ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ឱ្យ​អគ្គមេបញ្ជាការ​កងទ័ពម៉ា​ឡេ​ស៊ី ជួយ​អន្តរាគមន៍​ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃឆាប់​ប្រគល់​កងកម្លាំង​កម្ពុជា​ទាំង​១៨​រូបបញ្ជូន​មក​ឱ្យ​កម្ពុជា​វិញ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នក នាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​បាន​ស្នើ​ឱ្យ​អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី ឱ្យ​ជួយ​អន្តរាគមន៍​ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ…

រាជធានី​ភ្នំពេញ​៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នក នាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​បាន​ស្នើ​ឱ្យ​អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី ឱ្យ​ជួយ​អន្តរាគមន៍​ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ ឆាប់​ប្រគល់​កងកម្លាំង​កម្ពុជា​ទាំង​១៨​រូប បញ្ជូន​មក​ឱ្យ​កម្ពុជា​វិញ​។

គូសបញ្ជាក់​របស់​លោក​ជំទាវ​ឧត្ដមសេនីយ៍ឯក​បែប​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

លោក​ជំទាវ​ឧត្ដមសេនីយ៍ឯក ម៉ា​លី សុជាតា បាន​លើក​ឡើង​ថា កម្ពុជា​ក៏​បាន​ស្នើ​សុំ​យ៉ាង​ទ​ទួ​ច​ឱ្យ​ភាគី​ថៃ ឆាប់​ប្រគល់​កងកម្លាំង​កម្ពុជា​ទាំង​១៨​នាក់ ត្រឡប់​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់រហ័ស​ផង​ដែរ ហើយ​ក្រសួងការពារជាតិ​ក៏​មិន​ទុក​សមាជិក​របស់​យើង​ចោល​នោះ​ទេ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។

លោក​ជំទាវ​ឧត្ដមសេនីយ៍ឯក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​នាង​ខ្ញុំ​បញ្ជាក់​សា​ជា​ថ្មី​ថា​ចំពោះ​កងកម្លាំង​កម្ពុជា​យើង​ចំនួន​១៨​រូប​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​ថៃ ចាប់តាំងពី​ម៉ោង​៧ និង​៥០​នាទី កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ យោធា​ថៃ បាន​បញ្ជាក់​ថា​ពួក​គេ​មាន​សុ​ត្ថិ​ភាព ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុងធ្វើការ​យ៉ាង​សស្រាក់​ស​ម្រាំ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ថៃ​បញ្ជូន​កងកម្លាំង​ទាំង​១៨​រូប មក​វិញ​ឱ្យ​បាន​ឆាប់រហ័ស​»​។

លោក​ជំទាវ​ឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ក៏​បាន​អះអាង​ថា ចាប់ពី​តាំងពី​ចូល​ជា​ធរមាន​នូវ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ពោល​គឺ​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​៥​ថ្ងៃ​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មិន​មានការ​ប្រែប្រួល​នោះ​ទេ​ក្នុង​ការ​អនុវត្ត​នូវ​បទ​ឈប់​បាញ់​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ស្ថានភាព​ស្ថានភាព​កាន់តែ​ប្រសើរ​រហូត​ដោះស្រាយ​ដោយ​សន្តិវិធី​។

ក្នុង​ឱកាស​នោះ លោក​ជំទាវ​ឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ កន្លង​មកនេះ​ក៏​មាន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​អន្តរកាល​មក​ពី​៣​ប្រទេស ដែល​ក្នុង​នោះ រួម​មាន អនុព័ន្ធ ម៉ា​ឡេ​ស៊ី ជា​ប្រធាន​អាស៊ាន​ជា​អ្នកដឹកនាំ និង​ជំនួយការ​អនុព័ន្ធ​យោធា​វៀតណាម និង​ជំនួយការ អនុព័ន្ធយោធា​ហ្វី​លី​ពី​បាន​ចុះ​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ដែល​កើតហេតុ​ដែល​ជាទី​តាំង​យន្តហោះ​ថៃ​ទម្លាក់​គ្រាប់បែក​នៅ​ខេត្តឧត្តរមានជ័យ និង​បាន​បន្ត​ចុះ​ទៅ​មើល​ជន​ភៀ​សឹក​នៅ​ខេត្តព្រះវិហារ​។ ទន្ទឹម​នេះ អនុព័ន្ធយោធា​ទាំងនេះ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​តំបន់​ភ្នំ​ខ្មោច ដែល​ជា​តំបន់​ក្តៅ​ដោយ​តំបន់​នេះ​ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​យន្តហោះ​យោធា​ថៃ​។

ជាមួយ​គ្នា​នោះ​ដែរ​បើ​តាម​លោក​ជំទាវ​បាន​ឲ្យ​ដឹង​កងកំលាំង​កម្ពុជា​១៨​នាក់​កំពុង​ស្ថិត​ការ​គ្រប់គ្រង​របស់​យោ​ធាន​ថៃ​បាន​សុវត្ថិ​ភាពល្អ ហើយ​កម្ពុជា​បន្ត​ស្នើ​ឲ្យ​យោធា​ថៃ​បញ្ជូន​កងកំលាំង​កម្ពុជា​ទាំង​១៨​នាក់​មក​វិញ​បាន​ឆាប់រហ័ស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ