ខេត្តសៀមរាប ៖ ឈើគ្រញូងដ៏មានតម្លៃនៅលើទីផ្សារងងឹតប្រមាណជាង៤ម៉ែត្រគូបដែលក្រុមឈ្មួញទុច្ចរិតបានប្រើល្បិចដឹកតាមរថយន្តកាកបាទក្រហមមួយគ្រឿងត្រូវបាននាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបញ្ជាឱ្យកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់កន្ទួតខ្នារក្រៅស្ទាក់ចាប់បានកាលពីព្រឹកថ្ងៃអង្គារ ទី២៤ ឧសភា ទើបដឹងថា បន្លំយកស្លាកកាកបាទក្រហមមកប្រើ។
ប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើគ្រញូងនេះធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទី ព្រឹក ថ្ងៃទី២៤ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៦៧ចំណុចក្បាលស្ពានក្នុងភូមិសាស្ត្រភូមិខ្នាររង្វាស់ ស្រុកបន្ទាយស្រី ។ គេដឹងថា ឈើដ៏មានតម្លៃទាំងនោះត្រូវបានឈ្មួញល្មើសច្បាប់ប្រើល្បិចដឹកចេញពីស្រុកអន្លង់វែងរបស់ខេត្តឧត្តរមានជ័យជាប់ព្រំដែនខ្មែរ-សៀមឆ្ពោះទៅកាន់ទីផ្សារងងឹងឯខេត្តកំពង់ចាមជាប់ព្រំដែនវៀតណាមតាមរថយន្តកូរ៉េមួយគ្រឿង ដែលបន្លំពាក់ស្លាកលេខរដ្ឋ ដោយមានទាំងបិទសញ្ញានិងទង់កាកបាទក្រហមកម្ពុជាផងដែរ ដើម្បីបន្លំភ្នែកសមត្ថកិច្ចតាមផ្លូវ។ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ លោកម៉ុង ប៊ុនលីម ដែលបានដឹកនាំប្រតិបត្តិការតាមបង្ក្រាបទៅលើបទល្មើសដឹកជញ្ជូនឈើគ្រញូងល្មើសច្បាប់នោះបានថ្លែងប្រាប់ថា រថយន្តជាមធ្យោបាយដឹកជញ្ជូនបទល្មើសឈើគ្រញូងដែលត្រូវបានស្ទាក់ចាប់បាននោះជាប្រភេទរថយន្តកូរ៉េ ហីុយ៉ាន់ដាយ ចំណុះ៣តោនពណ៌ស ពាក់ស្លាកលេខរដ្ឋ៣៦៣-៧៥៣៦ ដោយមានបិទសញ្ញា និងទង់កាកបាទក្រហមកម្ពុជា ។ ចំណែកឈើគ្រញូងដែលដឹកតាមរថយន្តនោះមានចំនួន៣០៨កំណាត់ ស្មើនឹង៤.៦៧៣ម៉ែត្រគូប ។
ទោះបីជាយ៉ាងណា ពុំមានជនពាក់ព័ន្ធណាម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្នុងប្រតិបត្តិការនោះទេ គ្រាន់តែដឹងថា មនុស្សពីរនាក់រួមមានអ្នកបើកបរ និងកម្មកររថយន្តបានរបូតពីដៃសមត្ថកិច្ចបន្សល់ទុកតែអាវរហែកមួយប៉ុណ្ណោះមុនពេលរត់ឡើងភ្នំគូលែនដែលនៅក្បែរនោះ។ នេះបើតាមការអះអាងរបស់លោកម៉ុង ប៊ុនលីម ។
នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប លោក វណ្ណ សុផាន់ណា ដែលបានបញ្ជាឱ្យមានការបង្ក្រាបទៅលើរថយន្តដឹកឈើគ្រញូងខាងលើបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីវេលាថ្ងៃត្រង់ទី២៤ ឧសភា ដោយលោកបានចាត់ទុកថា ការដឹកជញ្ជូនឈើគ្រញូងដោយបន្លំតាមរថយន្តកាកបាទក្រហមនាពេលនេះ គឺរូបភាពថ្មីមួយក្នុងចំណោមរូបភាពដឹកជញ្ជូនបទល្មើសឈើផ្សេងទៀតនៅក្នុងដំណាក់កាលចុងក្រោយនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញរបស់លោកមានការប្រឹងរឹតបន្តឹងទៅលើបទល្មើសដឹកជញ្ជូនឈើគ្រប់ប្រភេទ។
លោកបានបន្ថែមថា តាមការសង្កេតនាពេលបច្ចុប្បន្នឃើញថា ក្រុមឈ្មួញបានប្រើមធ្យោបាយទំនើបៗក្នុងការដឹកជញ្ជូនឈើគ្រញូងពីតាមបណ្តាខេត្តភាគឧត្តរប្រទេសទៅកាន់ខេត្តជាប់ព្រំដែនយួន គឺក្រុមឈ្មួញគេហ៊ានចំណាយរថយន្តទំនើបចាប់ពីកាមរីឆ្លាមរហូតដល់កាមរីបាឡែនឬរថយន្តលុចស៊ីសស៊េរីខ្ពស់ៗ ព្រមទាំងបន្លំដឹកតាមរថយន្តដឹកទំនិញដូចជាបង្កប់ក្រោមរថយន្តដឹកដំឡូងមី រថយន្តដឹកស្រូវ ដឹកអេតចាយជាដើម ហើយពេលនេះពួកគេព្រហើនដល់ថ្នាក់ប្រើរថយន្តស្លាកលេខរដ្ឋ ស្លាកសញ្ញា និងទង់កាកបាទក្រហមក្លែងក្លាយយកទៅដឹកឈើគ្រញូងដ៏ប្រថុយប្រថានទៀតថែមទៀត ។ ទោះបីបង្ក្រាបបានបែបនេះក្តី គេនៅតែឆ្ងល់ថា ហេតុអ្វីចាប់បានតែឈើ និងរថយន្ត? ហេតុអ្វីចាប់អ្នកដឹកជញ្ជូនមិនបាន? ឬមួយក៏ចាប់បានដែរ តែវារបូតដោយសារខ្លាញ់រអិលពេក?
ចែករំលែកព័តមាននេះ