នៅពេលនេះ ចំណែកទីផ្សាររថយន្តជជុះនៅក្នុងស្រុក នៅតែមានទំហំធំជាងរថយន្តថ្មីខ្លាញ់គោ ខណៈដែលនៅកម្ពុជានៅពេលបច្ចុប្បន្នមានក្រុមហ៊ុនដែលកំពុងដំឡើង និងកំពុងតែសាងសង់រោងចក្រដំឡើងរថយន្តមានប្រហាក់ប្រហែលជា១០ក្រុមហ៊ុនទៅហើយនោះ ។តើមូលហេតុអ្វីបានជារថយន្តជជុះនៅតែមានទីផ្យារធំ? ចម្លើយ គឺងាយស្រួលទេ គឺដោយសារតែតម្លៃរថយន្តថ្មីវាមិនធ្លាក់សោះ ទោះបីជារថយន្តដែលដំឡើងនៅក្នុងស្រុកដែលគួរតែមានតម្លៃពិសេសជាងនាំចូលក៏ដោយ…
នៅពេលនេះ ចំណែកទីផ្សាររថយន្តជជុះនៅក្នុងស្រុក នៅតែមានទំហំធំជាងរថយន្តថ្មីខ្លាញ់គោ ខណៈដែលនៅកម្ពុជានៅពេលបច្ចុប្បន្នមានក្រុមហ៊ុនដែលកំពុងដំឡើង និងកំពុងតែសាងសង់រោងចក្រដំឡើងរថយន្តមានប្រហាក់ប្រហែលជា១០ក្រុមហ៊ុនទៅហើយនោះ ។
តើមូលហេតុអ្វីបានជារថយន្តជជុះនៅតែមានទីផ្យារធំ? ចម្លើយ គឺងាយស្រួលទេ គឺដោយសារតែតម្លៃរថយន្តថ្មីវាមិនធ្លាក់សោះ ទោះបីជារថយន្តដែលដំឡើងនៅក្នុងស្រុកដែលគួរតែមានតម្លៃពិសេសជាងនាំចូលក៏ដោយ ។

នៅពេលនេះ នៅកម្ពុជាក្រុមហ៊ុនដែលបានកំពុងតែដំឡើងរថយន្ត និងកំពុងតែរៀបចំដំឡើង ហើយក៏ដូចជា កំពុងសាងសង់ គឺច្រើនក្រុមហ៊ុន ដែលរួមមានដូចជា ក្រុមហ៊ុន ហ៊ីយ៉ានដាយ ខាំកូ មូទ័រ ( Hyundai Camko Motor), ក្រុមហ៊ុនដាហាន់ អូតូ ( Daehan Auto), ក្រុមហ៊ុន អ័អឹមអេ ឃេមបូឌៀ ( RMA Cambodia (Ford), ក្រុមហ៊ុនអេកជីប៊ី មូទ័រ ( HGB Motors), ក្រុមហ៊ុនអ៊ីអឹម អូតូមូទីវ ( EM Automotive), ក្រុមហ៊ុនជីទីវី ម័ទ័រ ( GTV Motor), ក្រុមហ៊ុនតូយ៉ូតា ស៊ូសូ ( Toyata Tsusho Manufacturing), និងក្រុមហ៊ុន ឆាយណា ម៉ាទ្រិច តិចណូឡូជី ហ្គ្រូប ហ័រ ( China Matrix Technology Group-Horche) ជាដើម ។

ក្រុមហ៊ុនទាំងនេះបានកំពុងតែដំឡើង និងលក់រថយន្តជាច្រើនមូដែល នៅកម្ពុជារួចមកហើយ ដូចជា ហ៊ីយ៉ាន់ដាយ, សាំងយ៉ុង, ហ្វត, និងរថយន្តដែលចេញមួយប្រាវ គឺរថយន្តសុបិន្តជាដើម ប៉ុន្តែតម្លៃរថយន្តទាំងនោះ គឺហាក់ដូចជានៅតែខ្ពស់ធៀបនឹងរថយន្តដែលនាំចូល ជាពិសេសគឺធៀបនឹងរថយន្តជជុះដែលមានឈ្មោះ មានភាពល្បីល្បាញ និងកំពុងតែមានទីផ្សារនៅក្នុងស្រុកស្រាប់នោះ។
នៅលើទីផ្សាររថយន្តនៅពេលនេះ សម្រាប់រថយន្តជជុះដែលមានមុខងារ មានប្រព័ន្ធ សុវត្ថិភាព មានប្រព័ន្ធផាសុខភាព ក៏ដូចជា ស្តង់ដានៃកាតុបតែងស្អាត តែគេមិនដឹងថា វាប៉ះ ឬក៏បុកច្បាស់លាស់ គឺគេអាចរកបាននៅក្នុងតម្លៃត្រឹម២ម៉ឺន ទៅ២ម៉ឺន៥ពាន់ឡើង ទោះបីជាវាជាមូដែលចាស់ មិនទាន់ឆ្នាំផលិត ពោល គឺជាមូដែល២០០៩ ឬ២០១០ ។ ខណៈដែលរថយន្តដំឡើងនៅក្នុងស្រុក និងរថយន្តដែលថ្មីខ្លាញ់គោក៏មិនអាចរកបាននៅក្នុងតម្លៃនេះឡើយ ។ ដូច្នេះហើយបានជារថយន្តជជុះនៅតែមាន ចំណែកទីផ្សារនៅក្នុងស្ថានភាពមួយដ៏ប្រសើរ។

ម្យ៉ាងវិញទៀតផ្នត់គំនិត និងការអោយតម្លៃនៅលើកេរ្តិ៍ឈ្មោះក៏ដូចជា ម៉ាកយីហោរបស់រថយន្តពីសំណាក់ពលរដ្ឋក៏ជាបច្ច័យមួយដែលនៅតែរឹងមាំនៅក្នុងការធានា ចំណែកទីផ្សាររថយន្តជជុះដែរ ។ ប៉ុន្តែផ្នត់គំនិតនេះអាចប្រែប្រួល ប្រសិនបើបណ្តាក្រុមហ៊ុនដែលកំពុងតែដំឡើង និងរៀបចំដំឡើងក៏ដូចជាគ្រោងនឹងតម្លើងអាចគិតគួរឿងតម្លៃអោយសមរម្យជាង នៅពេលបច្ចុប្បន្ននេះបន្តិចយើងគិតថា ផ្នត់គំនិតរបស់ពលរដ្ឋនឹងមានការផ្លាស់ប្តូរមិនខាន ។
ជាទូទៅនរណាក៏ស្រលាញ់របស់ថ្មីដែលបកពីកេះដែរ ប៉ុន្តែក្តីស្រលាញ់នេះក៏ត្រូវតែផ្សារភ្ជាប់នឹងធនធាន និងការថ្លឹងថ្លែងមួយចំនួនជួយយិតជួយយោងគ្នា ហើយនៅក្នុងនាមជាខ្មែរគ្មាន នរណាចង់ឲ្យប្រទេសនៅជាប់ឈ្មោះថា ជាទីផ្សាររបស់ជជុះរហូតឡើយ ។
យោងតាមតួរលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា កាលពីឆ្នាំ២០២៣ កន្លងទៅការនាំចូលយានយន្តពោល គឺទាំងរថយន្ត ម៉ូតូ និងយានយន្តគ្រប់ប្រភព គឺមានការធ្លាក់ចុះដល់ទៅ៣៩,៤៩ភាគរយឯណោះ ។ កាលពីឆ្នាំ២០២២ ការនាំចូលយានយន្ត គឺមានតម្លៃនាំចូលសរុប១.៤៩២លានដុល្លារ តែនៅក្នុងឆ្នាំ២០២៣កន្លងទៅ គឺត្រឹមតែជិត៩០៣លានដុល្លារប៉ុណ្ណោះ ។
ការថយចុះនេះ មិនមែនដោយសារតែហេតុផលដែលកម្ពុជាមានរោងចក្រដំឡើងរថយន្តនិងម៉ូតូ នៅក្នុងប្រទេសនោះទេ ។ ស្ថានភាពវិជ្ជមានដែលកម្ពុជាមានរោងចក្រដំឡើងយានយន្តទាំងនេះជាបច្ច័យមួយចំណែកតូចទេ តែគេជឿជាក់ច្រើនទៅលើការធ្លាក់ចុះនៃប្រាក់ចំណូលពលរដ្ឋ ។ នៅក្នុង ឆ្នាំនេះបណ្តាក្រុមហ៊ុននាំចូល និងលក់រថយន្តមានកម្មវិធីបញ្ចុះតម្លៃច្រើនដល់អតិថិជន ។

សរុបមកវិញ ប្រសិនបើបណ្តាក្រុមហ៊ុនដំឡើងរថយន្តនៅក្នុងស្រុកបន្ធូតម្លៃបន្តិចនោះ ការនាំ ចូលរថយន្តជជុះនឹងកាន់តែកាត់បន្ថយ ។ កាលណារថយន្តទាំងនេះ កាត់បន្ថយនោះវា ក៏ចំណេញដល់ពលរដ្ឋនៅក្នុងការកាត់បន្ថយថ្លៃចំណាយនៅលើការជួសជុលនឹងថែទាំរថយន្ត ហើយវាក៏ជាចំណុចល្អសម្រាប់បរិស្ថានពីព្រោះបច្ចេកវិទ្យាទំនើបទាំងនេះ គឺវាជួយ ច្រើនដល់ការកាត់បន្ថយជាតិពុល ។ ម្យ៉ាងវិញទៀតវាក៏អាចជាបច្ច័យមួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មួយចំណែកណាមួយផងដែរ ពីព្រោះរថយន្តថ្មីភាគរយនៃប្រព័ន្ធវាមានបញ្ហាគឺតិច ស្របពេលដែលភាគរយនៃរថយន្តជជុះ គឺមានខ្ពស់ជាង ៕ អត្ថបទៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ