ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ខ្លោចចិត្ត ពលរដ្ឋ​ម្នាក់​ដើរ​ជាន់​មីន​ផ្ទុះ​ក្នុង​ចម្ការ​រមៀត​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ដើរ​ជាន់​មីន​ក្នុង​ចម្ការ​រមៀត​របស់​ខ្លួន​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​សងខាង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ កុម្ភៈ ចម្ងាយ​ពី​បន្ទាត់​ព្រំដែន​ខ្មែរ ថៃ​ប្រហែល​៣០០​ម៉ែត្រ​ត្រង់​ចន្លោះ​ប៉ុស្ដិ៍​នគរបាល​ការពារ​ព្រំដែន​គោក «​ចរិយា និង​ទីងមោង​» ស្ថិត​ក្នុងភូមិ​ភ្នំ​រៃ…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ដើរ​ជាន់​មីន​ក្នុង​ចម្ការ​រមៀត​របស់​ខ្លួន​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​សងខាង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ កុម្ភៈ ចម្ងាយ​ពី​បន្ទាត់​ព្រំដែន​ខ្មែរ ថៃ​ប្រហែល​៣០០​ម៉ែត្រ​ត្រង់​ចន្លោះ​ប៉ុស្ដិ៍​នគរបាល​ការពារ​ព្រំដែន​គោក «​ចរិយា និង​ទីងមោង​» ស្ថិត​ក្នុងភូមិ​ភ្នំ​រៃ ឃុំ​ត​តោក ស្រុក​សំឡូត​។

សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ី​ម សុភាព ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ជន​រង​គ្រោះ​បាន​ដើរ​ជីក​មើម​រមៀត​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ស្រាប់តែ​ជាន់​គ្រាប់​មីន​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​ពីរ និង​របួស​ដៃ​ខ្លះ​ផង ហើយ​ត្រូវ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​គោក​លេខ​៣១០ ដែល​ប្រចាំការ​តាម​ប៉ុស្ដិ៍​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ជួយ​អន្តរាគមន៍​សែង​ចេញពី​ចំណុច​កើតហេតុ រួច​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។

មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣១០ លោក អ៊ុ​ក សា​រិ​ន បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី ០៤ កុម្ភៈ នេះ​ថា ជន​រង​គ្រោះ​បាន​ដើរ​ជាន់​មីន​ប្រភេទ​សញ្ញា​លេខបូក (+)​ដែល​កប់​ក្នុង​ដី​សេសសល់​ពី​សម័យ​សង្គ្រាម ដែល​មាន​ចម្ងាយ​ពី​ព្រំដែន​ខ្មែរ​-​ថៃ​ប្រហែល​៣០០​ម៉ែត្រ ។

លោក​បាន​និយាយ​ថា ដីចម្ការ​នៅ​តំបន់​នោះ​មាន​ប្រជាពលរដ្ឋ​កាប់​ឆ្ការ​ដាំ​ដំណាំ​រាល់​ឆ្នាំ តែ​មិន​ធ្លាប់​បាន​ដោះ​មីន​ទេ ហើយ​ក៏​មិន​ធ្លាប់​ប្រើប្រាស់​ត្រាក់ទ័រ​ភ្ជួរ​ដី​ម្ដងណា​ដែរ ដោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ត្រឹម​ចបកាប់ ដើម្បី​កាប់​ដី​ដាំ​ដំណាំ ដែល​ភាគច្រើន​ពលរដ្ឋ​ដាំ​រមៀត​។

លោក អ៊ុ​ក សា​រិ​ន បាន​បញ្ជាក់​ថា នៅ​ព្រឹក​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរ​គាស់​មើម​រមៀត តែ​អ​កុស​ល្យ​ក៏​ជាន់​ចំ​គ្រាប់​មីន​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​សងខាង​តែ​ម្ដង ។​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​របស់​លោក​ដែល​ប្រចាំការ​តាម​ប៉ុស្ដិ៍​ដែន​នៅ​ក្បែរ​នោះ បាន​នាំ​គ្នា​ទៅ​ជួយ​អន្តរាគមន៍​ដើម្បី​សែង​ជន​រង​គ្រោះ​ចេញពី​ចំណុច​គ្រោះថ្នាក់ រួច​ដឹក​តាម​រថយន្ត​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំឡូត ដើម្បី​សង្គ្រោះ​បន្ទាន់ ។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ដី​នៅ​តំបន់​ក្បែរ​ព្រំដែន​កន្លែង​គ្រោះថ្នាក់​ខាងលើ​នេះ មិន​ទាន់​មាន​អង្គ​ភាព​កម្ចាត់​មីន ធ្វើការ​បោសសំអាត​គ្រាប់​មីន​ឬ​យុទ្ធ​ភ័​ណ្ឌ​ដទៃ​ទៀត​នៅឡើយ​ទេ តែ​ប្រជា​ពលរដ្ឋ​ចេះ​តែ​នាំ​គ្នា​កាប់​ឆ្ការ​ដាំ​ដំណាំ​រមៀត​ស្រឡះ​ស្ទើរ​គ្រប់កន្លែង​អស់​ទៅ​ហើយ​។ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​តែង​ជួប​គ្រោះថ្នាក់​ដោយ​គ្រាប់​មីន​នេះ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ