលោក ហួត ហៃ បានផ្តាំផ្ញើដល់បងៗកងទ័ព សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រៀមលក្ខណៈជានិច្ច ព្រោះសត្រូវមិនឱ្យយើងបានសុខឡើយ មានតែយើងរឹងមាំខ្លួនឯងប៉ុណ្ណោះ ទើបយើងអាចការពារទឹកដីយើងមិនឱ្យបាត់បង់ ។
ជាការឆ្លើយតបក្នុងឱកាសនោះលោកវរសេនីយ៍ឯក ធីវ ម៉ុល បានបញ្ជាក់ឱ្យដឹងថា កងពលតូចអន្តរាគមន៍លេខ១២៨ ខេត្តស្ទឹងត្រែងមានកងទ័ពមួយចំនួន បានទៅឈរជើងការពារព្រំដែននៅជួរមុខ នៅច្រកព្រំដែនអានសេះ ជាំតែ និងមុំបី ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ធីវ ម៉ុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋរដ្ឋបាលរាជធានី និងជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែបានឧបត្ថម្ភជូន កងពលតូចអន្តរាគមន៍លេខ១២៨កន្លងមក ហើយនៅពេលនេះ ខណៈដែលកងទ័ពយើងកំពុងប្រឈមមុខ ជាមួយសត្រូវឈ្លានពាន រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគជាច្រើនមុខ មកជួយឧបត្ថមបន្ថែមទៀត។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏ធំធេង នៅពីក្រោយពួកយើងខ្ញុំទាំងអស់គ្នា។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានឱ្យបានដាច់ខាត ៕







ចែករំលែកព័តមាននេះ