ខេត្តបាត់ដំបង ៖ ប្រហិតចម្រុះជិតពីរតោនដែលគេអះអាងថា ខូចគុណភាពដឹកតាមរថយន្តពីរគ្រឿងដែលនាំចូលពីប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងរឹបអូសយក កាលពីយប់ថ្ងៃទី៣១ មករា នៅពេលបើកឆ្លងកាត់គោលដៅដែលសមត្ថកិច្ចកំពុងត្រួតអាវុធជាតិផ្ទុះនៅលើដងផ្លូវជាតិលេខ៥៧B ត្រង់ចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រហិតចម្រុះជិតពីរតោនដឹកតាមរថយន្តពីរគ្រឿងដែលគេអះអាងថា ខូចគុណភាពនោះ ត្រូវកម្លាំងអធិការស្រុកកំរៀង និងកម្លាំងប៉ុស្ដិ៍រដ្ឋបាល ឃុំតាក្រី ស្ទាក់ចាប់បានពេលព្យាយាមបើកឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់ ។ ជាមួយនឹងការបង្ក្រាប និងរឹបអូសប្រហិតខូចគុណភាពជិតពីរតោន រីឯអ្នកបើករថយន្តពីរនាក់ និងព្រូរថយន្តម្នាក់ក៏ត្រូវឃាត់ខ្លួន រួមទាំងរថយន្តពីរគ្រឿងផង ដើម្បីចាត់ការតាមនីតិវិធីដែរ ដោយយោងតាមបទបញ្ជារបស់លោកស្នងការខេត្ត។

ជនទាំងបីនាក់មាន ១-ឈ្មោះ ពេជ្រ ចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ (អ្នកបើកបរ) ២-ឈ្មោះ ពេជ្រ ពិសី ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកបើកបរ) ទាំងពីរនាក់រស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និង៣-ឈ្មោះ ទី សុខ ភេទប្រុស អាយុ៣០ឆ្នាំ (ព្រូរថយន្ត) ។

ដោយឡែក រថយន្តដែលដែលដឹកប្រហិតមួយគ្រឿងម៉ាក Hummer ពាក់ស្លាកលេខភ្នំពេញ 2BX-6472 និងមួយគ្រឿងទៀតម៉ាក TOYOTA Rivo ពាក់ស្លាកលេខភ្នំពេញ 2AZ-6336 ។

ពុំមានព័ត៌មានលម្អិតពីសមត្ថកិច្ចទេ ពាក់ព័ន្ធនឹងការដឹកជញ្ជូនចំណីអាហារខូចគុណភាពរបស់ក្រុមជនទុច្ចរិតខាងលើនេះ ។ ប៉ុន្តែបើតាមប្រភព័ត៌មានបានឲ្យដឹងថា រថយន្តទាំងពីរគ្រឿងនេះ បានដឹកប្រហិតខូចគុណភាពចេញពីព្រំដែនខ្មែរ-ថៃ បម្រុងយកទៅចែកចាយលើទីផ្សារនានានៅក្នុងក្រុងបាត់ដំបង។
ប្រភពដដែលបានបញ្ជាក់ថា ចំណីអាហារខូចគុណភាពនេះ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងនានា ដែលមានការឃុបឃិតពីមន្ត្រីការពារព្រំដែនផង ហើយភាគច្រើនពួកឈ្មួញដឹកតែពេលយប់ប៉ុណ្ណោះ។

នេះមិនមែនជាលើកទី០១ទេ ដែលក្រុមឈ្មួញនេះដឹកជញ្ជូនសាច់ ឬប្រហិតខូចគុណភាពយកទៅចែកចាយលើទីផ្សារនានាក្នុងក្រុងបាត់ដំបង គឺ ក្រុមនេះដឹកជាប្រចាំតែម្ដង ។ នេះសំណាងហើយ ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ។ បើមិនដូច្នេះទេមិនដឹងថា ក្រុមនេះបំផ្លាញសុខភាពពលរដ្ឋខ្មែរដល់ពេលណាទេ ។
យ៉ាងណាក្ដី បើតាមមន្ត្រីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ក្រោយពីសួរនាំ ពេលនេះលោកស្នងការបានបញ្ជាឲ្យមន្ត្រីជំនាញបញ្ជូនទាំងវត្ថុតាង ទាំងមនុស្សទៅកាន់ការិយាល័យជំនាញហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ