ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ដែល​គេ​អាច​គិត​ថា គឺជា​ជម្រក​ឬ​អាច​ជា​ជំរុំ​របស់​ក្រុមប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ឬ​ក៏​អាជ្ញាធរ កម្ពុជា​តែងតែ​រត់គេច​ដោយសារ​តែ​មាន​ព្រំដែន​ដ៏​ធំ​ទូលាយ​ជាមួយ​គ្នា​នោះ​នៅ​ពេល​នេះ​បាន​ក្លាយជា​ប្រទេស​ដែល​លែង​មាន​សុវត្ថិភាព​របស់​ពួក​គេ​ទៀត​ហើយ​។ តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ដែល​សម្តេច ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​រាជាណាចក្រ​ក្បែរ​ខាង​នោះ​តែ​ប៉ុន្មាន​ថ្ងៃ អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​រត់​មក​ជ្រកកោន​នៅ​ប្រទេស​នេះ…

ថៃ​ដែល​គេ​អាច​គិត​ថា គឺជា​ជម្រក​ឬ​អាច​ជា​ជំរុំ​របស់​ក្រុមប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ឬ​ក៏​អាជ្ញាធរ កម្ពុជា​តែងតែ​រត់គេច​ដោយសារ​តែ​មាន​ព្រំដែន​ដ៏​ធំ​ទូលាយ​ជាមួយ​គ្នា​នោះ​នៅ​ពេល​នេះ​បាន​ក្លាយជា​ប្រទេស​ដែល​លែង​មាន​សុវត្ថិភាព​របស់​ពួក​គេ​ទៀត​ហើយ​។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ដែល​សម្តេច ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​រាជាណាចក្រ​ក្បែរ​ខាង​នោះ​តែ​ប៉ុន្មាន​ថ្ងៃ អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​រត់​មក​ជ្រកកោន​នៅ​ប្រទេស​នេះ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដល់​ទៅ​៣​រូប នៅ​នឹង​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ​នៅ​តាម​កន្លែង​ផ្សេង​ៗ​គ្នា​។

ក្រុម​សកម្មជន​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ទាំង​បី​រូប​នេះ គឺ​រួម​មានឈ្មោះ លឹ​ម សុខា អាយុ ៤៥​ឆ្នាំ ជា​អនុប្រធាន​គណកម្មការ​ជនភៀសខ្លួន​កម្ពុជា ដែល​គេ​ដឹង​ថា រត់​មក​ជ្រក​នៅ​ថៃ​តាំងពី​ឆ្នាំ​២០១៧ ។ ម្នាក់​ទៀត​ឈ្មោះ ផ​ន ផា​ន់​ណា អាយុ​៤១ ឆ្នាំ ជា​សមាជិក​បណ្តាញ យុវជន​កម្ពុជា​សាកល ដែល​បាន​រត់គេច​ខ្លួន​ទៅ​កាន់​ទីនោះ​តាំងពី​ឆ្នាំ​២០២២ និង​ម្នាក់​ទៀត គឺ គង់ រ៉ៃ​យ៉ា អាយុ​៣២​ឆ្នាំ ដែល​បាន​រត់គេច​ខ្លួន​មក​ទីនោះ​តាំងពី​ខែកក្កដា ដោយ​ជន​នេះ ធ្លាប់ ចុះចូល​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា រួច​ហើយ​តែ​ក៏​បាន​ប្រឆាំង​វិញ រហូត​ដល់​គេ​ខ្លួន ។

ការ​ចាប់ខ្លួន​របស់​ពួក​គេ​នេះ ត្រូវ​បាន​អាជ្ញាធរ​ថៃ​លើក​ឡើង​ថា គឺ​ដោយសារ​តែ​ពួក​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ប៉ុន្តែ​ប្រភព​ខ្លះ​បាន​លើក​ឡើង​ថា គឺ​ដោយសា​តែ​ពួក​គេ​រៀបចំ​ផែនការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​សម្តេច​ធិ​បតី ។ ការ​ចាប់ខ្លួន​ពួក​គេ​នោះ សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​ក៏​ត្រូវ​ចាប់ខ្លួន​ផង​ដែរ ។ តាម​ការ​គ្រោងទុក សម្តេច​ធិ​បតី និង​ភរិយា​គ្រោង​នឹង​បំពេញ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​ថៃ នៅ​ថ្ងៃ​ទី​០៧​ខែកុម្ភៈ ឆ្នាំ​២០២៤ ខាង​មុខ​តប​តាម​ការ​អញ្ជើញ​របស់​លោក សេដ្ឋា ថា​រី​ស៊ី​ន ។

ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនៈកិច្ច​នេះ ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ចូល​គាល់​មហាក្សត្រ​ថៃ សម្តេច​ធិ​បតី​ក៏​នឹង​ជួប​ប្រធាន​ព្រឹទ្ធសភា និង ប្រធានរដ្ឋសភា​ថៃ​ផង​ដែរ ។ ក្រៅពី​នោះ លោក​នឹង​ជួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយនឹង​លោក សេដ្ឋា ថា​វី​ស៊ី​ន លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី និង​ពហុភាគី ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។ ទន្ទឹម​នឹង​នេះ កម្ពុជា និង​ថៃ​ក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​មួយ​ចំនួន ហើយ​សម្តេច​ធិ​បតី​ក៏​នឹង​ថ្លែង​សុន្ទរកថា បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ ។

ក្រសួងការបរទេស​មិន​បាន​លើក​ឡើង​នូវ​ករណី​នៃ​ការ​ចាប់ខ្លួន​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​របស់​សម្តេច​ធិ​បតី ទៅ​កាន់​ថៃ​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង និង​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​ស្រប​តាម​ស្មារតី​នៃ​ការ​ពង្រឹង​ភាព​ជា​ដៃគូ ដើម្បី​សន្តិភាព​និង​វិបុលភាព ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​សហគមន៍​អាស៊ាន និង​អន្តរជាតិ ។

ទំនាក់ទំនង​រវាង​កម្ពុជា​និង ថៃ​បាន​ចាប់ផ្តើម​ល្អូកល្អិន​នេះ​បាន​កើត​មាន​ឡើង​ចាប់តាំងពី​ថៃ​ក្រហម​បាន​ឡើង​កាន់​អំណាច​ជា​ថ្មី ហើយ​នៅ​មុន​នេះ​អ្នក​ដែល​នៅ​ពីក្រោយ ថៃ​ក្រហម​ដ៏​មាន​ឥទ្ធិពល គឺ​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ក៏​ធ្លាប់​មក​កម្ពុជា​នៅ​មុន​ពេល​លោក​សម្រេចចិត្ត​ចូល​ប្រទេស ដើម្បី​ទទួលទោស​ពី​បទ​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​មួយ​ចំនួន​ដែល​របប​សឹក​យោធា ថៃ​ធ្លាប់​ចោទប្រកាន់​មុន​ពេល​លោក​ត្រូវ​បាន​ធ្វើ​រដ្ឋប្រហារ ។ លោក សេដ្ឋា ថា​វី​ស៊ី​ន ផ្ទាល់​ក៏​បាន​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ដំបូង​គេ នៅ​ពេល​ដែល​លោក​បាន​ចូល​កាន់​តំណែង​ភ្លាម​ៗ​។

ទំនាក់ទំនង​នេះ​ក្រៅពី​ធ្វើ​ឲ្យ​ក្រុមប្រឆាំង​បាត់បង់​មូលដ្ឋាន​ក្រៅប្រទេស​របស់​ខ្លួន​ហើយ​នោះ កម្ពុជា និង​ថៃ​ក៏​អាច​នឹង​បើក​ទំព័រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មួយ​ចំនួន​បន្ថែម​ទៀត ជា​ពិសេស គឺ​ពាណិជ្ជកម្ម ទេសចរណ៍ និង​បញ្ហា​ជម្លោះ​នៅ​ឈូង​សមុទ្រ​ថៃ​។ នៅ​លើ​ទិដ្ឋភាព​ពាណិជ្ជកម្ម​ភាគី​មេដឹកនាំ​កម្ពុជា និង​ថៃ​អាច​នឹង​ពិភាក្សា​អំពី​បញ្ហា​អភិ​វ​ឌ្ឈ​ន៍​សេដ្ឋកិច្ច​នៅ​តាម​ព្រំដែន​ការ​ជំរុញ និង​លើកកម្ពស់​ពាណិជ្ជកម្ម​និង​ការ​បណ្តាក់ទុន​នៅ​លើ​កា​រត​ភ្ជាប់​វិស័យ​ដឹក​ជញ្ជូន ។ ដោយឡែក​ទេសចរណ៍​វិញ​នៅ​ពេល​នេះ ថៃ​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​របស់​កម្ពុជា​ដោយ​អ្នកទេសចរ​ថៃ​បាន​មក​លេង​កម្ពុជា​ដល់​ទៅ​ជិត​២​លាន​នាក់ ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​ចាត់​ទុក​ថៃ​ជា​កន្លែង​ទេសចរណ៍ និង​ជំនួញ​របស់​ពួក​គេ​ស្រាប់​ទៅ​ហើយ ។

តាម​សារព័ត៌មាន​ថៃ បាន​លើក​ឡើង​នោះ នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ ភាគី​ទាំង​ពីរ​រំពឹង​ថា នឹង​បើក​ការ​ពិភាក្សា​គ្នា​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​តំបន់​ត្រួតស៊ីគ្នា នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ ដែល​មាន​ប្រវែង​ប្រមាណ​ជា ២៧.០០០ គីឡូ​ម៉ែត្រការ៉េ ដែល​ទីនោះ​អាច​ជា​កន្លែង​មាន សក្តានុពល​ផ្នែក​ធនធាន​រ៉ែ​ប្រេងកាត និង​ឧស្ម័ន ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ