វាជាមោទនភាពមួយនៅពេលដែលបានទទួលដំណឹងថា ប្រទេសកម្ពុជាបានទទួលមេដាយមាសឌីជីថលអាស៊ានដែលត្រូវប្រកាសលទ្ធផលនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ការផ្តល់មេដាយមាសឌីជីថលអាស៊ានមកដល់ប្រទេសកម្ពុជា គឺជាភស្តុតាងនៃការទទួលស្គាល់ជាលក្ខណៈតំបន់ និងអន្តរជាតិចំពោះភាពរីកចម្រើនក៏ដូចជា ភាពប៉ិនប្រសប់របស់ប្រទេសកម្ពុជានៅក្នុងផ្នែកឌីជីថលដែលពិភពលោកកំពុងតែផ្តោតការយកចិត្តទុកដាក់ និងប្រើប្រាស់វាជាប្រយោជន៍ ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បាននិយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» ដែលអភិវឌ្ឍដោយ ក.ប.ទ. បានឈ្នះ មេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពីរដ្ឋមន្ត្រីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ានដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌាសហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ ។
ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះប្រទេសសមាជិក អាស៊ានទាំង១០បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន១២៥ មកដាក់ពាក្យប្រកួតប្រជែង ។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក «ថ្នាលផ្ទៀងផ្ទាត់ ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» ជាបេក្ខភាពតំណាងរបស់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ ។

បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ «ថ្នាលផ្ទៀងផ្ទាត់ ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» បានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល (គ.រ.ឌ.) បានថ្លែងដោយមោទនភាពថា នេះជាលើកទី១ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផល ប្រកបដោយ ផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និងគ.រ.ឌ. ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែលសមិទ្ធផលនេះមានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះក៏ត្រូវបានទទួលស្គាល់ថា ជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ជោគជ័យនេះបង្ហាញឱ្យកាន់តែច្បាស់ថា «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» មិនត្រឹមតែពង្រីកវិសាលភាពការប្រើប្រាស់នៅក្នុងកម្ពុជាទេថែមទាំងអាចប្រើប្រាស់ជាថ្នាលផ្ទៀងផ្ទាត់ ឯកសាររួមរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម និងឯកសារផ្លូវការរបស់បណ្តាប្រទេសក្នុងតំបន់បានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ ។

តាមរយៈកិច្ចខិតខំរួមគ្នានេះ ប្រទេសសមាជិកអាស៊ាននឹងសម្រេចបានគោលដៅរួមក្នុងការទាញយកសក្ដានុពលជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ហើយ ក.ប.ទ. ប្ដេជ្ញាចូលរួមយ៉ាងមុតមាំក្នុងដំណើរការនេះ ។ការទទួលបានមេដាយមាសឌីជីថលអាស៊ាន គឺជាភស្តុតាងដ៏រឹងមាំដែលថា កម្ពុជាកំពុងតែមានភាពរីកចម្រើនលើផ្នែឌីជីថលដែលពិភពលោកទាំងមូលកំពុងយកចិត្តទុកដាក់ ដើម្បីទាញប្រយោជន៍សម្រាប់គ្រប់ទិដ្ឋភាពដូចជា អភិបាលកិច្ច សេដ្ឋកិច្ច សន្តិសុខ ជាដើម ។
ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ត្រូវតែធ្វើទំនើបកម្ម ផ្នែកឌីជីថលនេះអោយបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៍សេដ្ឋកិច្ច និងសង្គម ៕
ចែករំលែកព័តមាននេះ