ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​មួយ​ខែ ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរ​សព្ទ​ដៃ (NoDrug) មាន​អ្នក​ប្រើប្រាស់​ជាង​៨​ពាន់​នាក់

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​មួយ​ខែ នៃ​ការ​ដាក់​ដំណើរការ​កម្មវិធី​ទូរ​សព្ទ​ដៃ (APP) NoDru ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ខុសច្បាប់ ពី​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​មួយ​ខែ នៃ​ការ​ដាក់​ដំណើរការ​កម្មវិធី​ទូរ​សព្ទ​ដៃ (APP) NoDru ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ខុសច្បាប់ ពី​ថ្ងៃ​ទី​២៣ ខែមេសា ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ មាន​អ្នក​ទាញ​យក និង​ប្រើប្រាស់ សរុប​បាន​ចំនួន ៨,៦០៤​នាក់ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ នៃ​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៩ ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ផ្សព្វផ្សាយ​អប់រំ​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា នេះ​ជា​ការ​បោះ​ជំហាន ដ៏​វិជ្ជមាន​មួយ​ក្នុង​ការងារ​អប់រំ និង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដោយ​ប្រើប្រាស់​មធ្យោបាយ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទំនើប និង​រហ័ស​ពេញ​និយម និង​មាន​ជំនឿ​ថា ចំនួន នៃ​ការ​ដំឡើង និង​ប្រើប្រាស់​កម្មវិធី​នេះ នឹង​កើនឡើង​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ ។

ឯកឧត្តម​រដ្ឋមន្ត្រី ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ បាន​ថ្លែង​បន្ត​ថា ការ​បង្កើត​កម្មវិធី​ទូរ​សព្ទ​ដៃ APP NoDrug ជា​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន និង​ជា​ប្រធាន​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៩ ។

ឯកឧត្តម​បាន​ថ្លែង​ថា ការងារ​ផ្សព្វផ្សាយ​អប់រំ ជា​ការងារ​អាទិភាព​ទី​១ ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន លើក​ទី​៩ ឆ្នាំ​២០២៤​នេះ ហើយ​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ ដឹកនាំ​អន្តរ​វិស័យ​លើ​ការ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់ វិនាសកម្ម និង​បំផុស​ចលនា​ប្រឆាំង​គ្រឿងញៀន គ្រប់​វ័យ និង​គ្រប់​មជ្ឈដ្ឋាន ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ មានការ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរ​សព្ទ APP NoDrug របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ ដើម្បី​ពង្រឹង​និង​ពង្រីក​វិសាលភាព នៃ​ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ឲ្យ បាន​កាន់តែ​ទូលំទូលាយ និង​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​យ៉ាងណា​ឱ្យ​សាធារណជន​ទូទៅ​បាន​យល់​ដឹង​កាន់តែ​ច្បាស់ និង​មាន​សមត្ថភាព​កាន់តែ​រឹង​មាំ​ក្នុង​ការ​បង្ការ​ការពារ​ខ្លួន ការពារ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​។ ជាង​នេះ​ទៀត គឺ​ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ដឹង និង​អាច​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច អនុវត្ត​ច្បាប់ ក្នុង​ការ​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​មានការ​ពាក់ព័ន្ធ នឹង​គ្រឿងញៀន ។

កម្មវិធី​ទូរ​សព្ទ​ដៃ (APP) NoDrug មានកម្ម​វិធី​ជា​ច្រើន រួម​មាន ៖ ព័ត៌មាន​ថ្មី​ៗ ទាក់ទង​នឹង​ការ​ប្រឆាំង​គ្រឿងញៀន​, ការ​កម្សាន្ត​ដោយ​ភ្ជាប់​ជាមួយ​សារ​អប់រំ​, មេរៀន និង​ចំណេះដឹង ប្រឡង​, ទីតាំង​មណ្ឌល​ស្តារ​សម្បទា និង​មានកម្ម​វិធី​សម្រាប់​រាយការណ៍​មក​កាន់​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់ និង​ជូ​ញ​ដូរ​គ្រឿងញៀន​គ្រប់​ប្រភេទ ។

យោង​តាម​របាយការណ៍​របស់​ក្រុមការងារ​គ្រប់គ្រង​កម្មវិធី​ទូរ​សព្ទ​ដៃ APP NoDrug នៃ​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​, ករណី​ជូ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន ត្រូវ​បាន​ពលរដ្ឋ​រាយការណ៍​តាម​រយៈ​កម្មវិធី​នេះ និង​សមត្ថកិច្ច​ទទួល​អនុវត្ត​បង្ក្រាប​ប្រកបដោយ​ជោគជ័យ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ដំឡើង​និង​ប្រើប្រាស់ APP NoDrug https://nodrugsnacd.com/download_kh ទាំងអស់​គ្នា​ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ដល់​សមាជិកគ្រួសារ មិត្ត​ភ័ក្តិ​ឱ្យ​ប្រើប្រាស់​ទាំងអស់​គ្នា ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​កសាង​សង្គម​កម្ពុ​ជាមួយ​ដែល​គ្មាន​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ