ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​បំណាច់​ខែមករា ឆ្នាំ​២០២៤ ក្រសួង​ធម្មការ និង​សាសនា បាន​ប្រកាស​ពី​ការ​ជួប​ធ្វើ​កំណត់ហេតុ និង​ចុះ​កិច្ចសន្យា រវាង​មន្ត្រី​ជំនាញ​ជាមួយ​គ្រូ​បារមី គ្រូអូមអាម…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​បំណាច់​ខែមករា ឆ្នាំ​២០២៤ ក្រសួង​ធម្មការ និង​សាសនា បាន​ប្រកាស​ពី​ការ​ជួប​ធ្វើ​កំណត់ហេតុ និង​ចុះ​កិច្ចសន្យា រវាង​មន្ត្រី​ជំនាញ​ជាមួយ​គ្រូ​បារមី គ្រូអូមអាម យ៉ាង​ហោច​ណាស់​១០​នាក់ នៅ​តាម​បណ្តា​ខេត្ត​នានា និង​នៅ​ភ្នំពេញ ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២៣​។

គ្រូ​បារមី​ទាំងនោះ បាន​ចុះ​កិច្ចសន្យា​ផ្តិត​មេដៃ ដោយ​បាន​សន្យា​លុប​រូបភាព និង​វី​ដេ​អូ ដែល​មាន​ពី​មុន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប ឬ​ក៏​តិកតុក ហើយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ។ គ្រូ​បារមី គ្រូអូមអាម ក៏​បាន​សន្យា​ថា មិន​បន្ត​ថតរូប ឬ​ឡាយ​វី​ដេ​អូ ( Live Video ) ពី​សកម្មភាព​ធ្វើ​ពិធី​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ទំនៀមទំលាប់​វប្បធម៌​ខ្មែរ​ទេ ។ ក្នុង​នោះ គ្រូ​បារមី​-​គ្រូអូមអាម បាន​ប្រកាស​សន្យា​ថា សុខចិត្ត​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ក្នុង​ករណី​ដែល​រូបគេ​នៅ​តែ​ប្រព្រឹត្ត​កំហុស​បន្ត​ទៀត ។

ក្រសួង​ធម្មការ និង​សាសនា ក៏​បាន​ប្រកាស​អំពាវនាវ​ដល់​មហាជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ សូម​ឈប់​បង្ហោះ​វី​ដេ​អូ​ចាស់​ៗ​កន្លង​ទៅ ឬ​វី​ដេ​អូ​ថ្មី​ៗ ពាក់ព័ន្ធ​នឹង​គ្រូ​បារមី គ្រូអូមអាម​ផ្សេង​ៗ ។ ប្រសិនបើ​មិន​បញ្ឈប់​ទេ សាមីខ្លួន​នឹង​ត្រូវ​ទទួល​នូវ​វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន ។

សូម​រម្លឹក​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ក្រសួង​ធម្មការ និង​សាសនា តាម​រយៈ​មន្ទីរ​រាជធានី​ខេត្ត រួម​ទាំង​ប៉ូលិស​ផង បាន​ហៅ​គ្រូ​បារមី គ្រូអូមអាម មក​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជា​បន្តបន្ទាប់ ។ ក្នុង​នោះ​រួម​មាន​៖ ១-​លោក ម៉​ម សា​វិ​ន នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣ ។ ២-​លោក ស៊ូ សេង​ហ៊ួ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣​។ ៣-​កញ្ញា សុខ នី នៅ​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣​។ ៤-​លោក ប៉ាន់ វណ្ណៈ នៅ​ខេត្តកំពត នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤​។ ៥-​លោក គឹ​ន បុត្តា នៅ​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៤​។ ៦-​លោក ស៊ីវ សុផល នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤​។ ៧-​លោក ញ៉ិ​ប សុ​ភិន នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៣ ។ ៨-​លោក វ៉ា​ត វុ​ធ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤​។ ៩-​អ្នកស្រី អេ​ន ចរិយា ហៅ អ្នកគ្រូ​លី ជា​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ «EN Chariya» និង «​កំពូល​ម៉ូត​» ដែល​តាំងខ្លួន​ជា​ព្រះ​នាង​ឥន្ទ្រ​ទេវី​ស្នង​រូប ត្រូវ​បាន​ប៉ូលិស នៅ​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កោះហៅ​ឱ្យ​ចូល​បំភ្លឺ ហើយ​ធ្វើ​កិច្ចសន្យា កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣ ។ ១០-​លោក ស សង្ហា ដែល​ជា​គ្រូ​បារមី កើត​នៅ​ឆ្នាំ​១៩៨៩ មាន ទីលំនៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

មក​ដល់​ពេល​នេះ នៅ​តែ​មាន​បងប្អូន​ខ្មែរ​យើង​មួយ​ចំនួន មាន​ជំនឿ​បែប​ភ្ញាក់ផ្អើល ជំនឿ​តាម​គ្នា និង​រឿង​ដែល​មិន​គួរ​ជឿ ។ ហេតុនេះ​ហើយ​ទើប​គ្រូ​បារមី គ្រូអូមអាម​ទាំងនោះ​ងាយ​នឹង​បោកប្រាស​បាន​ដោយ​ស្រួល ។ គ្រូទាយ គ្រូ​បារមី គ្រូមន្តអាគម​អូ​ម​អាម មិនមែន​ពូកែ​ទេ តែ​មក​ពី​អ្នក​ជឿ​ទាំងនោះ​មិន​បាន​ពិចារណា ហើយ​ងាយ​នឹង​ឱ្យ​គេ​បោក ។

ប៉ុន្តែ​ទោះបីជា​គេ​ខំ​បង្ហាញ​ការ​ពិត​ខ្លះ​ថា គ្រូ​បារមី គ្រូមន្តអាគម គ្រូទាយ​… សុទ្ធ តែ​បោកប្រាស់​ដោយ​មាន​ទាំង​ភស្តុ​តាង​មក​បង្ហាញ​យ៉ាងណា​ក៏​ដោយ ក៏​ខ្មែរ​យើង​មួយ​ចំនួន​នៅ​តែ​បន្ត​ជឿ​ទាំង​ងងឹត​ងងុល ហើយ​មិន​ព្រម​ស្តាប់​គេ​ស្តាប់​ឯង និង​មិន​ខ្ចី​គិតពិចារណា​អ្វី​ទាល់តែ​សោះ ។

គ្រូទាយ គ្រូ​បារមី គ្រូមន្តអាគម រួម​ទាំង​គ្រូ​ហុងស៊ុយ ជាដើម​នោះ បើ​ខ្លាំងពូកែ ហើយ​ស័ក្តិសិទ្ធិ​មែន ហេតុ​អ្វី​ក៏​មិន​ជួយ​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ពិសេស​រូប​គ្រូ​នោះ​ផ្ទាល់​ឱ្យ​មានបាន​ឱ្យ​ចេះ​ដឹង​ឱ្យ​ឡើង​ធ្វើ​ធំ ហើយ​ពិសេស​ឱ្យ​ជា​ពី​ជំងឺ​ទាំងអស់​ទៅ?

ប៉ុន្តែ​តាម​ពិត រឿង​អស់ទាំង​នេះ សុទ្ធតែ​ជា​ការ​បោកប្រាស់​តាម​សីល​វិធី​របស់​គ្រូ​ម្នាក់​ៗ ដែល​មាន​ជំងឺ​បោកប្រាស់ ហើយ​រឹតតែ​សង្វេគ​ទៅ​ទៀត គឺ​អ្នក​ជឿ​តាម​គ្រូ​អស់ទាំង​នោះ ព្រមឱ្យ​គេ​បោក​យក​លុយ​យក​កាក់​ទៅ​ថ្វាយ​ដល់​ផ្ទះ​របស់​គ្រូ ដោយ​មិន​ខ្ចី​គិត​អ្វី ។ ធូប​ដុត​ទាំង​ព្រឹក ដុត​ទាំង​ល្ងាច ឡើង​ផ្សែង​ចូល​សួត បំផ្លាញ​សុខភាព មិន​ត្រឹមតែ​ខ្លួនឯង​ទេ គឺ​ប៉ះពាល់​សុខភាព​អ្នក​រស់នៅ​ជាមួយ​ទាំង​កូន​ទាំង​ចៅ ហើយ​បាន​បង្កើត​ជំនឿ ដែល​លែងយក​ខ្លួនឯង​ជាទី​ពឹង​តទៅ​ទៀត ។

អ្នក​ជឿ​ស៊ុប​ម្នាក់​ៗ​នាំ​គ្នា​ពឹងផ្អែក​តែ​លើ​ជំនឿ​បែរបន់ ហើយ​មិន​ប្រឹងរៀន​សូត្រ​ឱ្យ​បាន​ចេះ​ជ្រៅជ្រះ ឬ​មាន​ជំនាញ​ពិតប្រាកដ ដើម្បី​ចិញ្ចឹមជីវិត​ទេ ។ រស់​មួយ​ថ្ងៃ​ៗ ពឹង​តែ​លើ​អុជ​ធូប បន់ស្រន់​ព្រះ​អង្គ​ផង អា​រុក​អា​រ័ក្ស​ផង និង​បន់​ទេវតា​ផង ហើយ​សុំ​សេចក្តី សុខ​ពី​ព្រះពុទ្ធ​បដិមា​ផង ។

សូម​ភ្ញាក់ខ្លួន​ឡើង​! ឈប់​ពឹង​លើ​គ្រូ​បារមី គ្រូ​សីល គ្រូមន្តអាគម អូ​ម​អាម​តទៅ​ទៀត ហើយ​ពឹង​លើ​ខ្លួនឯង ប្រឹងប្រែង​ដោយ​ប្រើ​សមត្ថភាព ចំណេះ និង​ជំនាញ ហើយ​ស្វែងរក​សេចក្តីសុខ​ពី​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ