ខេត្តសៀមរាប ៖ ក្រុមមន្ដ្រីរដ្ឋបាលព្រៃឈើបានបង្ហើបឱ្យដឹងថា គេបានរកឃើញពន្លឺខ្លះៗហើយជុំវិញករណីតាមប្រមាញ់ចាប់ខ្លួនបក្សពួកជនមិនស្គាល់មុខដែលព្រហើនប្រើរថយន្ដបន្លំដាក់ស្លាកសញ្ញាកាកបាទក្រហមកម្ពុជាយកទៅដឹកជញ្ជូនឈើគ្រញូងល្មើសច្បាប់កាលពីសប្ដាហ៍មុន ហើយជឿជាក់ថា បក្សពួកមេខ្លោង និងអ្នកពាក់ព័ន្ធច្រើននាក់ទៀតមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។ ការថ្លែងបែបនេះបានធ្វើឡើងបន្ទាប់ពីកាកបាទក្រហមកម្ពុជាបានថ្កោលទោស និងអំពាវឱ្យមានការតាមចាប់ខ្លួនបក្សពួកជនមិនស្គាល់មុខ ដែលព្រហើនបន្លំស្លាកសញ្ញាអង្គភាពទៅធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រញូងល្មើសច្បាប់ ហើយត្រូវសមត្ថកិច្ចស្ទាក់ចាប់បានកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍មុន។
នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកទា គឹមសុទ្ធ បានថ្លែងប្រាប់តាមទូរស័ព្ទកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ឧសភា ថា «ចំពោះករណីជនខិលខូចយករថយន្ដដាក់បន្លំស្លាកសញ្ញាកាកបាទក្រហមកម្ពុជា ទៅធ្វើការដឹកជញ្ជូនឈើគ្រញូងល្មើសច្បាប់ដែលយើងបង្ក្រាបបានកាលពីពេលកន្លងទៅនេះ «ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងបំផុតពីថ្នាក់លើ ហើយបានដាក់បញ្ជាយ៉ាងតឹងរ៉ឹងដល់កម្រិតមួយឱ្យតាមចាប់បក្សពួកជនប្រព្រឹត្តកំហុសឆ្គង និងជនជាប់ពាក់ពន្ធ័ដ៏ព្រហើនទាំងនោះឱ្យខាងតែបានដើម្បីយកមកទទួលខុសត្រូវចំពោះមុខច្បាប់។ លោកបានបន្ថែមថា «យើងបានប្រឹងប្រែងធ្វើកិច្ចការនេះយ៉ាងប្រយ័ត្នប្រយែងជាទីបំផុតចំពោះបញ្ជានេះ ដោយបានសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសជាមួយព្រះរាជអាជ្ញាខេត្ដតែម្ដង» ក៏ប៉ុន្ដែរហូតមកដល់ពេលនេះយើងនៅមិនទាន់ទទួលបានលទ្ធផលជាដុំកំភួននៅឡើយទេ គ្រាន់តែទទួលបានពន្លឺខ្លះៗហើយ ប៉ុន្តែជឿថានឹងឈានទៅដល់ដំណាក់កាលចាប់ខ្លួនបក្សពួកជនទាំងនោះជាក់ជាមិនខាន។
សូមរំលឹកថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចក្បាលស្ពានក្នុងភូមិសាស្ដ្រភូមិខ្នារង្វាស់ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប សមត្ថកិច្ចរដ្ឋបាលព្រៃឈើសង្កាត់កន្ទួតខ្នាក្រៅ បានទទួលបញ្ជាពីលោក វណ្ណ សូផាន់ណា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ឱ្យស្ទាក់ចាប់រថយន្ដកូរ៉េ «ហ៊ីយ៉ាន់ដាយ» ចំណុះ៣តោន ពណ៌សមួយគ្រឿង ដែលមានពាក់ស្លាកលេខ រដ្ឋ ៣៦ ៣-៧៥៣៦ ដោយមានបិទសញ្ញា និងទង់កាកបាទក្រហមកម្ពុជា បន្លំដឹកឈើគ្រញូងចំនួន៣០៨ កំណាត់ស្មើនឹងជាង៦ម៉ែត្រគូប។ ប៉ុន្ដែពុំមានជនពាក់ពន្ធ័ណាម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្នុងប្រតិបត្ដិការនោះទេ គ្រាន់តែដឹងថាមនុស្សពីរនាក់រួមមានអ្នកបើកបរនិងកម្មករម្នាក់បានប្រឹងរើបំរះរបូតពីដៃសមត្ថកិច្ចដោយបន្សល់តែអាវរហែកមួយប៉ុណ្ណោះ មុនពេលរត់ឡើងភ្នំគូលែនដែលនៅកៀកនោះបំផុត។
យោងតាមការពិនិត្យយ៉ាងត្រឹមត្រូវទៅលើរថយន្ដជាមធ្យោបាយដឹកជញ្ជូនឈើគ្រញូងល្មើសច្បាប់នោះទើបសមត្ថកិច្ចដឹងថា ជាការបន្លំរបស់ក្រុមឈ្មួញដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឈើគ្រញូងដែលកំពុងមានហាងឆេងខ្ពស់ពីតំបន់ព្រំដែនខ្មែរ-សៀម ទៅកាន់ទីផ្សារងងឹតជាប់ព្រំដែនយួន។ បន្ថែមពីលើនេះទៀត សមត្ថកិច្ចសន្និដ្ឋានថា ក្រុមឈ្មួញមានបទពិសោធន៍ខ្ពស់បំផុតស្ទើរតែមិនបន្សល់ទុកអ្វីឡើយ គឺរថយន្ដដែលគេបន្លំជារថយន្ដកាកបាទក្រហមកម្ពុជានោះត្រូវបានកែលេខតួ និងលេខម៉ាស៊ីនទាំងអស់ ដែលជំរុញឱ្យករណីនេះខិតទៅរកភាពស្មុគស្មាញ និងអាថ៌កំបាំងជាទីបំផុត។
ទោះបីជាបែបនេះក្ដី នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបលោកទា គឹម សុទ្ធ បង្ហើបឱ្យដឹងថា «ថ្វីបើភស្ដុតាងដែលបន្សល់ទុកនៅក្នុងរថយន្ដនោះមានសភាពស្មុគស្មាញក៏ពិតមែន ប៉ុន្ដែយើងនៅមានឯកសារមួយចំនួនទៀតអាចជាពន្លឺក្នុងការតាមអង្កេត គឺប័ណ្ណបង់ពន្ធផ្លូវ និងវីញ៉ែតរថយន្ដត្រូវបានប្រទះឃើញនៅក្នុងរថយន្ដនោះ»។ លោកបន្ថែមថា «ពេលនេះ រូបលោក និងលោកព្រះរាជអាជ្ញាបានដាក់ឯកសារទាំងពីរនោះរួចជាស្រេចទៅខាងសាខាពន្ធដារ ដើម្បីឆែកឆេររកម្ចាស់ពិតប្រាកដរបស់រថយន្ដ ហើយជឿជាក់ថា ពន្លឺថ្មីមួយនឹងលេចចេញសម្រាប់ឈានទៅដល់ការចាប់ខ្លួនបក្សពួកជនប្រព្រឹត្តកំហុសឆ្គងក្នុងករណីនេះ យកមកផ្ដន្ទាទោសតាមច្បាប់ជាធរមានក្នុងពេលឆាប់ៗខាងមុខ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដសៀមរាប លោកទី សុវិនថាល់ កាលពីពេលថ្មីៗកន្លងទៅបានប្រាប់តាមទូរសព្ទ័ថា «លោកនឹងចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន៥០០ដុល្លារ ជារង្វាន់លើកទឹកចិត្ដសម្រាប់អ្នកផ្ដល់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនបក្សពួកក្លែងបន្លំយកស្លាកសញ្ញាកាកបាទក្រហមកម្ពុជា ទៅដឹកឈើគ្រញូងល្មើសច្បាប់ខាងលើ ។
មន្ដ្រីមេព្រៃមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា «ករណីឈ្មួញយករថយន្ដដាក់បន្លំសញ្ញាកាកបាទក្រហមកម្ពុជាមកដឹកជញ្ជូនឈើគ្រញូងខាងលើមិនមែនជាករណីលើកទីមួយនោះទេ» ។ កន្លងមក សមត្ថកិច្ចរបស់លោកក៏ធ្លាប់ចាប់បានជាច្រើនករណីដែរនូវរថយន្តហ្សេអឹមសេរបស់អង្គភាពយោធា រថយន្ដបិទស្លាកសញ្ញាអង្គការស្បៀងអាហារពិភពលោក ឬក៏រថយន្ដសង្គ្រោះរបស់ពេទ្យដែលឈ្មួញមានលុយកាក់ និងមានខ្នងបង្អែកជាអ្នកធំយកមកធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រញូងចេញពីតំបន់ភាគឧត្ដរប្រទេសទៅកាន់ទីផ្សារងងឹតឯខេត្ដកំពង់ចាម ប៉ុន្ដែប្រតិបត្ដិការតាមប្រមាញ់បក្សពួកឈ្មួញល្មើសច្បាប់មិនត្រូវបានធ្វើយ៉ាងយកចិត្ដទុកដាក់ដូច្នេះទេ ព្រោះថ្នាក់លើមិនបានដាប់ខ្លាំងដូចករណីចុងក្រោយនេះ៕ «រថយន្តដឹកឈើគ្រញូងជាង៤ម៉ែត្រគូបបន្លំប្រើស្លាកក្លែងក្លាយកាកបាទក្រហម»
ចែករំលែកព័តមាននេះ