ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​សោក​ស្ដាយ​ជន​ជាតិ​ខ្លួន​ម្នាក់​ត្រូវ​ចិនកាត់​.​ទោ.ស​ប្រ.ហារ​ជីវិត

3 ខែ មុន

ទី​ក្រុង​ស៊ីដនី៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​ លោក​ស្រី​ផឹន​នី វ៉ុង (Penny Wong)​សោក​ស្ដាយ​ចំពោះ​​ការ​​សម្រេច​របស់​តុលាការ​ចិន​ដែល​ព្យួរ​ទុក​​ទោស​ប្រហារ​ជីវិត​​​ជន​ជាតិ​អូស្ត្រាលី​ដើម​កំណើត​ចិន​ លោក​យ៉ាង​ហេង​ជុន (Yang Hengjun)​ ​​ជា​អ្នក​និពន្ធ…

ទី​ក្រុង​ស៊ីដនី៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​ លោក​ស្រី​ផឹន​នី វ៉ុង (Penny Wong)​សោក​ស្ដាយ​ចំពោះ​​ការ​​សម្រេច​របស់​តុលាការ​ចិន​ដែល​ព្យួរ​ទុក​​ទោស​ប្រហារ​ជីវិត​​​ជន​ជាតិ​អូស្ត្រាលី​ដើម​កំណើត​ចិន​ លោក​យ៉ាង​ហេង​ជុន (Yang Hengjun)​ ​​ជា​អ្នក​និពន្ធ និង​​​​សរ​សេរ​ប្លក់​ (blogger)។ ​គាត់​​​ជាប់​ឃុំរយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​​បទ​ចារ​កម្ម បន្ទាប់​ពី​​ត្រូវ​សមត្ថ​កិច្ច​ចិន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៩​នៅ​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ក្វាង​ចូវ​​ ​ដោយ​ចោទ​ប្រកាន់​គាត់​ពី​បទ​លួច​យក​ការណ៍​សម្ងាត់​ទៅ​ឱ្យ​រដ្ឋ​បរទេស​។

រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី

បុរស​វ័យ​៥៧​ឆ្នាំ​រូប​នេះ​ជា​អ្នក​សរ​សេរ​ប្លក់​​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ។ គាត់​កើត​នៅ​ប្រទេស​ចិន​ និង​ក្រោយ​មក​ចូល​សញ្ជាតិ​អូស្ត្រាលី​។ ខែ​ឧសភា ឆ្នាំ​២០២១​ តុលាការ​នាំ​ខ្លួន​គាត់​ឡើង​តុលាការ​ និង​កាត់​ទោស​គាត់​​​ជា​អសាធារណៈ​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ សូម្បី​តែ​សេចក្ដី​សម្រេច​របស់​តុលាការ​បែប​ណា​ក៏​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ដែរ​។ ក្រុម​គ្រួសារ​លោក​យ៉ាង​ហេង​ជុន​ភ្ញាក់​ផ្អើល​នឹង​សេចក្ដី​សម្រេច​នេះ​ និង​​ចាត់​ទុក​ថា​ជា​ការ​សម្រេច​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ​ហួស​ពី​ការ​​ស្មាន​​។

លោក​យ៉ាងហេង​ជុន ដែល​ត្រូវ​តុលាការ​ពន្យារ​ពេល​ប្រហារ​ជីវិត​២​ឆ្នាំ

​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី លោក​ស្រី​ផឹន​នី វ៉ុង​ (Penny Wong)​ ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោ​កស្រី​ក៏​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ផង​ដែរ​នឹង​ការ​សម្រេច​របស់​តុលាការ​​។ លោក​ស្រី​ថ្លែង​ថា​ក្រសួង​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ទៅ​​ជម្រាប​ជូន​ពី​ការ​មិន​ទទួល​យក​នូវ​​សេច​ក្ដី​​សម្រេច​​នេះ​។ លោក​ស្រី​ថ្លែង​ថា​រដ្ឋាភិបាល​អូស្ត្រាលី​​បាន​តស៊ូ​មតិ​តាម​គ្រប់​លទ្ធ​ភាព​នៅ​ក្នុង​សំណុំ​រឿង​លោក​យ៉ាង​ហេង​ឈុន​។​ លោក​ស្រី​​ថ្លែង​ថា​ពល​រដ្ឋ​អូស្ត្រាលី​គ្រប់​រូប​ចង់​ឃើញ​លោក​យ៉ាង​វិល​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ​។​

លោក​យ៉ាងហេង​ជុន ដែល​ត្រូវ​តុលាការ​ពន្យារ​ពេល​ប្រហារ​ជីវិត​២​ឆ្នាំ

​យោ​ងតាម​សេចក្ដី​សម្រេច​របស់​តុលាការ​ចិន​​ដែល​គេ​ដឹង​កាល​ពី​ព្រឹក​មិញ​​ លោក​យ៉ាង​ត្រូវ​បន្ធូរ​បន្ថយ​ទោស​ពី​ប្រហារ​ជីវិត​​ភ្លាម​ៗ​មក​ពន្យារ​ពេល​២​ឆ្នាំ​ដើម្បី​តាម​ដាន​មើល​សកម្ម​​ភាព​របស់​គាត់​។ បើ​តុលា​ការ​ពិនិត្យ​ឃើញ​ថា​គាត់​កែ​ប្រែ​អត្ត​ចរិតមក​ជា​មនុស្ស​ល្អ​វិញ​​ តុលាការ​នឹង​បន្ធូរ​បន្ថយ​មក​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត​ ឬ​​២៥​ឆ្នាំ​​​។ ប៉ុន្តែ​​សេចក្ដី​សម្រេច​របស់​តុលាការ​​ចិន​កម្រ​​អ្នក​ណា​ប្ដឹង​ទាស់​បាន​ជោគ​ជ័យ​ណាស់​។ ​​លើស​ពី​៩៩,៩%​​បន្ទាប់​ពី​តុលាការ​សម្រេច​ហើយ​​ត្រូវ​រក្សា​ទុក​ជា​បាន​ការ​ដដែល​។​

អូស្ត្រាលី​​​នឹង​ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​នេះ​ ខណៈ​ដែល​គ្រូ​បង្រៀន​របស់​លោក​យ៉ាង​ប្រាប់​ថា​សុខ​ភាព​របស់​លោក​យ៉ាង​​កំពុង​តែ​ចុះ​ទ្រុឌ​ទ្រោម​ខ្លាំង​ណាស់​។ ​ដូច្នេះ គួរ​តែ​ដោះ​លែង​គាត់​ត្រឡប់​ទៅ​អូស្ត្រាលី​វិញ​។​ គ្រូ​រូប​នេះស្នើ​សុំ​ឱ្យ​រដ្ឋា​ភិបាល​អូស្ត្រាលី​ជួយ​និយាយ​ធ្វើ​ម៉េច​ឱ្យ​លោក​យ៉ាងហេង​ជុន​អាច​វិល​ត្រឡប់​ទៅ​អូស្ត្រាលី​វិញ​ដោយ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ (parole) ដើម្បី​ព្យាបាល​ជំងឺ​។​

ក្រុម​អ្នក​គាំទ្រ​លោក​យ៉ាង​​​​យល់​ថា​ការ​ដាក់​ទោស​ធ្ងន់​ដល់​ថ្នាក់​នេះ​​ដោយ​សារ​​គាត់​​រិះ​គន់​​​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន​​ និង​ការ​ដែល​គាត់​តស៊ូ​មតិ​​ដើម្បី​​​សិទ្ធិ​មនុស្ស​, លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិ​រដ្ឋ​។ គ្រូ​បង្រៀន​របស់​​គាត់​​ប្រាប់​ថា​លោក​យ៉ាង​ធ្លាប់​ធ្វើ​ការ​ឱ្យ​ក្រសួង​សន្តិសុខ​ជាតិ​ចិន​រយៈ​ពេល​១៤​ឆ្នាំ​។ កាល​នោះ​ធ្វើ​ការ​នៅ​ថ្នាក់​ខេត្ត​។ ធ្វើ​ការ​យូរ​ៗ​ទៅ​ គាត់​មាន​គំនិត​ស្អប់​ខ្ពើម​នឹង​ការ​ងារ​របស់​ខ្លួន​ឯង​។​​ គាត់​ក៏​ងាក​ទៅ​សរ​សេរ​ប្រលោម​លោក​ស៊ើប​​អង្កេត​​​​វិញ​ម្ដង​ដោយ​ប្រើ​ប្រាស់​បទ​ពិសោធ​នៅ​កន្លែង​ធ្វើ​ការ​។​

ក្រោយ​មក ដោយ​សារ​មើល​ស្ថាន​ការណ៍​មិន​ស្រួល គាត់​ក៏​ផ្លាស់​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី និង​ទទួលបាន​សញ្ជាតិ​អូស្ត្រាលី​។ ប្រាំ​ឆ្នាំ​ក្រោយ​ពេល​ទៅ​អូស្ត្រាលី គាត់​​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​បច្ចេក​វិទ្យា​ទី​ក្រុង​ស៊ីដនី​ និង​កែ​ប្រែ​ខ្លួន​ពី​ជន​កុម្មុយ​និស្ត​​​ចិន​ទៅ​ជាអ្នក​សេរី​និយម​វិញ​ម្ដង​។​​ នៅ​ពេល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃុំ​ខ្លួន​នោះ​ គាត់​ធ្វើ​ការ​នៅ​ទី​ក្រុងញូយ៉ក​៕​

ប្រភព៖ The Guardian, Al Jazeera
https://www.theguardian.com/world/2024/feb/05/australian-academic-yang-hengjun-given-suspended-death-sentence-by-chinese-court-writer-wong
https://www.aljazeera.com/news/2024/2/5/australian-writer-yang-hengjun-sentenced-to-death-on-china-spy-charges

លោក​យ៉ាងហេង​ជុន ដែល​ត្រូវ​តុលាការ​ពន្យារ​ពេល​ប្រហារ​ជីវិត​២​ឆ្នាំ
លោក​យ៉ាងហេង​ជុន ដែល​ត្រូវ​តុលាការ​ពន្យារ​ពេល​ប្រហារ​ជីវិត​២​ឆ្នាំ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ