ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំថ្លែងថាលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿងទៅដាក់នៅទីតាំងដ៏សមគួរបន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ី លោកមេតវេដេវ (Medvedev) បំផ្លោងវោហារសាស្ត្រខ្លាំងៗថាប្រយ័ត្នផ្ទុះសង្គ្រាមនុយក្លេអ៊ែររវាងមហាអំណាចទាំង២។ ក្រុមអ្នកវិភាគចាត់ទុកសម្ដីរបស់លោកត្រាំត្រង់ចំណុចនេះជាការបង្កើនវោហារសាស្ត្រដាក់គ្នាដើម្បីកុំឱ្យចាញ់ប្រៀបទីក្រុងម៉ូស្គូ។ ប៉ុន្តែនៅក្នុងផ្នែកយោធាមិនចាំបាច់ធ្វើដូច្នេះទេព្រោះអាមេរិកដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរគ្រប់ទីកន្លែង ចង់វាយប្រហាររុស្ស៊ីថ្មើរណាក៏បានដែរ។
សូមរំលឹកថាលោកមេតវេដេវជាបុរសកន្តឿដែលពូកែវោហារម្នាក់នេះថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថាលោកត្រាំគួរដឹងថារុស្ស៊ីមានសមត្ថភាពវាយប្រហារដោយអាវុធនុយក្លេអ៊ែរតាំងពីសម័យសហភាពសូវៀត។ លោកថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំផ្ដាំទៅគាត់ថាឱ្យប្រយ័ត្នសម្ដី។ លោកត្រាំថ្លែងថាដោយសារសម្ដីបង្កហេតុរបស់អតីតប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រី មេតវេដេវ លោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿងដើម្បីបង្ការទុកជាមុនក្រែងលោពាក្យសម្ដីដ៏ឆ្កួតលេលានេះក្លាយជាការពិត។
លោកត្រាំថ្លែងបន្តទៀតថាពាក្យសម្ដីសំខាន់ណាស់។ កាលណានិយាយអ្វីមិនស្រួលអាចបង្កជាផលវិបាកដោយមិនដឹងខ្លួន។ លោកសង្ឃឹមថាលើកនេះនឹងមិនមានអ្វីកើតឡើងទៅចុះ។ នៅពេលអ្នកសារព័ត៌មានសាកសួរអំពីបញ្ហានេះ លោកត្រាំឆ្លើយថាលោកមេតវេដេវបានប្រើប្រាស់ភាសាគំរាមកំហែង។ ដូច្នេះ យើងត្រូវតែចាត់វិធានការដើម្បីការពារប្រជាជនរបស់យើង។
ការថ្លែងរបស់លោកត្រាំធ្វើឡើងនៅក្នុងស្ថានភាពដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងៗរវាងម៉ូស្គូ និងវ៉ាស៊ីនតោន។ លោកត្រាំចាប់ផ្ដើមមួរម៉ៅក្ដៅក្រហាយកាន់តែខ្លាំងនឹងការចរចាបញ្ហាអ៊ុយក្រែនដែលមិនរីកចម្រើនទៅមុខទាល់តែសោះ។ ជួបគ្នាបីដងគ្មានបានអ្វីក្រៅពីយល់ព្រមដូរឈ្លើយសឹកគ្នាទៅវិញទៅមក។ ចំណែកបញ្ហាធំៗដូចជាបទឈប់បាញ់ជាដើមបែរជាគ្មានសាច់ការទាល់តែសោះ។
ហេតុនេះត្រាំដាក់ឱសានវាទត្រឹមថ្ងៃទី៨ ខែសីហាខាងមុខនេះត្រូវតែមានដំណោះស្រាយ។ បើមិនដូច្នេះទេ គាត់នឹងដាក់ទណ្ឌកម្មរុស្ស៊ី។ ប្រទេសដែលទិញទំនិញរុស្ស៊ីក៏ជាប់ទណ្ឌកម្មដូចគ្នា។ លោកត្រាំមិនបានបញ្ជាក់ថាតើនាវាមុជទឹកនុយក្លេអ៊ែរនេះជាប្រភេទនាវាអ្វីទេ។ នាវាប្រភេទនេះអាចដើរដោយថាមពលនុយក្លេអ៊ែរផង និងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថែមទៀត៕
ចែករំលែកព័តមាននេះ