ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ករណី​ឃា​.​ត​កម្ម​គិត​ទុកជា​មុន នៅ​ខេត្តក្រចេះ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវលំ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ មាន​ករណី​ឃាតកម្ម​គិត​ទុកជា​មុន កើតឡើង​បង្ក​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ពួនស្ទាក់ យក​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ខុន ទិ​ត្យ​ថា​រ៉ា​ក់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវ​ចំ​ក្បាល​ខាងស្ដាំ បណ្ដាល​ឲ្យ​មាន​ស្នាម​ដាច់​ចេញ​ឈាម (​រង​របួសធ្ងន់​) និង​បាន​ស្លា​.​ប់​បាត់បង់​ជីវិត ក្រោយ​ពេល​សាច់ញាតិ​ជន​រង​គ្រោះ បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គស្នងការ​រង​ទទួល​ផែន និង​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​, ខេត្តស្ទឹងត្រែង​, ខេត្តមណ្ឌលគិរី​, ខេត្តរតនគិរី និង​ខេត្តឧត្តរមានជ័យ បាន​ប្រើ​វិធានការ​ជំនាញ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី​រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ។

លុះ​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦៖០០​នាទី កម្លាំង​ជំនាញ​បន្ត​ដឹកនាំ​សហការ​រហូត​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ខុ​ម មេ​សា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ឃាត់ខ្លួន​បាន​ត្រង់​ចំណុច​ភូមិ​អូរ​ជីក ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ​បឋម ជនសង្ស័យ​ខាងលើ ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៤ ខ្លួន និង​បក្ខពួក ពិតជា​បាន​ធ្វើ​សកម្មភាព កាប់​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន មូលហេតុ​ដោយសារ​តែ​ក្រុម​របស់​ជន​រង​គ្រោះ​បាន​ធ្វើ​សកម្មភាព គប់​ដុំ​ថ្ម មក​លើ​ពួក​ខ្លួន ។

រហូត​ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤៖៣០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ យ៉ា​ន ទូច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ឃាត់ខ្លួន​បាន​ត្រង់​ចំណុច សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៤ ខ្លួន និង​បក្ខពួក ពិតជា​បាន​ធ្វើ​សកម្មភាព កាប់​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន មូលហេតុ​ដោយសារ​តែ​ក្រុម​របស់​ជន​រង​គ្រោះ​បាន​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម​មក​លើ​ពួក​ខ្លួន ។

កម្លាំង​ជំនាញ​កំពុង​ស្វែងរក​បក្ខពួក​ម្នាក់​ទៀត កំពុង​រត់គេច​ខ្លួន​។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ