ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គប់​គ្រា​.​ប់​.​បែ​.​ក​ចូល​ផ្ទះ​ទាំង​កណ្ដាលអធ្រាត្រ ​​​​សង្ស័យ​​ផ្ដើម​ពី​​គំនុំ​​ស្នេហ៍​ត្រីកោណ​

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​បាន​គប់​គ្រាប់បែក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​អោយ​ផ្ទុះ​រង​របួស​ក្មេង​ប្រុស​ម្នាក់ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៤ កុម្ភៈ នៅ​ចំណុច​ទូល​ក្រសាំង ស្ថិត​ក្នុងភូមិ​សំបួរមាស ឃុំ​ស្នឹង​ស្រុក​បាណ​ន់ ដែល​គេ​សង្ស័យ​អាច​ផ្ដើម​ចេញពី…

ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​បាន​គប់​គ្រាប់បែក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​អោយ​ផ្ទុះ​រង​របួស​ក្មេង​ប្រុស​ម្នាក់ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៤ កុម្ភៈ នៅ​ចំណុច​ទូល​ក្រសាំង ស្ថិត​ក្នុងភូមិ​សំបួរមាស ឃុំ​ស្នឹង​ស្រុក​បាណ​ន់ ដែល​គេ​សង្ស័យ​អាច​ផ្ដើម​ចេញពី «​គំនុំ​ស្នេហា​ត្រីកោណ​» រវាង​កូនស្រី​ម្ចាស់ផ្ទះ​ជាមួយ​ម្ចាស់​គ្រាប់បែក​នោះ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ស៊ុ​ក កុយ អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស៊ឹ​ម នៅ អាយុ​៣៧​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​។ គ្រាប់បែក​នោះ ត្រូវ​ជន​មិន​ស្គាល់​មុខ​បោះ​តាម​ប​ង្អូ​ច ចូល​ក្នុង​បន្ទប់ដេក​របស់​កូនស្រី​គាត់ ហើយ​បាន​ផ្ទុះ​បណ្ដាល​អោយ​ត្រូវ​ជើង​កូនប្រុស​ពៅ​របស់​គាត់​ឈ្មោះ ស៊ុ​ក ខា​វី អាយុ​១២​ឆ្នាំ (​របួសស្រាល ) ដែល​ដេក​ក្រៅ​បន្ទប់​ជាមួយ​គាត់ ខណៈ​កូនស្រី​គាត់​
ពីរ​នាក់​មិន​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ទេ នៅ​យប់​កើតហេតុ​នោះ ទើប​រួច​ផុត​ពី​គ្រោះថ្នាក់ ។

នៅ​ពេល​​សមត្ថកិច្ច​កំពុង​ចុះ​ត្រូ​ត​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសួរ​កូនស្រី អ្នកស្រី ស៊ឹ​ម នៅ បាន​ប្រាប់​កោះសន្តិភាព​ថា ជន​មិន​ស្គាល់​មុខ​បាន​គប់​គ្រាប់បែក​ចូល​បន្ទប់ដេក​របស់​កូនស្រី​គាត់ តែ​សំណាងល្អ​នៅ​យប់​នោះ កូនស្រី​ទាំង​ពីរ​នាក់​របស់​គាត់ បាន​ចេញ​ទៅ​ដេក​នៅផ្ទះ​បងប្អូន​ផុត តែ​គ្រាប់បែក​នោះ​បាន​ផ្ទុះ​ធ្វើ​ឱ្យ​របួស​ជើង​កូនប្រុស​ពៅ​របស់​គាត់ ដែល​ដេក​ជាមួយ​គាត់​នៅ​ក្រៅ​បន្ទប់​។

អ្នកស្រី​បាន​ចង្អុលបង្ហាញ​ចំណុច​គ្រាប់បែក​ផ្ទុះ និង​បង្ហាញ​បង្អួច​ដែល​ត្រូវ​ជន​អ​នា​មឹក​បោះ​គ្រាប់បែក​ចូល រួម​ទាំង​បាន​បង្ហាញ​ស្លាកស្នាម​លើ​ជញ្ជាំង និង​ដំបូង ដែល​ធ្លុះធ្លាយ​ដោយសារ​អំបែង​គ្រាប់បែក ។ គាត់​បាន​និយាយ​ថា គាត់​និង​ស្វាមី រួម​ជាមួយ​កូនប្រុស​ពៅ ដែល​កំពុង​ដេក​លង់លក់​នៅ​វេលា​រំលង​អធ្រាត្រ​ទៅ​ហើយ ស្រាប់តែ​ស្នូរ​សំឡេង​ផ្ទះ​លាន់​កក្រើក​ពេញ​ក្នុងផ្ទះ​គាត់ ធ្វើ​ឱ្យ​គាត់​វង្វេងវង្វាន់ ព្រោះ​មិនដឹង​រឿង​អ្វី​ដែល​កើតឡើង​។

លុះពេលបើកភ្លើងមើល ស្រាប់តែឃើញមានបំណែកគ្រាប់ ហើយក្លិនរំសេវនិងផ្សែង​​ពេញផ្ទះ ទើបដឹងថា មានគេគប់គ្រាប់បែកចូលក្នុងបន្ទប់ដេកកូនស្រីគាត់។ អ្នកស្រី ស៊ឹម នៅ បានបញ្ជាក់ដែរថា ជនមិនស្គាល់មុខបានបោះគ្រាប់បែកចូលបន្ទប់កូនស្រី តាមបង្អូចដែលបិទមិនជិត តែសំណាងល្អដែលយប់នោះ កូនស្រីទាំងពីររបស់អ្នកស្រីមិនបានស្នាក់នៅ បើមិនដូច្នេះទេ កូនស្រីគាត់អាចគ្រោះថ្នាក់ទាំងពីរនាក់ហើយ។

អ្នកស្រី ស៊ឹម នៅ ហាក់មិនបាននិយាយពីមូលហេតុដែលនាំឱ្យមានជនមិនស្គាល់មុខចងគំនុំជាមួយគ្រួសារគាត់ រហូតហ៊ានបោះគ្រាប់បែកចូលផ្ទះប៉ុនប៉ងផ្ដាច់​ជីវិតកូនស្រីគាត់ដូច្នេះទេ ។ ប៉ុន្តែបើតាមប្រភពខាងក្រៅ ដែលបានដឹងខ្លះៗអំពីរឿងនេះ បានបង្ហើបខ្លះៗថា គ្រាប់បែកដៃដែលត្រូវជនអនាមិកបោះចូលបន្ទប់ដេកកូនស្រីម្ចាស់ផ្ទះនេះ ទំនងអាចផ្ដើមចេញពីរឿង«គំនុំស្នេហាត្រីកោណ» រវាងម្ចាស់គ្រាប់បែកជាមួយកូនស្រីម្ចាស់ផ្ទះ។

ប្រភពដដែលបានឱ្យដឹងទៀតថា បើតាមប្រវត្តិ កូនស្រីច្បងរបស់ម្ចាស់ផ្ទះ ធ្លាប់មានស្នេហាជាមួយយុវជនម្នាក់ តែក្រោយមកបានបែកគ្នាវិញ ។ ក្រោយបែកគ្នា បែបទំនងនាងមានទំនាក់ទំនងស្នេហាជាមួយអ្នកថ្មីទៀត ទើបអតីត​សង្សារព្យាយាមចងគំនុំប៉ងធ្វើឃាតបែបនេះ ។

ប្រភពដដែលបានរំលឹកដែរថា កាលពីលើកមុនក៏ធ្លាប់មានរឿង គេព្រមានចង់សម្លាប់នាងម្ដងដែរ តែបានស្ងប់ស្ងាត់ទៅវិញ រហូតមកពេលនេះស្រាប់តែមានគេគប់គ្រាប់បែកចូលបន្ទប់ដេករបស់នាងតែម្ដង។ ដូច្នេះហើយ ទើបគេសង្ស័យទៅលើរឿងដដែលនេះ គឺរឿងគំនុំ«ស្នេហាត្រីកោណ»។ អធិការស្រុកបាណន់ លោក សំ វីរៈ បានផ្ដល់ព័ត៌មានបឋមដែរថា បើតាមការសាកសួរជំហានដំបូង​ទៅលើម្ចាស់ផ្ទះ និង​កូនស្រី លោកក៏ទទួលបានព័ត៌មាន ដូចការលើកឡើងខាងលើនេះដែរ។

លោកអធិការ បានប្រាប់ថា កូនស្រីច្បងម្ចាស់ផ្ទះធ្លាប់មានប្រវត្តិស្នេហាបែបនេះ ពេលនាងបំភ្លឺជូនសមត្ថកិច្ច។ ហើយនាងក៏ធ្លាប់ត្រូវអតីតសង្សារចាស់ព្រមានសម្លាប់ម្ដងដែរ ។ ប៉ុន្តែរឿងជនមិនស្គាល់មុខ គប់គ្រាប់បែកចូលបន្ទប់ដេករបស់នាងពេលនេះ យើងមិនដឹងថា មានជាប់ពាក់ព័ន្ធនឹងរឿងចាស់ដែរ ឬ យ៉ាងណាទេ ព្រោះពេលនេះមន្ត្រីជំនាញកំពុងសួរនាំម្ចាស់ផ្ទះ និង កូនស្រី ហើយកំពុងធ្វើការស្រាវជ្រាវបន្ត។

ដោយឡែក ពាក់ព័ន្ធនឹងគ្រាប់បែកដែល ជនអនាមិក​គប់ចូលផ្ទះជនរងគ្រោះវិញ ពុំមានប្រភពច្បាស់លាស់អំពីប្រភេទគ្រាប់បែកទេ។ ប៉ុន្តែអ្នកដែលស្គាល់អំបែងគ្រាប់បែកនោះ បាននិយាយថា គ្រាប់បែកនោះទំនងជាប្រភេទគ្រាប់បែក«អន្លូង» ដែលមានរាងវែងដូចកំណាត់ឈើ។ បំណែកគ្រាប់បែកបានទម្លុះទម្លាយដំបូល និងជញ្ជាំងបណ្ដាលអោយ​ខូចខាតបន្តិចបន្តួច​ដែរ៕​

អត្ថបទសរសេរ ដោយ