ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ផឹកស៊ី​ពេល​យប់​មួយ​ចំនួន​កំពុង​ត្អូញត្អែរ​រឿង​ធ្លាក់​ភ្ញៀវ ដោយសារ​តែ​ការ​រឹត​បន្តឹង​ផាកពិន័យ​ចំពោះ​អ្នក​ស្រវឹង​ហើយ​បើកបរ ។ ប៉ុន្តែ​គេ​ត្រូវ​រក​ច្រកចេញ​មួយ​ដែល​អាច​នឹង​រក្សា​ភ្ញៀវ​បាន គឺ​ផ្តល់​សេវាកម្ម​បើកបរ​ជូន​ដល់​ភ្ញៀវ​ដែល​ស្រវឹង ។ នៅ​ក្នុង​កាលៈទេសៈ​នេះ ប្រសិនបើ​ហាង​ណាមួយ​អាច​ក្តាប់​ឱកាស​ផ្តល់​សេវាកម្ម អ្នកបើកបរ​ជូន​ភ្ញៀវ​ពេល​ស្រវឹង​ឬ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង គឺ​អាច​ជា​ឱកាស​អាជីវកម្ម​ដ៏​មាន​ប្រៀប​មួយ​ពីព្រោះ​នៅ​ពេល​នេះ​មនុស្ស​មិន​តិច​ទេ​ដែល​បារម្ភ​អំពី​ការ​ផាកពិន័យ…

ហាង​ផឹកស៊ី​ពេល​យប់​មួយ​ចំនួន​កំពុង​ត្អូញត្អែរ​រឿង​ធ្លាក់​ភ្ញៀវ ដោយសារ​តែ​ការ​រឹត​បន្តឹង​ផាកពិន័យ​ចំពោះ​អ្នក​ស្រវឹង​ហើយ​បើកបរ ។ ប៉ុន្តែ​គេ​ត្រូវ​រក​ច្រកចេញ​មួយ​ដែល​អាច​នឹង​រក្សា​ភ្ញៀវ​បាន គឺ​ផ្តល់​សេវាកម្ម​បើកបរ​ជូន​ដល់​ភ្ញៀវ​ដែល​ស្រវឹង ។

នៅ​ក្នុង​កាលៈទេសៈ​នេះ ប្រសិនបើ​ហាង​ណាមួយ​អាច​ក្តាប់​ឱកាស​ផ្តល់​សេវាកម្ម អ្នកបើកបរ​ជូន​ភ្ញៀវ​ពេល​ស្រវឹង​ឬ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង គឺ​អាច​ជា​ឱកាស​អាជីវកម្ម​ដ៏​មាន​ប្រៀប​មួយ​ពីព្រោះ​នៅ​ពេល​នេះ​មនុស្ស​មិន​តិច​ទេ​ដែល​បារម្ភ​អំពី​ការ​ផាកពិន័យ និង​ការ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់ ពេល​ដែល​ពួក​គេ​ទទួលទាន​គ្រឿង​ស្រវឹង ។

ក្រោយ​ពេល​ដែល​សមត្ថកិច្ច​បាន​ដាក់​គោលដៅ និង​ពង្រឹងកម្លាំង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​នៅ​ទូ​ទាំង​រាជធានី តាំងពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤ មក​ដល់​ពេល​នេះ យើង​គិត​ថា នៅ​ក្នុង​ចំណោម​អ្នក​និយម​ដើរ​ផឹកស៊ី​សប្បាយ​ក្រៅ​ផ្ទះ​នៅ​ពេល​រាត្រី​កំពុង​តែ​រអា​ហើយ ។ ចង់ ឬ​មិន​ចង់​អ្នក​ដែល​ចូល​ចិត្ត​ផឹកស៊ី គឺ​កំពុង​តែ​ញញើត​នឹង​វិធានការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង ។ ដូច្នេះ​សេវាកម្ម​នៅ​តាម​បណ្តា​ភោជនីយដ្ឋាន​ក៏​ដូច​ជា តាម​សេវាកម្ម​កម្សាន្ត មនុស្ស​ពេញវ័យ​នានា​មិនយូរ​មិនឆាប់​ទេ​នឹង​ធ្លាក់​ចុះ ដោយសារ​តែ​អតិថិជន​បារម្ភ រឿង​បញ្ហា​ត្រួតពិនិត្យ​នេះ ។

បើ​តាម​ការ​ផ្សព្វផ្សាយ​ដែល​គេ​ល្បី​ត​ៗ​គ្នា​មក គឺ​ឃើញ​ថា អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​មធ្យម ដែល​រក​ឃើញ​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,២៥ ទៅ​០,៣៩ មី​លី​ក្រាម​ក្នុង មួយ​លី​ត្រ ខ្យល់​នៅ​ក្នុង​មួយ​លី​ត្រ​ឈាម​សម្រាប់​អ្នក​បើក​ម៉ូតូ គឺ​ត្រូវ​ពិន័យ​ដល់​ទៅ​២៥​ម៉ឺន​រៀល រថយន្ត​ធុន​ស្រាល​គឺ​៤០​ម៉ឺន​រៀល ហើយ​រថយន្ត​ធុន​ធ្ងន់ គឺ​ដល់​ទៅ​៨០​ម៉ឺន​រៀល ។ នៅ​ក្នុង​ករណី​ដែល​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,៤០​មី​លី​ក្រា ម​ក្នុង​មួយ​លី​ត្រ​ខ្យល់​នៅ​ក្នុង​មួយ​លី​ត្រ​ឈាម​ឡើង​ទៅ អ្នក​បើក​ម៉ូតូ គឺ​ត្រូវ​ពិន័យ​រហូត​ដល់​ទៅ​១​លាន​រៀល រថយន្ត​ធុន​ស្រាល គឺ​២​លាន និ​រថយន្ត​ធុន​ធ្ងន់ គឺ​ដល់​ទៅ​៤​លាន​រៀល ។ នៅ​ក្នុង​ករណី​មិន​រាងចាល គឺ​នឹង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ ហើយ​អាច​នឹង​ត្រូវ​ជាប់​ទោស​ដាក់​ពន្ធនាគារ​ចាប់ពី​១​ខែ​ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​៨០​ម៉ឺន​ទៅ​៤​លាន​រៀល​ថែម​ទៀត ។ ឃើញ​អត្រា និង​ចំនួន​ទឹកប្រាក់​ដែល​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​នេះ គឺ​វា​ច្រើន​គួរសម​ដែរ​សម្រាប់​អ្នក​ដែល​មាន​ជីវភាព​មធ្យម ។ សម្រាប់​អ្នកមាន​វិញ គឺ​មិនជា​អី​នោះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​មានទោស​ជាប់​ពន្ធនាគារ​ដែល​ប៉ះពាល់​នឹង​កិត្តិយស និង​ការងារ ។

ផ្អែក​តាម​ទឡ្ហីករណ៍​នេះ យើង​គិត​ថា ពលរដ្ឋ​ហាក់​កំពុង​តែ​ញញើត ដែល​នាំ​អោយ​ពួក​គេ​អាច​កំពុង​តែ​រារែក ។ ដូច្នេះ​ប្រសិនបើ​អាជ្ញាធរ​បន្ត​រឹត​បន្តឹង​យូរ​តទៅ​ទៀត យើង​ជឿជាក់​ថា មិនយូរ​មិនឆាប់​ទេ អតិថិជន​នៅ​តាម​សេវាកម្ម​និង​កន្លែង​កម្សាន្ត​ដែល​ជា​ប្រភព​ប្រើប្រាស់​គ្រឿង​ស្រវឹង​នឹង​ធ្លាក់​ចុះ ។ បើ​ទោះបីជា​ពួក​គេ​ហ៊ាន​ទៅ​ក៏​ដាក់​កម្រិត​ខ្លួនឯង​មិន​អោយ​ទទួលទាន​ច្រើន​ដូច​ជា​ពី​មុន​ផង​ដែរ ។

ជុំវិញ​វិធានការ​នេះ យើង​គិត​ថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង​នឹង​ធ្លាក់​ចុះ តែ​អាជីវកម្ម​កម្សាន្ត​មនុស្ស​ពេញវ័យ​នឹង​ធ្លាក់​ចុះ​ដែរ​ជាមួយ​គ្នា​នោះ ។ ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នេះ បណ្តា​ភោ​ជនី​ដ្ឋា​ន ក្លឹ​ប ខារ៉ាអូខេ និង​បៀ​ហ្គា​ដិ​ន ដែល​ជា​កន្លែង​ដែល​មាន​ភ្ញៀវ​ចូល​ចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង​ទាំងនេះ គួរតែ​គិតគូរ​ដល់​សេវាកម្ម​បើកបរ​ជូន​ភ្ញៀវ ឬ​អតិថិជន​ដែល​ស្រវឹង ឬ​គិត​ថា មាន​សារធាតុ​អាកុល​ដល់​កម្រិត​ត្រូវ​ពិន័យ ។

នៅ​ប្រទេស​គេ​សេវាកម្ម​នេះ​គេ​បាន​ប្រើប្រាស់​យូរ​ដែរ​ហើយ ជា​ពិសេស​នៅ​ប្រទេស​នៅ​ក្នុង​តំបន់​ដូច​ជា នៅ​សិង្ហ​បុរី ថៃ កូរ៉េ​ខាងត្បូង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​ពេល ដែល​អតិថិជន​ស្រវឹង​ហើយ​បើកបរ ។ សេវាកម្ម​អ្នកបើកបរ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​អាច​នឹង​រួមចំណែក​កាត់​បន្ថយ​បញ្ហា​បាន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ត្រូវ​តែ​មានការ​រឹត​បន្តឹង​ការ​គ្រប់គ្រង​សេវាកម្ម​នេះ​ផង​ដែរ ប្រសិនបើ​យើង​ចង់​ណែនាំ ឬ​បង្កើត​សេវាកម្ម​នេះ​ពីព្រោះ​ភ្ញៀវ​អាច​បារម្ភ រឿង​សន្តិសុខ​ផ្ទាល់ខ្លួន​គេ​ផង​ដែរ ។ ធម្មតា​មនុស្ស​ស្រវឹង គឺ​អាច​បាត់បង់​ការ​គ្រប់គ្រង​ខ្លួនឯង ដូច្នេះ​ពួក​គេ​ក៏​បារម្ភ​រឿង​ទ្រព្យសម្បត្តិ រឿង​កិត្តិយស​របស់​គេ​ដែរ ហើយ​ចំពោះ​ស្ត្រី​វិញ គឺ​រឹតតែ​បារម្ភ​ថែម​ទៀត ។ ដូចនេះ វា​ទាមទារ​ការ​គិតគូរ និង​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។

សរុប​មក​វិញ​សេវាកម្ម​នេះ គួរតែ​ណែនាំ និង​រៀបចំ​អោយ​មាននៅ​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ក៏​អាច​នឹង​រក្សា​ទីផ្សារ និង​សេវាកម្ម​កម្សាន្ត ដែល​ជា​ប្រភព​ទីផ្សារ​ការងារ​ចម្បង​មួយ​នៅ​កម្ពុជា ។ ម្យ៉ាងវិញទៀត នៅ​ពេល​ដែល​សេវាកម្ម​នេះ​ដាក់​ចេញ​សង្គម​ក៏​អាច​បង្កើត​ប្រភព​ការងារ​រក​ប្រាក់​ចំណូល​បន្ថែម​មួយទៀត​សម្រាប់​សង្គម ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ