- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល បានចេញប្រកាសបង្ហាញពីផលប៉ះពាល់ដល់សុខភាពតាមរយៈផ្លូវដង្ហើម ដែលបណ្តាលមកពីការប្រើប្រាស់ បារីអេឡិកត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល HTP…
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល បានចេញប្រកាសបង្ហាញពីផលប៉ះពាល់ដល់សុខភាពតាមរយៈផ្លូវដង្ហើម ដែលបណ្តាលមកពីការប្រើប្រាស់ បារីអេឡិកត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល HTP…
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល បានចេញប្រកាសបង្ហាញពីផលប៉ះពាល់ដល់សុខភាពតាមរយៈផ្លូវដង្ហើម ដែលបណ្តាលមកពីការប្រើប្រាស់ បារីអេឡិកត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល HTP ។ ផលិតផលទាំងនេះត្រូវបានហាមឃាត់ មិនឱ្យនាំចូលជួញដូរធ្វើអាជីវកម្ម និងប្រើប្រាស់នៅកម្ពុជាយើងឡើយ ។ ប៉ុន្តែនៅក្នុងសង្គមយើង ពិសេសយុវវ័យមួយចំនួនបាន និងកំពុងពេញនិយមលើការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល HTP ទៅវិញ ។
ក្រសួងសុខាភិបាល លើកឡើងថា បារីអេឡិចត្រូនិក ( E-cigarette ) ផលិតផលស៊ីហ្សា ( SHISHA ) និងផលិតផល អេចឈ៍ ធី ភី ( HTP-Heated Tobacco Product ) បានបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀ.នដោយសារធាតុញៀ.នផ្សេងទៀត ។ តាមក្រសួងសុខាភិបាល បារីអេឡិចត្រូនិក មានរូបរាង និងទំហំជាច្រើនប្រភេទ ។ ភាគច្រើននៃបារីអេឡិចត្រូនិក មានផ្នែកសម្រាប់បញ្ចេញកម្តៅ និងផ្នែកដែលផ្ទុកសារធាតុនីកូទីន ។ បារីអេឡិចត្រូនិក មានឈ្មោះជាច្រើន ដូចជា E-cigs, Mods, Vape pens, Vapes ជាដើម ។ ជាទូទៅ គេហៅថា វ៉េបភីង ( Vaping )។ បារីអេឡិចត្រូនិក ត្រូវគេប្រើប្រាស់ជាមួយកញ្ឆា និងសារធាតុញៀ.នផ្សេងទៀតផងដែរ ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា បារីអេឡិចត្រូនិកបង្កផលប៉ះពាល់លើសុខភាពដោយសារសារធាតុនីកូទីន អាចបណ្តាលឱ្យមានភាពញៀនខ្លាំងមានគ្រោះថ្នាក់ដល់គភ៌ ពុលដល់ទារកក្នុងផ្ទៃពោះ មានហានិភ័យដល់ការលូតលាស់ខួរក្បាល ហើយសារធាតុល្អិតៗដែលជ្រាបចូលដល់ក្នុងសួតអាចបណ្តាលឱ្យមានជំងឺមហារីក ។ ការប្រើប្រាស់បារីអេឡិចត្រូនិក អាចបណ្តាលឱ្យកុមារ និងក្មេងជំទង់ញៀ.ន ហើយក៏មានផលប៉ះពាល់ដល់ការលូតលាស់ខួរក្បាល និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងងាយនឹងទទួលភាពញៀ.នដោយសារធាតុញៀ.នផ្សេងទៀត ។
ក្រសួងសុខាភិបាល បន្តថា នីកូទីន ក៏ដូចជា សារធាតុញៀ.នដទៃទៀតដែរវាអាចបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត ហើយការប្រើប្រាស់នីកូទីន អាចបណ្តាលឱ្យមានភាពរើមេ ( Withdrawal ) ដែលអាចសំដែងចេញជាភាពមួរម៉ៅ រសាប់រសល់ថប់បារម្ភ ឬអស់សង្ឃឹមវិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន ។
ចំណែកផលិតផលស៊ីហ្សា ឬអាចហៅម្យ៉ាងទៀតថាជា «ខ្សៀរទឹក» ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា មានរូបរាងច្រើនបែប ។ ការសិក្សាជាច្រើនបានរកឃើញថា ការជក់ស៊ីហ្សាមានបរិមាណជាតិពុលខ្លាំង ដែលអាចបណ្តាលឱ្យមានជំងឺដូចការជក់បារីដែរមានជាអាទិ៍ ៖ ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺធ្មេញ ទារកកើតមិនគ្រប់ខែ រលាកច្រមុះ មិនមានលទ្ធភាពបន្តពូជ សុខភាពផ្លូវចិត្តថយចុះ ជំងឺមហារីកសួត មហារីកក្រពះ មហារីកប្លោកនោម ។
ក្រសួងសុខាភិបាល ក៏បានលើកបង្ហាញពីផលិតផល អេចឈ៍ ធី ភី ( HTP-Heated Tobacco Product ) ដែលជាផលិតផលថ្នាំជក់ថ្មីមានរូបរាងច្រើនបែបដែលផលិតឡើង ដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ដោយបន្ថែមនូវសារធាតុក្រអូប ដែលទាក់ទាញយុវវ័យឱ្យប្រើប្រាស់ ។ វាមានផ្ទុកសារធាតុនីកូទីន ដែលបង្កផលប៉ះពាល់ដល់សុខភាព ដូចបារីអេឡិចត្រូនិកផងដែរ ។
ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល បានបង្ហាញការព្រួយបារម្ភចំពោះផលិតផលបារី អេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផលអេចឈ៍ ធី ភី ភាគច្រើនមានរចនាបទយ៉ាងស្រស់ស្អាត មានភាពទាក់ទាញយុវវ័យ ក្នុងការសាកល្បងប្រើប្រាស់ ហើយមានជនឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកស៊ីហ្សា និងផលិតផលអេចឈ៍ ធី ភី តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារបំផ្លើសថា ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា ។ ប៉ុន្តែផ្ទុយទៅវិញ បារីអេឡិចត្រូនិកស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី ពិតជាមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម ។
ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវដល់យុវជនយុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង សូម្បីតែមួយដងនូវផលិតផលខាងលើនេះ និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ឬស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី ជា មធ្យោបាយផ្តាច់បារី ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ដើម្បីចៀសវាងនូវការញៀន ដែលធ្វើឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់សង្គម ដោយការប្រើប្រាស់បារីអេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី។
កន្លងមក អាជ្ញាធរសមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបផលិតផល ដែលបង្កផលប៉ះពាល់ដល់សុខភាព មានបារីអេឡិចត្រូនិក និងស៊ីហ្សា នៅទូទាំងប្រទេស ។ ប៉ុន្តែក្រុមអ្នកលក់មួយចំនួននៅតែបន្តឆ្លៀតឱកាសលួចលាក់ ដោយខុសច្បាប់ដដែល ។ ចំណែកក្រុមអ្នកប្រើប្រាស់ ដែលជាយុវវ័យវិញ មួយចំនួន ក៏នៅតែបន្តប្រើ ព្រោះតែនិយមតាមគ្នា ទោះបីជានៅក្នុងសាលារៀន គ្រូៗបានហាមឃាត់ និងចាប់ដកហូតយ៉ាងណាក៏ដោយ។
ទន្ទឹមនឹងសារអំពាវនាវ រួមទាំងការបង្ហាញពីផលប៉ះពាល់ដល់សុខភាព ក៏ដូចជា វិធានការផ្លូវច្បាប់របស់អាជ្ញាធរសមត្ថកិច្ចលើផលិតផលទាំងអស់នេះក៏ទាមទារឱ្យអាជ្ញាធរសមត្ថកិច្ច អ្នកលក់អ្នកប្រើប្រាស់ រួមទាំងឪពុកម្តាយអាណាព្យាបាល ពិសេសយុវជនខ្លួនឯងត្រូវចូលរួមទើបយើងអាចកាត់បន្ថយ និងឈានទៅលុបបំបាត់គ្រោះថ្នាក់សង្គមនេះបាន ។
កន្លងមក នរណាៗ ក៏បានដឹងថា គ្រឿងញៀ.ន ផលិតផលថ្នាំជក់ បារី រួមទាំងគ្រឿងស្រវឹងធ្វើឱ្យអ្នកប្រើប្រាស់អ្នកជក់ និងអ្នកផឹកមានបញ្ហាសុខភាព ។ ប៉ុន្តែមិនថា ខ្មែរ ឬជាតិសាសន៍ណាៗទេមិនព្រមស្តាប់នូវសារព្រមានសុខភាពនេះទេ ។ ម្នាក់ៗនៅតែយកលុយទៅទិញផលិតផលដែលបំផ្លាញសុខភាពខ្លួនឯងទាំងនេះមកប្រើប្រាស់ដោយពេញចិត្ត និងដោយយ៉ាងសប្បាយរីករាយទៀត ។
នៅប្រទេសយើង និយាយតែពីបារី គឺត្រូវបានហាមឃាត់ មិនឱ្យផ្សាយពាណិជ្ជកម្មគ្រប់រូបភាព មិនឱ្យតាំងលក់សាធារណៈ ហើយថែមទាំងដាក់សារព្រមានសុខភាពផង និងមានទាំងរូបភាពខូចសួត និងជំងឺដទៃទៀតកើតចេញពីផ្សែងបារី នៅលើគ្រប់កញ្ចប់បារី ។ ប៉ុន្តែអ្នកជក់បារី មិនខ្វល់អ្វីទាំងអស់ ។ មួយថ្ងៃៗយកលុយទាំងពាន់ៗទៅទិញបារី ដែលប្រៀបដូចជា យកលុយទៅដុតចោល ហើយប្រៀបដូចជា យកលុយ ទៅទិញជំងឺថែមទៀត ។ ជំងឺដែលមិនមែនជក់ភ្លាម ឈឺភ្លាមទេ តែជាជំងឺឈឺនៅថ្ងៃខាងមុខ និងរ៉ាំរ៉ៃ ហើយរហូតដល់ស្លា.ប់ថែមទៀត។
ដូច្នេះចំពោះគ្រោះថ្នាក់សង្គម ដែលកើតចេញពីការប្រើប្រាស់ផលិតផលធ្វើឱ្យប៉ះពាល់ដល់សុខភាពទាំងនេះ មានតែអាជ្ញាធរសមត្ថកិច្ចគ្រប់ជំនាញ គ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋាន សូមបន្តវិធានការដូចភ្លៀងរលឹម អនុវត្តច្បាប់ ហាមឃាត់ និងទប់ស្កាត់ទាំងការនាំចូលទាំងការលក់ និងទាំងការប្រើប្រាស់បារីអេឡិចត្រូនិក ស៊ីហ្សា និងផលិតផលអេចឈ៍ ធី ភី ។ ចាប់ដកហូតយកទៅកម្ទេចចោល ហើយផាកពិន័យអ្នកលក់ឱ្យធ្ងន់ធ្ងរដោយគ្មានការយោគយល់ ឬលើកលែងឡើយ ។
នៅតាមសាលារៀន ក៏ដូចគ្នា គ្រូៗក៏សូមបន្តផ្សព្វផ្សាយអប់រំ និងណែនាំសិស្សានុសិស្ស ។ គ្រូៗក៏សូមបន្តរឹតបន្តឹងត្រួតពិនិត្យ ឆែកកាបូបសិស្ស និងដកហូតយកផលិតផលទាំងអស់នោះ រួមទាំងប្រកាសហាមឃាត់មិនឱ្យសិស្សប្រើប្រាស់ ឬបន្តប្រើប្រាស់តទៅទៀត ព្រោះវាប៉ះពាល់ដល់សុខភាព ។ នៅផ្ទះវិញ ឪពុកម្តាយ និងអាណាព្យាបាលសិស្សត្រូវតែតឹងរឹងលើកូន ពិសេសហាមមិនឱ្យប្រើប្រាស់ផលិតផល ដែលនាំឱ្យប៉ះពាល់សុខភាពទាំងនេះទេ ។ អប់រំណែនាំ ហើយហាមឃាត់កូនចៅមិនឱ្យប្រើប្រាស់ ឬក៏សាកល្បងតាមមិត្តភក្តិជក់បារីអេឡិច ត្រូនិកស៊ីហ្សា ឬក៏ផលិតផលអេចឈ៍ ធី ភី ទាំងនោះឡើយ ។
សំខាន់ជាងគេបំផុត យុវជនខ្មែរយើងម្នាក់ៗត្រូវតែស្តាប់បង្គាប់មាតាបិតា អាណាព្យាបាល និងស្តាប់គ្រូ រួមទាំងអ្នកជំនាញ ដែលបានបង្ហាញពីគ្រោះថ្នាក់ដល់សុខភាពនៃការប្រើប្រាស់បារីអេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី ។ យុវជនយើងត្រូវតែចេញឱ្យឆ្ងាយពីអំពើអបាយមុខទាំងពួង រាប់ទាំងស្រា បារី ហ្គេម និងល្បែងស៊ីសងផង ។ សូមយុវជនយើងបន្តប្រឹងប្រែងរៀនសូត្រ និងឈប់ដើរលេងឥតប្រយោជន៍ រួមទាំងការជក់បារីធម្មតា ផឹកស្រា បារីអេឡិចត្រូនិក ស៊ីហ្សា ឬក៏អ្នកខ្លះលង់ប្រើគ្រឿងញៀ.នជាដើម សូមបោះបង់ចោល ហើយងាកមកប្រឹងប្រែងរៀនសូត្រ ឬក៏រៀនជំនាញណាមួយឱ្យចេះច្បាស់លាស់ និងប្រឹងប្រែងធ្វើការងារ ដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិដ៏កម្សត់របស់យើង ។
ប្រទេសយើងតូច ហើយនៅទន់ខ្សោយ ។ ដូច្នេះយើងត្រូវពង្រឹងធនធានមនុស្សរបស់យើង ពិសេសយុវជនជំនាន់ក្រោយ ។ ពោលគឺយើងត្រូវប្រែក្លាយកម្ពុជាយើងឱ្យទៅជាប្រទេសកាំប្រមា ។ សត្វកាំប្រមា តូចតែសូម្បីតែខ្លា ក៏មិនអាចប្រហារកាំប្រមាបានឡើយ។ កម្ពុជា ក៏ត្រូវតែបន្តពង្រឹងខ្លួន តាមរយៈការបង្កើនការផលិតសព្វបែបយ៉ាង ពិសេសលើវិស័យកសិកម្ម ដោយបង្កើតប្រព័ន្ធធរាសាស្ត្រ ប្រឡាយទឹក សម្រាប់ស្រោចស្រពដំណាំ បន្លែបង្ការ ពិសេសដំណាំស្រូវ ឱ្យសមនឹងការប្រកាសរបស់រាជរដ្ឋាភិបាលកន្លងមកថា កម្ពុជា ជាប្រទេសកសិកម្ម។
ចំណែកក្នុងវិស័យអប់រំវិញ ទោះបីជាយើងសព្វថ្ងៃមានសាលារៀនច្រើនគ្រប់កម្រិត នៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេស ទាំងសាលារដ្ឋ និងទាំងសាលាឯកជនក៏ដោយ តែពេលនេះគុណភាពអប់រំរបស់យើង ក៏គួរតែធ្វើឱ្យប្រសើរ និងពង្រឹងតាំងពីថ្នាក់មតេយ្យ បន្តដល់សាលាបឋមសិក្សា វិទ្យាល័យ និងឧត្តមសិក្សា។ គុណភាពអប់រំ ជារឿងសំខាន់ ដើម្បីអាចឱ្យកម្ពុជាបន្តការអភិវឌ្ឍបានលឿន និងងាយស្រួល។
ផ្នត់គំនិតបងប្អូនខ្មែរយើងមួយចំនួន ក៏ត្រូវតែគិតគូរឡើងវិញ ។ ការជឿលើជំនឿក្រៅខ្លួន ការជឿលើបារមី អាគមអូមអាម និងអបិយជំនឿខុសការពិត គួរតែកាត់បន្ថយ និងឈានទៅលុបបំបាត់តាមរយៈការបណ្តុះធនធានមនុស្ស និងផ្តល់ការអប់រំសិក្សា ដែលមានគុណភាពល្អដល់ប្រជាពលរដ្ឋ ពិសេសក្មេងជំនាន់ក្រោយ ។
អ្នកទំនេរពីការងារ ពិសេសយុវជនទាំងស្រីទាំងប្រុស ដែលចូលចិត្តផឹកស្រាបៀរ ដើម្បីគាស់យករង្វាន់ ជាដើមពេលនេះក៏ត្រូវតែគិតគូរ ។ ក្រៅតែពីគ្រោះថ្នាក់ចរាចរណ៍បង្កជម្លោះ និងបាត់បង់សតិបញ្ញា ការផឹកស្រាបៀរ គ្រឿងស្រវឹងនេះ ក៏នឹងបង្ក ជាវិបត្តិ សង្គមធ្ងន់ធ្ងរ ពិសេសលើយុវជនខ្មែរយើង ដែលចូលចិត្តជួបជុំលើកដាច់ៗនេះឯង។ នៅពេលនេះ ចាប់ផ្តើមកើតបញ្ហាជាបណ្តើរៗ នូវគ្រោះថ្នាក់ចរាចរណ៍ កើតចេញពីការផឹកគ្រឿងស្រវឹង រួមទាំងបញ្ហាជាច្រើនទៀត ចេញពីការផឹកស៊ីច្រៀងរាំ ដែលស្ទើរតែក្លាយជាផ្នត់គំនិតរបស់ខ្មែរមួយចំនួនទៅហើយពេលនេះ ៕ ដោយ៖ លី ម៉េងហួរ
ចែករំលែកព័តមាននេះ