ការទន្ទ្រានដីបឹងទន្លេសាបមិនមែនជាករណីថ្មីនោះទេ ។ គេនៅចាំថា កាលពីក្នុងអាណត្តិទី៦ យុទ្ធនាការបង្ក្រាបបទល្មើសយកដីរដ្ឋនេះបានធ្វើឱ្យយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងចុះអនុវត្តផ្ទាល់ដោយលោក…
ការទន្ទ្រានដីបឹងទន្លេសាបមិនមែនជាករណីថ្មីនោះទេ ។ គេនៅចាំថា កាលពីក្នុងអាណត្តិទី៦ យុទ្ធនាការបង្ក្រាបបទល្មើសយកដីរដ្ឋនេះបានធ្វើឱ្យយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងចុះអនុវត្តផ្ទាល់ដោយលោក ជា សុផារ៉ា ដែលកាលនោះជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី ។
ការទន្ទ្រានដីបឹងទន្លេសាបទំនងនៅតែមានបានជាថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី បានចេញបទបញ្ជាខ្លាំងៗ នៅក្នុងការបង្ក្រាបបទល្មើសដដែលនេះ ។ សម្តេចនាយករដ្ឋមន្ត្រី បានព្រមានដកតំណែងអភិបាលខេត្ត បើមានការទន្ទ្រានដីនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តនីមួយៗ ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកាន់តំណែងបានជាង៥ខែបានណែនាំឱ្យអភិបាលខេត្តទាំង៦ ដែលជាប់បឹងទន្លេសាប ត្រូវទប់ស្កាត់ឱ្យបាននូវការទន្ទ្រានដីបឹងទន្លេសាប ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ ។
ប្រមុខរដ្ឋាភិបាល បានបញ្ជាឱ្យអភិបាលទាំងនេះអនុវត្តឱ្យបានតាមការណែនាំ ហើយបុគ្គលទាំងឡាយដែលចាប់អារម្មណ៍ទីតាំងដីនៅតំបន់បឹងទន្លេសាបក៏ត្រូវដកខ្លួនចេញផងដែរ ។ ខេត្តជាប់បឹងទន្លេសាបមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ។
កាលពីឆ្នាំ ២០២១ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ជាឱ្យដកហូតដីព្រៃលិចទឹកបឹងទន្លេសាបជាង២ពាន់ហិកតា ក្នុងខេត្តកំពង់ឆ្នាំង និងឱ្យស៊ើបអង្កេតករណីនេះ ក្រោយលោកទទួលព័ត៌មានថា អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូបជាប់ពាក់ព័ន្ធនឹងការទន្ទ្រានដីនេះ ។
បឹងទន្លេសាបជាសម្បត្តិធម្មជាតិមហាសាលរបស់កម្ពុជា ។ ក្រៅពីជាប្រភពទឹកនិងត្រី ក៏ជា ប្រភពជីវជម្រុះសម្បូរបែប ។ បឹងទន្លេសាបមានទេសភាពស្រស់បំព្រង ដែលអាចជាគោល ដៅ ទេសចរណ៍ សម្រាប់អ្នកស្រឡាញ់ធម្មជាតិចង់គយគន់ថ្ងៃលិច សត្វស្លាប និងទស្សនា ការរស់នៅរបស់ពលរដ្ឋលើភូមិបណ្តែតទឹកផងដែរ ។ មានការសន្និដ្ឋានថា បាតបឹងទន្លេសាបមានកប់ដោយធនធានរ៉ែមហាសាលទៀតផង ។
បឹងទន្លេសាបបានរួមតូច ដោយសារការទន្ទ្រានដីបឹង យកជាកម្មសិទ្ធិឯកជន បទល្មើស កាប់បំផ្លាញព្រៃដែលជាជម្រកត្រី ។ ក្នុងឆ្នាំ២០២១នោះអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង២ ០០០ហិកតាទុកជាសម្បត្តិរដ្ឋវិញ រួមទាំងមន្ត្រី ដែលពាក់ព័ន្ធផ្សេងទៀត ។
ជំងឺចាស់ ដែលសម្តេចនាយករដ្ឋមន្ត្រីចេញមុខការពារនាពេលនេះ អាចជាការបញ្ចប់ទាំងស្រុង នូវបទល្មើសទន្ទ្រានផ្ទៃដីបឹងដែលសម្បត្តិជាតិ ហើយបឹងទន្លេសាប នឹងស្ថិតស្ថិរគង់វង្ស ឈរជារតនសម្បត្តិរបស់ខ្មែរទទួលស្គាល់ជាអន្តរជាតិថាជាជម្រកត្រីទឹកសាប ដ៏ធំមួយជារហូតទៅ ៕ ដោយ ៖ សារាន់
ចែករំលែកព័តមាននេះ